រាជធានីភ្នំពេញ ៖ ដោយសារតែឥទ្ធិពលព្យុះនៅក្នុងតំបន់ ធ្វើឱ្យខេត្តចំនួន១១របស់កម្ពុជារងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងជន់លិច និងធ្វើឲ្យប៉ះពាល់៤៦ក្រុង/ស្រុក ស្មើជាង៣ម៉ឺន២ពាន់គ្រួសារ ។ នេះបើយោងតាមអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកសុទ្ធ គឹមកុលមុនី បានឱ្យកោះសន្តិភាពដឹងនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ថា ដោយសារតែរងឥទ្ធិពលព្យុះក្នុងតំបន់ ធ្វើឲ្យកម្ពុជារងឥទ្ធិពលនូវព្យុះនេះ ធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ពិសេសនោះ តំបន់ខ្ពងរាប និងតំបន់វាលទំនាបនៃប្រទេសកម្ពុជា ។
អ្នកនាំពាក្យបានលើកឡើងថា ទឹកភ្លៀងនេះបានបង្កជាជំនន់ទឹកភ្លៀង នៅតំបន់មួយចំនួន ដែលគិតចាប់ពីថ្ងៃទី២៦ ដល់៣០ ខែកញ្ញា ឆ្នាំ២០២៥ (គិតត្រឹមម៉ោង០៥៖០០នាទីល្ងាច) ខេត្តដែលជន់លិចចំនួន១១ខេត្ត រួមមាន៖ ខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ព្រៃវែង កំពង់ធំ សៀមរាប មណ្ឌលគិរី បន្ទាយមានជ័យ ត្បូងឃ្មុំ ឧត្តរមានជ័យនិង ព្រះវិហារ។ មូលដ្ឋានប៉ះពាល់មាន៤៦ ក្រុង/ស្រុក ស្មើ ៣២,២៩៥ គ្រួសារ ។ ផ្ទះប៉ះពាល់មានចំនួន២៤,៧៩៥ ខ្នង ។ ជម្លៀសប្រជាជនមាន១,១៦១ គ្រួសារ និងបានប៉ះពាល់ស្រូវប៉ះពាល់ ១៥,៨៦៤ ហិកតា ។ ស្រូវខូចខាតមានចំនួន៦៣៨ហិកតា ។

អ្នកនាំពាក្យបានឲ្យដឹងថា កម្ពស់ទឹកទន្លេមេគង្គស្ទឹងត្រែងមានកម្ពស់១០.៣៩ម៉ែត្រ(កម្រិតប្រុងប្រយ័ត្ន ១០.៧០ម) ទន្លេមេគង្គក្រចេះកម្ពស់២១.៦១ម៉ែត្រ (កម្រិតប្រុងប្រយ័ត្ន ២២.០០ម៉ែត្រ ។ ទន្លេបាសាក់ចតុមុខកម្ពស់៩.១៥ម៉ែត្រ (កម្រិតប្រុងប្រយ័ត្ន ១០.៥០ម៉ែត្រ) និងទឹកស្ទឹងនានាក្នុងខេត្តពោធិ៍សាត់ នៅពុំទាន់មានបញ្ហាទេ ។
បើតាមអ្នកនាំពាក្យដដែលបានឲ្យដឹងថា ចំពោះផលដែលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះ នៅតំបន់ចំនួន១១ខេត្តនេះ ជារួមមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ។ ឆ្លើយតបនឹងជំនន់ទឹកភ្លៀងនេះ អាជ្ញាធរ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយតាមដាននិងដឹកនាំធ្វើការងារអន្តរាគមន៍ទាន់ពេលវេលា និងធ្វើការជម្លៀសប្រជាពលរដ្ឋទីកាន់ទីទួលមានសុវត្ថិភាព និងអន្តរាគមន៍តំបន់បើកទឹកបញ្ចៀសទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យក៏បានឲ្យដឹងថា ពាក់ព័ន្ធនឹងទឹកជំនន់នេះដែរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះអន្តរាយបានចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋនៅទីទួលសុវត្ថិភាព និងបានស្នើឲ្យអាជ្ញាធរធ្វើការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពឲ្យទាន់ពេលវេលា និងគិតពីអាយុជីវិតប្រជាជនជាចម្បង ។

ចែករំលែកព័តមាននេះ