ខេត្តបន្ទាយមានជ័យ ៖ មានករណីស្ត្រីម្នាក់ជិះម៉ូតូមួយគ្រឿងចេញពីធ្វើការ ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូដេញតាមកា.ប់យកម៉ូតូរបស់នាងទៅបាត់កាលពីយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥នៅចំណុចមណ្ឌល៨ ភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
តាមប្រភពពីស្ត្រីរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ នៅពេលដែលគាត់ចេញពីធ្វើការពេលយប់ ហើយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ចេញពីកន្លែងធ្វើការមកផ្ទៈ លុះមកដល់ចំណុចមណ្ឌល៨ ដែលជាកន្លែងកើតហេតុ ស្រាប់មានជនសង្ស័យចំនួន៣នាក់មានដាវសាំម៉ូរ៉ៃ២ដើម ជិះម៉ូតូ១គ្រឿងដេញតាមស្ទាក់ពីមុខរកកាប់ បណ្តាលឱ្យដួលម៉ូតូ ហើយត្រូវជនសង្ស័យយកម៉ូតូរបស់គាត់ទៅបាត់។
ស្ត្រីរងគ្រោះបញ្ជាក់ថា ក្រោយជនសង្ស័យស្ទាក់កាប់យកម៉ូតូទៅបាត់ គាត់ក៏បានទៅដាក់បណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីឱ្យជួយរកម៉ូតូ និងចាប់ជនល្មើសយកមកចាត់ការតាមច្បាប់។
នាយប៉ុស្តិ៍នគរបាលសង្កាត់អូរឫស្សីបញ្ជាក់ថា នៅពេលនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុ ដើម្បីឈានទៅរកមុខសញ្ញាជនសង្ស័យ និងឃាត់ខ្លួនយកមកអនុវត្តន៍តាមច្បាប់អោយខានតែបាន ដើម្បីការពារភូមិ/ឃុំមានសុវត្ថិភាព៕



ចែករំលែកព័តមាននេះ