រាជធានីភ្នំពេញ ៖ គិតចាប់ពីខែមករាដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន បានចាត់វិធានការទប់ស្កាត់ទឹកកខ្វក់បានចំនួន ១៣ ៧០៩ ៤៩៤ម៉ែត្រគូប មិនឱ្យបំពុលតំបន់ទឹកសាធារណៈនៅកម្ពុជា ។ គ្រាន់តែក្នុងខែកញ្ញា ឆ្នាំ២០២៥ ទឹកកខ្វក់ចេញពីក្រុមហ៊ុន និងរោងចក្រ ចំនួនជិត ២លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបញ្ចេញទៅបំពុលប្រភពទឹកស្អាតនានានៅតាមរាជធានី-ខេត្ត ។

អ្នកនាំបាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា ការអនុវត្តច្បាប់ទប់ស្កាត់ការបំពុលបរិស្ថាននេះ ត្រូវបានត្រួតពិនិត្យតាមដាន ឱ្យក្រុមហ៊ុននិងរោងចក្រដែលមានសក្តានុពលប្រភពបំពុលនៅតាមរាជធានី-ខេត្ត ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមក្រមបរិស្ថាន និងធនធានធម្មជាតិ លើការបំពាក់ឧបករណ៍តាមដានស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវនៅតាមទីតាំងរបស់ក្រុមហ៊ុន និងរោងចក្រទាំងអស់ ។ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន និងរោងចក្រចំនួន ៥៧ទីតាំង បានចុះកិច្ចសន្យា ដើម្បីអនុវត្តច្បាប់ត្រឹមត្រូវ និងបានបំពាក់ឧបរណ៍ស្វ័យត្រួតពិនិត្យ ក្នុងនោះមានក្រុមហ៊ុន និងសហគ្រាសចំនួន ៤៦ បានបំពាក់រួចហើយ ។
សូមបញ្ចាក់ថា ក្រសួងបរិស្ថានបានខិតខំបំពេញតួនាទីភារកិច្ចយ៉ាងសស្រាក់សស្រាំ ដើម្បីឈានទៅសម្រេចយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ អនុលោមទៅតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា និងប្រសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ លើវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ ដើម្បីការពារបរិស្ថាន និងការពារសុខភាពសាធារណៈ ។
លទ្ធផលសម្រេចបាននាពេលនេះ គឺបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងចូលរួមសហការល្អពីថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងបរិស្ថាន ពីក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ម្ចាស់រោងចក្រ និងក្រុមហ៊ុន រួមជាមួយអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលសសរស្តមទី១ គឺ«ភាពស្អាត» ផងដែរ ។
ដោយឡែក ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ក្រុមការងារជំនាញក្រសួងបរិស្ថាន បានចុះពិ
និត្យ តាមដាន និងវាយតម្លៃគុណភាពទឹកសាធារណៈចំនួន ៥៤ទីតាំង ទឹកកខ្វក់សម្អាតរួចចំនួន៩ទីតាំង និងតំបន់ងាយរងការបំពុលទឹកចំនួន ១២ទីតាំង នៅតាមរាជធានី-ខេត្តគោលដៅ ដោយសហការជាមួយមន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៥ និងបានដំណើរការស្ថានីយតាមដានគុណភាពទឹកស្វ័យប្រវត្តិកោះពេជ្រ ទន្លេចតុមុខ ។
លទ្ធផលនៃការវាយតម្លៃសន្ទស្សន៍គុណភាពទឹក ជារួមគុណភាពទឹកសាធារណៈ និងតំបន់ងាយរងការបំពុលទឹក ស្ថិតក្នុងចំណាត់ថ្នាក់ល្អណាស់ និងល្អ និងដោយទ្បែកទឹកកខ្វក់សម្អាតរួចអនុលោមតាមស្តង់ដាបញ្ចេញចូលប្រភពទឹកសាធារណៈ ។ ជាមួយគ្នានេះ ក្រុមការងារបានចុះពិនិត្យ និងវាយតម្លៃការគ្រប់គ្រងសំណល់រាវ នៅទីតាំងស្នើសុំបញ្ចេញសំណល់រាវ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ បានចំនួនសរុប ១ ៥៤៩ក្រុមហ៊ុន (ឆ្នាំ២០២៣ ចំនួន៤៦៥ ឆ្នាំ២០២៤ ចំនួន៦៧១ និងឆមាសទី១ ឆ្នាំ២០២៥ ចំនួន៤១៣) ដោយបានចេញលិខិតអនុញ្ញាតបញ្ចេញសំណល់រាវចំនួនសរុប ១ ៥០៦ក្រុមហ៊ុន (ឆ្នាំ២០២៣ ចំនួន៤៥៦ ឆ្នាំ២០២៤ ចំនួន៦៥៨ និងឆ្នាំ២០២៥ ឆមាសទី១ ចំនួន៣៩២) ៕
ចែករំលែកព័តមាននេះ