ខេត្តកំពង់ចាម ៖ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងថែមទៀតបណ្តាលឲ្យផ្លូវ និងផ្ទះប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមបណ្តោយទន្លេមេគង្គបានរងផលប៉ះពាល់។ នេះបើយោងតាមការិយាល័យទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP នៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ថ្ងៃទី០២ តុលា ២០២៥ ។

ខណៈដែលស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តហក់ឡើងជាច្រើនថ្ងៃ បានបណ្តាលឲ្យកំណាត់ផ្លូវ ក៏ដូចផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមបណ្តោយទន្លេមេគង្គបានទទួលរងផលប៉ះពាល់ ហើយប្រជាពលរដ្ឋក៏នាំគ្នាជជែកគ្នាថា ទឹកឆ្នាំ២០២៥នេះឡើងធំគ្រាន់បើ ដែលមិននឹកស្មានដល់។

ដោយឡែក បើយោងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថា ចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ ទឹកទន្លេបានហក់ឡើងដល់កម្ពស់១៤.៤០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកទន្លេឡើងកម្ពស់០,១៤ម៉ែត្រ ។

ដោយឡែក កម្ពស់ទឹកនាពេលនេះ ធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ ១៣,០៦ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។

ដោយឡែក ចំពោះស្ថានភាពអាកាសធាតុកាលពីម្សិលមិញគឺមានភ្លៀងធ្លាក់តិច ឫច្រើនក្នុងស្រុកបាធាយនៃខេត្តកំពង់ចាម ។
ចែករំលែកព័តមាននេះ