ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភា​៖​ ធ្វើ​កំណែទម្រង់​អគ្គ​លេខា​ធិ​ការ​​ដ្ឋាន​រដ្ឋសភា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​បម្រើ​ប្រជា​ព​ល​រដ្ឋ

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី​ ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់​ថា ការ​ធ្វើ​កំណែទម្រង់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព បម្រើ​ប្រជាពលរដ្ឋ​របស់​តំណាងរាស្ត្រ និង​សុខដុម​នី​យ​កម្ម…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី​ ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់​ថា ការ​ធ្វើ​កំណែទម្រង់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ដើម្បី​ពង្រឹង​ប្រសិទ្ធភាព បម្រើ​ប្រជាពលរដ្ឋ​របស់​តំណាងរាស្ត្រ និង​សុខដុម​នី​យ​កម្ម សាមគ្គីភាព​ស្ថាប័ន​ ។

សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី​ ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​លើក​ឡើង ក្នុង​ពិធី​ផ្សព្វផ្សាយ​វ​ឌ្ឍ​ភាព ​និង​ទិស​ដៅ​បន្ត​នៃ​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិ​រញ្ញវត្ថុ សាធារណៈ ការ​កែទម្រង់រដ្ឋបាល​សាធារណៈ និង​ការ​អនុវត្ត​ប្រព័ន្ធ​សភា​អេ​ឡិច​ត្រូ​និ​ច (E-parliament) របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​២ ខែតុលា​ឆ្នាំ​២០២៥​។

នៅ​ក្នុង​ពិធី​ដែល​មាន​ថ្នាក់ដឹកនាំ​ និង​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ទាំងអស់​ចូលរួម​ដោយ​ផ្ទាល់​ និង​តាម​អន​ឡាញ​នេះ សម្តេច​ប្រធានរដ្ឋសភា​ព បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ធ្វើការ​កែទម្រង់​ និង​ទំនើប​កម្ម​ស្ថាប័ន​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា នៅ​ក្នុង​ការ​ផ្តល់​សេវា​ជូន​តំណាងរាស្ត្រ​ឱ្យ​មាន​ភាព​ងាយស្រួល​ឡើង​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​។

សម្តេច​រដ្ឋសភាធិបតី​បាន​គូសបញ្ជាក់​ថា កំណែទម្រង់​នៅ​កម្ពុជា​បាន​អនុវត្ត​តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩​មក​។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​និង​បាន​ធ្វើ​កំណែទម្រង់​ជា​បន្តបន្ទាប់​មក​។ ចាប់ពី​រាជរដ្ឋាភិបាល នីតិកាល​ទី​១ រហូត​ដល់​បច្ចុប្បន្ន និង​ជា​ពិសេស​ក្នុង​យុទ្ធសាស្ត្រ​ប​ញ្ចុ​កោណ​ដំណាក់កាល​ទី​១ នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ដែល​ជា​ថ្នាក់ដឹកនាំ​បន្តវេន ប្រកបដោយ​ភាព ឈ្លាសវៃ ស្វាហាប់ និង​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុង​ការ​ឈាន​ទៅ​កសាង​ប្រទេស​កម្ពុជា​ឱ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៣០ ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់ (​អភិវឌ្ឍន៍​) នៅ​ឆ្នាំ​២០៥០​។

សូម​ជម្រាប​រដ្ឋសភា​នីតិកាល​ទី​៧ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​អនុវត្ត​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ ការ​កែទម្រង់រដ្ឋបាល​សាធារណៈ និង​ការ​ធ្វើ​ទំនើប​កម្ម​នៃ​អនុវត្ត​ប្រព័ន្ធ​សភា​អេ​ឡិច​ត្រូ​និ​ច (E-parliament) យ៉ាង​សក​កម្ម​និង​ជាក់លាក់​។

