សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក នាថ្ងៃទី១តុលា ចូលក្នុងដំណាក់កាលស្ទះថវិកាចំណាយសហព័ន្ធ ហៅSHUTDOWN ជាមួយផលវិបាកនៃការស្ទះមួយផ្នែកនៃការងាររបស់រដ្ឋបាលសហព័ន្ធ ដោយមិនទាន់មានដំណោះស្រាយណាមួយនៅឡើយក្នុងពេលភ្លាមៗនៅសភា រវាងពួកអ្នកសាធារណរដ្ឋ និងពួកអ្នកប្រជាធិបតេយ្យដែលជាពួកប្រឆាំង ។

ដោយសារSHUTDOWNនេះ មន្ត្រីរដ្ឋការសហព័ន្ធច្រើនរយពាន់នាក់ ជាលក្ខណៈបច្ចេកទេសក្លាយជាអត់ការងារធ្វើហើយនឹងបណ្ដាលឲ្យមានការស្ទះខ្លាំងបំផុត សម្រាប់ពួកអ្នកប្រើប្រាស់បណ្ដាសេវាកម្មសាធារណៈ។ បែបនេះជាសភាពការណ៍អាក្រក់មួយនៅសហរដ្ឋអាមេរិក ដែលកើតមានចាប់តាំងពី៧ឆ្នាំមកហើយ។
ទាំងសមាជិកសភាគណបក្សសាធារណរដ្ឋទាំងសមាជិកសភានៃគណបក្សប្រជាធិបតេយ្យ សុទ្ធតែទម្លាក់ការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមក។ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំថ្លែងកាលពីរសៀលថ្ងៃទី១តុលាថា ពួកអ្នកប្រជាធិបតេយ្យចង់បិទអ្វីៗទាំងអស់តែយើងមិនចង់ឡើយ។ ក្នុងវេបសាយរបស់NASA សារមួយគូសបញ្ជាក់ថា ទីភ្នាក់ងាររបស់សហព័ន្ធនោះបច្ចុប្បន្នបានបិទព្រោះតែដាច់ការផ្គត់ផ្គង់ហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។
ចំណែកស្ថានទូតអាមេរិកជាច្រើនប្រកាសតាមបណ្ដាញសង្គមXថា ព័ត៌មាននានាត្រូវដាច់មិនបានទទួល លើកលែងតែបណ្ដាព័ត៌មានទាក់ទិនពីការប្រកាសបន្ទាន់នានាខាងសន្តិសុខ។ លោកត្រាំមិនចំឡែកចិត្តអ្វីឡើយចំពោះបញ្ហា SHUTDOWN។ លោកធ្លាប់ជួបប្រទះ កាលក្នុងអាណត្តិទីមួយរបស់លោក ដោយពេលនោះ SHUTDOWN មានរយៈពេលពីខែធ្នូឆ្នាំ២០១៨ ដល់ខែមករាឆ្នាំ២០១៩ ដែលមានរយៈពេលដល់៣៥ថ្ងៃ។ លើកនេះមិនដឹងជាដល់ពេលណាទេ ទើបពួកអ្នកប្រជាធិបតេយ្យបញ្ឈប់វា។
ការិយាល័យថវិការបស់សភាវាយតម្លៃថា មន្ត្រីរដ្ឋការប្រមាណជា៧៥០.០០០នាក់ នឹងក្លាយរាល់ថ្ងៃជាអ្នកគ្មានការងារធ្វើ។ ចរាចរណ៍តាមអាកាសអាចនឹងប៉ះពាល់ចំណែកការផ្ទេរជំនួយសង្គមមួយចំនួននឹងត្រូវរងការស្ទះខ្លាំង៕
ចែករំលែកព័តមាននេះ