ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី​៖ ​វប្បធម៌​ដើរតួ​នាទី​យ៉ាង​សំខាន់​ជា​ស្ពាន​ត​ភ្ជាប់​សហគមន៍ និង​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​សន្តិភាព​ប្រកបដោយ​ចីរភាព

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC)​បាន​សង្កត់ធ្ងន់​ថា​វប្បធម៌​ដើរតួ​នាទី​យ៉ាង​សំខាន់ ជា​ស្ពាន​ត​ភ្ជាប់​សហគមន៍ និង​ជា​មូលដ្ឋាន គ្រឹះ​សម្រាប់​សន្តិភាព​ប្រកបដោយ​ចីរភាព​ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ឯកឧត្តម…

រាជធានី​ភ្នំពេញ​ ៖ ​ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC)​បាន​សង្កត់ធ្ងន់​ថា​វប្បធម៌​ដើរតួ​នាទី​យ៉ាង​សំខាន់ ជា​ស្ពាន​ត​ភ្ជាប់​សហគមន៍ និង​ជា​មូលដ្ឋាន គ្រឹះ​សម្រាប់​សន្តិភាព​ប្រកបដោយ​ចីរភាព​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី ឯកឧត្តម សួ​ស យ៉ា​រ៉ា ប្រធាន​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី (ACC) បាន​ដឹកនាំ​គណៈប្រតិភូ ICAPP/ACC ចូលរួម – សន្និសីទ​ពិភព​លោក​យូ​ណេ​ស្កូ​ស្តី​ពី​គោលនយោបាយ​វប្បធម៌ និង​ការ​អភិវឌ្ឍ​ប្រកបដោយ ចីរភាព – MON​DIACULT 2025» ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ដល់​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ ២០២៥ នៅ​ទីក្រុង​ប៉ា​សេ​ឡូ​ណា ព្រះរាជាណាចក្រ​អេ​ស្ប៉ា​ញ​ ។

នៅ​ក្នុង​ពិធី​បើក ឯកឧត្តម Pedro Sánchez ប្រធានាធិបតី​អេ​ស្ប៉ា​ញ ថ្លែង​ទៅ​កាន់​គណៈប្រតិភូ​មក​ពី ជាង ១៥០​ប្រទេស បាន​បញ្ជាក់​ថា MONDIACULT 2025 នឹង​ពិភាក្សា​អំពី​សសរស្តម្ភ​ជា​យុទ្ធសាស្ត្រ​ចំនួន​២ គឺ​វប្បធម៌​សន្តិភាព និង​បញ្ញា​សិប្បនិម្មិត បន្ថែម​លើ​សេចក្តី​ប្រកាស MONDIACULT 2022 ។ ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា វប្បធម៌​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​យុត្តិធម៌​សង្គម ព្រមទាំង​បាន​អំពាវនាវ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ពហុភាគី​ថ្មី ក្នុង​ការ​កសាង​ពិភពលោក​ប្រកប​ដោយ យុត្តិធម៌ និង​មនុស្សធម៌​។

ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​ស្តី​អំពី «​វប្បធម៌ និង​សន្តិភាព​» ក្នុង​នាម​ជា​ស្ថាប័ន​ដៃគូ​នៃ​អង្គការ​យូ​ណេ​ស្កូ ឯកឧត្តម សួ​ស យ៉ា​រ៉ា បាន​លើក​ឡើង​ថា វប្បធម៌​ដើរតួ​នាទី​យ៉ាង​សំខាន់ ជា​ស្ពាន​ត​ភ្ជាប់​សហគមន៍ និង​ជា​មូលដ្ឋាន គ្រឹះ​សម្រាប់​សន្តិភាព​ប្រកបដោយ​ចីរភាព​។ វប្បធម៌​មិន​គួរ​ត្រូវ​បាន​ប្រើប្រាស់​ជា​អាវុធ​ទេ តែ​វប្បធម៌​ជា មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ឫសគល់​នៃ​ជម្លោះ ការ​បង្រួបបង្រួម និង​ការ​ផ្សះផ្សា​។ បេតិកភណ្ឌ វប្បធម៌​ជា​កម្មសិទ្ធិ​របស់​មនុស្សជាតិ​ទាំងអស់​គ្នា ដូច្នេះ​ការ​បំផ្លិចបំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ មិនមែន គ្រាន់តែ​ជា​ការ​បាត់បង់​សម្រាប់​ប្រទេស​ជាតិ​ណាមួយ​នោះ​ឡើយ ប៉ុន្តែ​ជា​សោកនាដកម្ម​របស់​ពិភពលោក ព្រោះ​គឺជា​ការ​បំផ្លាញ​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​។