ឯកឧត្តម ឃួ​ន ដា​វិត អគ្គលេខាធិការ​រង​រដ្ឋសភា​និង​ជា​ប្រធាន​ក្រុម​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​គូសបញ្ជាក់​ថា ការ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ សាធារណៈ ការ​កែទម្រង់រដ្ឋបាល​សាធារណៈ និង​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​សភា​អេ​ឡិច​ត្រូ​និ​ច គឺជា​ជំហាន​ដ៏​សំខាន់​មួយ ដែល​ត្រូវ​យកចិត្តទុកដាក់ ឆ្ពោះទៅ​រក​ការ​កសាង​វិស័យ​រដ្ឋបាល​សាធារណៈ ប្រកបដោយ​វិជ្ជាជីវៈ ប្រសិទ្ធភាព និង​គួរ​ឱ្យ​ទុកចិត្ត និង​មាន​សារៈសំខាន់​សម្រាប់​ការ​ជំរុញ​អភិបាលកិច្ច​ល្អ គណនេយ្យ​ភាព តម្លាភាព និង​ការ​អភិវឌ្ឍ​ស្ថាប័ន ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​កាន់តែ​ប្រសើរ​។

ការ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រដ្ឋសភា​នៅ​ក្នុង​នីតិកាល​ទី​៧​នេះ ទទួល​បានការ​ដាក់​ពិន្ទុ​១០០% ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ ចាប់តាំងពី​ដើម​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ០២៤-២០២៦ ការ​គ្រោង​ថវិកា​ប្រចាំឆ្នាំ​មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់ ក្នុង​រង្វង់​១%​។ សមិទ្ធផល​នេះ​ទទួល​បាន តាម​រយៈ​ការ​កែ​លម្អ​ការ​រៀបចំ​ផែនការ​សកម្មភាព ផែនការ​ថវិកា សូចនាករ​សមិទ្ធកម្ម​គន្លឹះ និង​ការ​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​ទម្រង់​បែបបទ​បច្ចេកទេស ប្រតិទិន​ការងារ និង​ពិ​ដាន​ថវិកា​នៃ​ការ​រៀបចំ​ថវិកា​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​មានការ​ណែនាំ និង​វាយតម្លៃ​ពី​ភាព​ពេញលេញ ត្រឹមត្រូវ ទាន់​ពេលវេលា និង​ការ​រក្សា​បាន​នូវ​បន្ទាត់​គណនេយ្យ​ភាព​គ្រប់គ្រង​ថវិកា​ក្នុង​នាម​ស្ថាប័ន​នីតិប្បញ្ញត្តិ​។

ចំពោះ​កែទម្រង់រដ្ឋបាល​សាធារណៈ​វិញ ដែល​ទទួល​បាន​លទ្ធផល​ធំ​ៗ​មាន​ដូច​ជា បាន​កែ​លម្អ​ការ​រៀបចំ​កាត​សម្គាល់​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ដោយ​ដាក់​បញ្ចូល​មុខងារ​៣​យ៉ាង រួម​មាន ជា អត្តសញ្ញាណប័ណ្ណ​មន្ត្រីរាជការ ដែល​មាន​សុពលភាព​១០​ឆ្នាំ ២ កាត​ដក​ប្រាក់​ធនាគារ និង ៣)​កាត់​សម្រាប់​ចេញ​-​ចូល​អគារ​រដ្ឋសភា​តាម​ប្រព័ន្ធ​អេ​ឡេច​ត្រូ​និ​ច​។ ការ​ដាក់​ឱ្យ​អនុវត្ត​សាកល្បង​នូវ​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន​ដោយ​ឧបករណ៍​ស្រង់​វត្តមាន តាម​រយៈ​ការ​ស្កេ​ន​មុខ (Face ID Scan) ជាដើម​។

ការ​អភិវឌ្ឍ​ស្ថាប័ន​រដ្ឋសភា​ជា​សភា​ឌី​ជី​ថ​ល (E-parliament) មាន​ម៉ូឌុល​(Module) ចំនួន​៩ កំពុង​អនុវត្ត​ដែល​សម្រេច​បាន​៧០% នៃ​កម្មវិធី​ទាំងមូល ដូច​ការ​រៀបចំ​ប្រព័ន្ធ​បោះ​ឆ្នោត​អេ​ឡិច​ត្រូ​និ​ច នៅ​ក្នុង​សម័យប្រជុំ​រដ្ឋសភា ការ​គ្រប់គ្រង​ប្រវត្តិរូប​តំណាងរាស្ត្រ​និង​មន្ត្រីរាជការ ការ​គ្រប់គ្រង​ទ​ប្រ​ព្យ​សម្បត្តិ​រដ្ឋ ការ​គ្រប់គ្រង​ច្បាប់​ឈប់​សម្រាក​របស់​មន្ត្រី និង​ប​ណ្ណា​សារ​ដ្ឋា​ន​ជាដើម​។

