ខេត្តកំពង់ឆ្នាំង ៖ ក្រោយពីសារព័ត៌មានកោះសន្តិភាពបានចេញផ្សាយពីសកម្មភាពបូមខ្សាច់មួយកន្លែង ដែលកំពុងធ្វើសកម្មភាពដាក់គ្រឿងចក្របូមយកខ្សាច់ដឹកជញ្ជូនយកទៅដាក់ទូររថភ្លើង ជាច្រើនម៉ឺនម៉ែត្រគូប រួចមកនៅថ្ងៃទី ២ ខែតុលាឆ្នាំ ២០២៥ នេះ គេសង្កេតឃើញមានមន្ត្រីមន្ទីររ៉ែនិងថាមពល និងមន្ទីរបរិស្ថាន បានចុះទៅផ្អាកសកម្មភាពខុសច្បាប់នោះហើយព្រមទាំងផាកពិន័យជាច្រើនលានរៀលផងដែរ។ គួររំលឹកថា ឈ្មួញបូមខ្សាច់អត់ទាន់មានច្បាប់កំពុងដឹកជញ្ជូនកក្រើ.ក
សូមរំលឹកថាទីតាំងបូមខ្សាច់មួយកន្លែងស្ថិតនៅភូមិចំបក់ប្រាសាទ ឃុំក្រាំងស្គា ស្រុកទឹកផុស ដែលមានម្ចាស់អាជីវកម្មឈ្មោះ គង់ ម៉ៃ រស់នៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុកទឹកផុស បានធ្វើសកម្មភាពបូមខ្សាច់ដឹកទាំងរថយន្តយកទៅដាក់ទូររថភ្លើង ដែលតាមព័ត៌មានថាដឹកទៅក្រុងព្រះសីហនុ បានធ្វើសកម្មភាពអត់ច្បាប់ ដែលតាមការ បញ្ជាក់របស់លោក គង់ម៉ៃ ថាកំពុងរត់ការច្បាប់ប៉ុន្តែមិនទាន់បានបែរជាធ្វើ សកម្មភាពមុន ប្រៀបដូចកាត់ក្បាលតម្រូវមួក ។
ក្រោយការចុះផ្សាយនៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥ គេឃើញលោក ទេព វុធ អនុប្រធានមន្ទីររ៉ែនិងថាមពលនិងជាប្រធានក្រុមការងារដឹកនាំចុះពិនិត្យមើលទីតាំងដោយផ្ទាល់ បានរកឃើញថាការបូមខ្សាច់ខាងលើពិតជាពុំមានច្បាប់អនុញ្ញាតមែនគឺនៅចំណុច និយាមការលេខ X430768 និងY.1348540 ។
ម្ចាស់អាជីវកម្មខាងលើកំពុងរត់ការសុំច្បាប់ កាលពីថ្ងៃទី ១៨ ខែសីហា ប៉ុន្តែ មិនទាន់បាន ច្បាប់នៅឡើយ ។
ក្រោយការពិនិត្យនិងសាកសួរមេការឈ្មោះ យឿន ពេជ្រ បានសារភាពថាខ្លួនបានបូមខ្សាច់ទើបតែបានចំនួន ៧ ថ្ងៃ ។យោងតាមច្បាប់ស្ដីពីការគ្រប់គ្រងរ៉ែនិងថាមពល គឺបានកំណត់ផ្លាកពិន័យម្ចាស់បូមខ្សាច់ខុសច្បាប់ខាងលើមួយថ្ងៃចំនួន ១លាន៥០ម៉ឺនរៀល គុណនិង៧ ថ្ងៃ ថ្មើនឹង ១០លាន ៥០ម៉ឺនរៀល ដោយម្ចាស់អាជីវកម្មព្រមទទួលបង់២ដំណាក់កាល ដំណាក់កាលទី ១ បង់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥ បង់ចំនួន ៥ លាន៥០ ម៉ឺនរៀល។ ដំណាក់កាលទី ២ បង់ថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២៥ ចំនួន ៥លានរៀល នឹងត្រូវបិទអាជីវកម្មខាងលើជាបណ្ដោះអាសន្ន ដរាបណារត់ការច្បាប់ត្រឹមត្រូវបានទើបអនុញ្ញាតឲ្យធ្វើអាជីវកម្មវិញ។
បើតាមការអះអាងរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះបានបញ្ជាក់ថាសកម្មភាពនេះបានធ្វើជាងកន្លះខែហើយ មិនមែនទើបតែ ៧ ថ្ងៃ ដូចការបញ្ជាក់របស់មេការបូមខ្សាច់ នោះឡើយ ។
ដូច្នេះត្រូវស្រាវជ្រាវឱ្យបានច្បាស់ កុំចេះតែជឿលើឈ្មួញខិលខូច ដើម្បីជាគំរូដល់ឈ្មួញខិលខូចទាំងឡាយ ដែលពូកែខាងប្រើល្បិច លួចគាស់ក្រោលទាំងថ្ងៃហើយនៅរួចខ្លួនទៀត…ហេ! ហេ! ។
ព័ត៌មានបន្ថែមនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕







ចែករំលែកព័តមាននេះ