ឯកឧត្តម​ថា​ដូច​ក្នុង​ករណី​ប្រាសាទព្រះវិហារ ទោះបីជា​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ឆ្នាំ​១៩៦២ និង​ឆ្នាំ​២០១៣ បាន​ទទួល​ថា​ប្រាសាទ​នេះ​នៅ​ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា ហើយ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី ជា​បេតិកភណ្ឌ​ពិភពលោក នៅ​ឆ្នាំ​២០០៨ ក៏​ដោយ ដោយសារ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ប្រាសាទព្រះវិហារ នៅ​តែ​បន្ត​រង​ការ​វាយប្រហារ​ដោយ​អាវុធ​ធុន​ធ្ងន់ ការ​ទម្លាក់​គ្រាប់បែក​ដែល​មាន​ទាំង​ការ​ប្រើប្រាស់​គ្រាប់បែក ចង្កោម​ជា​អាវុធ​ហាមឃាត​ដោយ​ច្បាប់​អន្តរជាតិ​ផង​ដែរ​។

ក្នុង​ន័យ​នេះ ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី បាន​ទទូច​ឱ្យ​មានការ​គាំទ្រ​ជា​អន្តរជាតិ ការ​ពង្រឹង​យន្តការ​តំបន់ ដូច​ជា​អាស៊ាន អង្គការសហប្រជាជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​អង្គការសហប្រជាជាតិ ជា​ពិសេស​អង្គការ យូ​ណេ​ស្កូ ដែល​ត្រូវ​ដើរតួ​នាទី​យ៉ាង​សំខាន់​និង​កាន់តែ​សកម្ម ដើម្បី​លើកកម្ពស់​តម្លៃ​នៃ​ច្បាប់​អន្តរជាតិ និង លើកទឹកចិត្ត​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី ក្នុង​ការ​ទប់ស្កាត់​សោកនាដកម្ម​លើ​សម្បត្តិ​បេតិកភណ្ឌ វប្បធម៌​ឱ្យ​បាន​ទាន់​ពេលវេលា ជា​ពិសេស នៅ​ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​ដ៏​ផុយ​ស្រួយ​នា​ពេល បច្ចុប្បន្ន​នេះ ដែល​កិច្ច​សហប្រតិបត្តិការ​ពិភពលោក​ក្នុង​វិស័យ​វប្បធម៌ និង​សន្តិភាព គឺ​មាន​ភាព​បន្ទាន់ ជាង​ពេល​ណា​ទាំងអស់​។

ឆ្លៀតក្នុង​ឱកាស​នេះ​ផង​ដែរ ឯកឧត្តម ក៏​បាន​ជម្រាប​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី នៅ​ក្នុង​ការងារ​វប្បធម៌​និង​សន្តិភាព ក្នុង​នាម​ជា​ដៃគូរ​របស់​អង្គការ​យូ​ណេ​ស្កូ​តាំងពី​ឆ្នាំ​២០១៨ ដោយ បាន​ធ្វើ​ការងារ​គាំទ្រ​ដល់​ការទូត​វប្បធម៌ កិច្ច​សន្ទនា​អន្តរ​ជំនឿ និង​ការ​សិក្សា​ពី​សន្តិភាព រួម​មានគំនិត​ផ្តួច ផ្តើម​តេ​ជោ​ភូមិ​១០០ ដែល​ជា​កា​រត​ភ្ជាប់​ច្រករបៀង​វប្បធម៌ និង​នវានុវត្តន៍​បច្ចេកវិទ្យា​។ មហាសន្និបាត ICAPP លើក​ទី​១២ និង​កិច្ចប្រជុំ ACC លើក​ទី​៣ នៅ​កម្ពុជា នៅ​ឆ្នាំ​២០២៤ ក៏​បាន​អនុម័ត សេចក្តី ប្រកាស​សន្តិភាព​ទីក្រុង​ភ្នំពេញ​» ដោយ​បាន​គាំទ្រ​ធម្មនុញ្ញ​សន្តិភាព​សកល ដើម្បី​មនុស្សជាតិ និង​ភព​ផែនដី (UPC) ដែល​មាន​សសរស្តម្ភ​ចំនួន​ប្រាំ​៖ ១. ការ​កសាង​សន្តិភាព ២. ការ​ទប់ស្កាត់​ជម្លោះ ៣.​យុត្តិធម៌ អន្តរកាល ៤.​សន្តិសុខ​ស្បៀង និង​៥.​ការ​កសាង​ឡើង​វិញ​ក្រោយ​ជម្លោះ ហើយ​មក​ទល់​បច្ចុប្បន្ន​មានការ គាំទ្រ​ពី​សភា និង​ស្ថាប័ន​អន្តរជាតិ​ជាង​៦០។

ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី បាន​ធ្វើការ​កត់សម្គាល់​អំពី បទ​ពិសោធន៍​របស់​ប្រទេស​កម្ពុជា ដែល​វប្បធម៌​បាន រួមចំណែក​ជាក់ស្តែង​ដល់​ការ​កសាង​សន្តិភាព តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​កិច្ច​ខិតខំ​ប្រឹង ប្រែង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​។ កម្ពុជា​បានសម្រេច​នូវ​សមិទ្ធិ​ផល​ដ៏​អស្ចារ្យ​ក្នុង​ការ​ការពារ​បេតិកភណ្ឌ​រូបី និង​អរូបី តាម​រយៈ​យន្តការ​អន្តរជាតិ និង​ភាព​ជា​ដៃគូ​រួម​មាន​យន្តការ ICC-Angkor និង ICC-Preah Vihear ដែល​បាន​បង្ហាញ​ពី​របៀប​នៃ​កិច្ច​សហប្រតិបត្តិការ​ពហុភាគី ក្នុង​ការ​ការពារ​តំបន់​បេតិកភណ្ឌ​វប្បធម៌​ពិភពលោក និង​ជំរុញ​សន្តិភាព​។

​ក្នុង​ឱកាស​នេះ​ផង​ដែរ លោក​ជំទាវ អ៊ុ​ន បូ​ផា​ណា តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការ​យូ​ណេ​ស្កូ ក៏ បាន​ថ្លែង​អំពី​វប្បធម៌​និង​ការ​អប់រំ ដោយ​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​អំពី ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​និង​អក្សរសាស្ត្រ ដែល​ជា​ឬ​ស​គល់​ដ៏​សំខាន់​នៃ​ការ​កសាង​វប្បធម៌​នៃ​សន្តិភាព ការ​យោគយល់​គ្នា និង​ការ​រស់នៅ​ជាមួយ​គ្នា​ដោយ​សន្តិ​សហ​វិជ្ជមាន​រវាង​ជាតិ​សាសន៍​ខុស​គ្នា ជា​ពិសេស ប្រទេស​មាន​ភូមិ​ផង​របង​ជាប់​គ្នា ដើម្បី​បញ្ចៀស​ការ​យល់​ច្រ​លំ​នៃ​ប្រវត្តិសាស្ត្រ​ដែល​បន្ត​កើតឡើង​ក្នុង​ស្រទាប់ យុវជន​ជំនាន់​ថ្មី ក្នុង​ន័យ​កសាង​នូវ​ទំនុកចិត្ត និង​សន្តិភាព​នា​ពេល​អ​នាគ​។

សូម​ជម្រាប​ថា“​សន្និសីទ​ពិភពលោក​យូ​ណេ​ស្កូ​ស្តី​ពី​គោលនយោបាយ​វប្បធម៌ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​” ឆ្នាំ​២០២៥ (MONDIACULT 2025) បាន​អនុម័ត​នូវ​ឯកសារ​លទ្ធផល MONDI​ACULT 2025 ដើម្បី​ជំរុញ​គោល នយោបាយ​វប្បធម៌ និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព ដែល​បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​វប្បធម៌ ក្នុង ការ​ជំរុញ​នូវ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច ហើយ​កិច្ចការ​អភិរក្ស​វប្បធម៌​តាម​រយៈ​ការ​អប់រំ និង សកម្មភាព​បរិស្ថាន​នានា គឺ​ត្រូវ​ឆ្លើយ​តប​នឹង​ការ​ប្រែប្រួល​នៃ​បច្ចេកវិទ្យា និង​កា​រវិ​វ​ត្តិ​ន៍​យ៉ាង​លឿន​នៃ​បញ្ញា សប្ប​និម្មិត្ត និង​ការ​ប្រែប្រួល​នៃ​បរិស្ថាន ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