ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោយពេលប្រមូលផលរួចថ្មីៗ កសិករជាច្រើននាក់ មិនបង្អង់ទុកយូរ ក៏បាននាំគ្នាភ្ជួរ និងរាស់ដី ដើម្បីព្រោះពូជស្រូវសារថ្មីឡើងវិញ ខណៈដែលរដូវវស្សាឆ្នាំនេះមានភ្លៀងច្រើនគួរឱ្យកត់សម្គាល់ និងមានទឹកគ្រប់គ្រាន់ សម្រាប់បូមដាក់ស្រែរបស់ពួកគាត់គ្រប់ៗគ្នា ។
បើតាមប្រភពព័ត៌មានពីបុរសម្នាក់ ឈ្មោះ សុខ ភក្តិ អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបរាប់ឱ្យភ្នាក់ងារយើងដឹងថា ៖ ជារៀងរាល់ឆ្នាំ លោកតែងតែធ្វើស្រែប្រាំង ព្រោះពូជស្រូវប្រភេទស្រងែ ដែលមានរយៈពេលខ្លីត្រឹមតែ២ខែកន្លះ ទៅ៣ខែប៉ុណ្ណោះ អាចប្រមូលផលលក់ឱ្យឈ្មួញ ។
ប្រភពបន្តទៀតថា ជារៀងរាល់ថ្ងៃនេះ លោកមិនចាំបាច់ចំណាយថវិកាទិញអង្ករគេនៅឯផ្សារ ដើម្បីយកមកដាំបាយហូបនោះឡើយ ដោយលោកមានដីស្រែផ្ទាល់ខ្លួន ចំនួន៤ហិកតា ស្ថិតនៅក្បែរផ្ទះរបស់ខ្លួន។ ក្នុង១ឆ្នាំ លោកអាចធ្វើស្រែប្រាំងនេះ បានចំនួន២ដង ហើយក្រោយពេលប្រមូលផលលោកក៏លក់ឱ្យឈ្មួញខ្លះ និងទុកមួយចំនួនសម្រាប់ធ្វើពូជ ព្រមទាំងទុកកិនអង្ករដាំបាយហូបជួបជុំគ្រួសារផងដែរ ។
ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាស្រូវប្រាំងនេះ ឡើងថ្លៃលើសពី១គីឡូក្រាម ៦០០រៀល លោកអាចនឹងចំណេញថវិកាមួយចំនួន ពោលគឺ បើឈ្មួញទិញ១គីឡូក្រាម ចាប់ពីតម្លៃ៩០០ ទៅ១០០០រៀល ពួកគាត់ដែលជាកសិករនឹងមិនខាតដើមនោះទេ ព្រោះរាល់ពេលធ្វើស្រូវប្រាំងម្តងៗ លោកក៏ត្រូវទិញជី ទិញថ្នាំបាញ់ស្មៅ និងថ្នាំសម្លាប់សត្វល្អិត។ ជួនកាលទៀត បើនៅរដូវប្រាំងមានការរាំងស្ងួតខ្លាំង ត្រូវចំណាយទិញប្រេងសាំង ឬប្រេងម៉ាស៊ូត បូមទឹកដាក់ស្រូវជាញឹកញាប់ ហើយថែមទាំងចំណាយថ្លៃឈ្នួលប្រមូលផល។ លុះកាច់កិនទៅ ក្រោយពេលប្រមូលផលស្រូវលក់កន្លងមកមិនចំណេញប៉ុន្មាននោះទេ ។
លោកបាមបញ្ជាក់ទៀតថា ទោះបីជាកសិផលស្រូវឡើងថ្លៃ ឬចុះថោក ក៏កសិករទាំងអស់នៅតែខិតខំប្រឹងប្រែងនាំគ្នាធ្វើស្រែ ដើម្បីប្រមូលផលលក់យកថវិកាសងជំពាក់បំណុលគេ លុះពេលសល់ខ្លះទុកសម្រាប់ធ្វើពូជបន្ត និងទុកហូបផងដែរ ។
ចំណែកកសិករម្នាក់ទៀត ឈ្មោះ ញុន ប៊ុនលី ភេទប្រុស រស់នៅក្នុងភូមិខាងលើដែរ បានឱ្យដឹងថា ស្រូវប្រាំងរបស់លោកចំនួនជាង១ហិកតា គឺព្រោះ បានជាង១ខែហើយ ដោយនៅសល់ត្រឹមរយៈពេលជិត២ខែទៀត អាចនឹងប្រមូលផល ដូចកសិករដទៃទៀតដែរ។ ការធ្វើស្រែប្រាំងនេះ គឺលោកទុកសម្រាប់តែផ្គត់ផ្គង់គ្រួសារប៉ុណ្ណោះ ដោយមិនបានលក់ដូរអ្វីនឹងគេនោះទេ ដោយលោករង់ចាំមើលតម្លៃទីផ្សារសិន បើសិនជាឈ្មួញទិញក្នុងតម្លៃខ្ពស់ជាងមុនបន្តិច ខាងលោកនឹងបន្តធ្វើស្រែចំនួន៣ទៅ៤ហិកតា បន្ថែមទៀត ខណៈពេលឥឡូវនេះ លោកបានជួលឱ្យកសិករដទៃទៀតធ្វើជំនួនអស់ហើយ ។
បើតាមប្រភពព័ត៌មានពីកសិករមួយចំនួនទៀត ដែលកំពុងប្រមូលផល បានរៀបរាប់ឱ្យដឹងថា កសិផលស្រូវប្រាំងនាពេលនេះ កើនឡើងគួរសមដែរ ដោយ១ហិកតា អាចប្រមូលផលបាន២០ ទៅ២៥បាវ ដោយជួនកាល បើមានការខ្វះខាតទឹក ការប្រមូលផលទទួលបានក្នុង១ហិកតា ត្រឹមតែ១៥ទៅ១៧បាវប៉ុណ្ណោះ។ សម្រាប់ឆ្នាំ២០២៥នេះ ពួកគាត់ពិតជាមានការសប្បាយចិត្តយ៉ាងខ្លាំង ដោយការធ្វើស្រែមានទឹកគ្រប់គ្រាន់ ព្រោះមានប្រឡាយប្រព័ន្ធធារាសាស្ត្រ និងមានទ្វារទឹកសម្រាប់បើកបិទបញ្ចេញទឹកដាក់ស្រែបានទាន់ពេលវេលា ៕








ចែករំលែកព័តមាននេះ