ប្រទេសឥណ្ឌូណេស៊ី ៖ ក្រុមអ្នកជួយសង្គ្រោះ កាលពីថ្ងៃទី២ តុលា បានបង្កើនការខិតខំប្រឹងប្រែង ប៉ុនប៉ងកាយរកបណ្ដាអ្នករស់រានមានជីវិតចុងក្រោយ ក្នុងចំណោមមនុស្ស៥៩នាក់ដែលនៅកប់ក្រោមគំនរបាក់បែកនៃអគារសាលារៀនឥណ្ឌូណេស៊ីមួយដែលបាក់កាលពីថ្ងៃទី២៩កញ្ញា ។

តាមតុល្យការចុងក្រោយមួយថា មនុស្ស៥៩នាក់នៅជាប់ក្រោមគំនរបាក់បែកនៅឡើយ។ នេះជាការគូសបញ្ជាក់របស់លោកអាប់ឌុលមូហារី អ្នកនាំពាក្យនៃទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី កាលពីថ្ងៃទី២តុលាតាមរយៈសេចក្ដីប្រកាសមួយ។
លោកថា មានលទ្ធភាពដែលមនុស្សមួយចំនួននៅរស់រានមានជីវិត ក្រោយឧប្បត្តិហេតុនោះ។ កាលពីថ្ងៃទី១ តុលា អ្នកនៅរស់រានមានជីវិត៥នាក់ និងសាកសពមនុស្ស២នាក់ ត្រូវបានទាញយកចេញពីគំនរបាក់បែកនៃសាលារៀនអ៊ិស្លាមចម្រុះអាល់ខូហ្ស៊ីនី ស្ថិតនៅចម្ងាយ៣០គីឡូម៉ែត្រពីទីក្រុងស៊ូរ៉ាបាយ៉ាភាគខាងកើតកោះជ្វា។
ការរកឃើញសាកសពមនុស្ស២នាក់ទៀត នាំឲ្យចំនួនអ្នកស្លាប់ដោយសារការបាក់សាលារៀននោះកើនដល់៥នាក់ ។ អ្នកទទួលខុសត្រូវម្នាក់នៃភ្នាក់ងារជាតិរុករក និងជួយសង្គ្រោះថ្លែងនាថ្ងៃទី១ តុលា ថា ប្រសិនបើនៅមានមនុស្សបាត់ខ្លួន ប្រតិបត្តិការជួយសង្គ្រោះត្រូវពន្យារពេលសរុប
ដល់៧ថ្ងៃ៕
ចែករំលែកព័តមាននេះ