ប្រទេសបារាំង ៖ តាមកាសែតបារាំងPARIS MATCHថា ឯកអគ្គរដ្ឋទូតអាហ្វ្រិកខាងត្បូងប្រចាំប្រទេសបារាំងលោកNKOSINATHI EMMANUEL MTHETHWAត្រូវបានរកឃើញស្លាប់ កាលពីថ្ងៃទី៣០កញ្ញានៅមុខសណ្ឋាគារHYATTក្រុងប៉ារីស។
តាមលទ្ធផលដំបូងៗនៃការសើុបអង្កេតថា ឯកអគ្គរដ្ឋទូតរូបនោះសង្ស័យលោតទម្លាក់ខ្លួនពីជាន់ទី២២នៃសណ្ឋាគារ រង្វង់ម៉ោង១៣ម៉ោងនៅក្រុងប៉ារីស។ អ្នកការទូតអាយុ៥៨ឆ្នាំរូបនោះ បានបាត់ខ្លួនកាលពីថ្ងៃទី២៩កញ្ញា រង្វង់ម៉ោង១៥ម៉ោងនៅក្រុងប៉ារីស។ ទូរស័ព្ទដៃរបស់លោកប្រទះឃើញក្នុងព្រៃមួយនៅប៊ូឡូញតែរូបលោកនៅតែរកមិនទាន់ឃើញ។ អ្នកនយោបាយអាហ្វ្រិកខាងត្បូងរូបនោះក៏ធ្លាប់ជាប្រតិភូអចិន្ត្រៃយ៍របស់ប្រទេសលោកប្រចាំអង្គការយូណេស្កូផងដែរ។ នៅក្នុងប្រទេសលោកក៏ធ្លាប់ជារដ្ឋមន្ត្រីនៃក្រសូង២ផងដែរ។
រដ្ឋអាជ្ញាក្រុងប៉ារីសលោកស្រីឡូរេ បេគូអូគូសបញ្ជាក់កាលពីថ្ងៃទី៣០កញ្ញាថា លោកធ្លាប់បាននិយាយទៅកាន់ភរិយាលោកថាលោកចង់សម្លាប់ខ្លួន។ ក្នុងសេចក្ដីប្រកាសមួយរដ្ឋអាជ្ញារូបនោះលើកឡើងថា កាលពីថ្ងៃទី២៩កញ្ញាភរិយាលោកបានទទួលសារមួយពីលោក ដែលសុុំទោសនិងសម្ដែងពីបំណងសម្លាប់ខ្លួន។
ប៉ូលិសក្រុងប៉ារីសចូលទៅពិនិត្យបន្ទប់សណ្ឋាគារដែលលោកស្នាក់នៅនោះ ដោយពុំរកឃើញដាននៃការប្រទូស្តរ៉ាយគ្នាឬរកឃើញថ្នាំនានាឬគ្រឿងញៀនឡើយ៕
ចែករំលែកព័តមាននេះ