សម្តេច​រដ្ឋសភាធិបតី ឃួ​ន សុ​ដា​រី បាន​មាន​ប្រសាសន៍​ថា ពិធី​ផ្សព្វផ្សាយ​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​ការ​អនុវត្ត​នូវ​អនុសាសន៍​ដែល​សម្តេច​បាន​ដាក់​ចេញ ចាប់តាំងពី​ដើម នីតិកាល​ទី​៧ និង​ជា​ពិសេស​អនុសាសន៍​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​។ វឌ្ឍនភាព និង​សមិទ្ធផល​ការងារ​កំណែទម្រង់រដ្ឋបាល​សាធារណៈ ដែល​កិច្ចការ​នេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់ និង​មិន​អាច​ខ្វះ​បាន នៃ​ការ​កែទម្រង់រដ្ឋបាល​សាធារណៈ ដែល​ត្រូវ​បាន​ចាត់ទុកជា«ឆ្អឹងខ្នង​មួយ​ដ៏​សំខាន់​ក្នុង​ការ​ធានា​និរន្តរភាព​ប្រទេស​
ជាតិ​»​។

សម្តេច​ប្រធានរដ្ឋសភា បាន​សង្កត់ធ្ងន់​ថា ការ​កែទម្រង់​ទាំង​បី​ខាងលើ​នេះ គឺជា​មូលដ្ឋាន​ដ៏​សំខាន់ និង​ចាំបាច់​មួយ ដើម្បី​កែ​លម្អ និង​លើកកម្ពស់​ស្ថាប័ន​រដ្ឋសភា​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ថែម​ទៀត ជា​ពិសេស ការ​ផ្តល់​សេវា​ឱ្យ​ជូន​ប្រពល​រដ្ឋ​ម្ចាស់​ឆ្នោត​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ស័​ក្ត​សិទ្ធ​ភាព ទាន់​ពេលវេលា និង​ចំ​ទិស​ដៅ​។

ជំនួស​មុខ​ឱ្យ​តំណាងរាស្ត្រ​ទាំងអស់ សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែង នូវ​ការ​កោតសរសើរ និង​អបអរសាទរ​ចំពោះ​លទ្ធផល​ដ៏​ល្អ​គួរ​ជាទី​មោ​ទ​នៈ និង​បាន​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ និង​មន្ត្រី​គ្រប់​អង្គភាព​ទាំងអស់​បន្ត​ចូលរួម​ឱ្យ​កាន់តែ​សកម្ម​ថែម​ទៀត ដើម្បី​ឈាន​ទៅ​សម្រេច​គោលដៅ​របស់​យើង ជា​ពិសេស ការ​ប្រែក្លាយ​សភា​កម្ពុជា ឱ្យទៅ​ជា​សភា​អេ​ឡិច​ត្រូ​និ​ច នា​ពេល​អនាគត​។

សម្តេច​ប្រធានរដ្ឋសភា បាន​មាន​ប្រសាសន៍​ថា​កំណែទម្រង់​ជា​រឿង​ស្មុគស្មាញ​មួយ​ប៉ុន្តែ​ដូច​ប្រសាសន៍​សម្តេច​ត​ជោ ហ៊ុន សែន បាន​លើក​ឡើង​ដូច្នេះ​ដែរ “​បើ​យើង​កែទម្រង់ គឺ​យើង​រស់ បើ​យើង​មិន​កែទម្រង់​ទេ យើង​ប្រាកដជា​ស្លាប់​”​។ សម្តេច​ប្រធានរដ្ឋសភា បាន​រំលឹក​ពី​ប្រសាសន៍​របស់ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថា «​គ្មាន​ការ​ធ្វើ​កំណែទម្រង់​ណាមួយ​ដែល​ងាយស្រួល​នោះ​ទេ​” ហើយ​កំណែទម្រង់​ដែល​ជោគជ័យ​ត្រូវ​ផ្អែក​លើ​កត្តា​សំខាន់ ៤ រួម​មាន​៖ ១. ចក្ខុវិស័យ​ច្បាស់លាស់ ២. ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ៣. ការ​ចូលរួម​ដោយ​ស្មោះត្រង់ និង ៤. ការ​លះបង់​»​។

សម្តេច​ប្រធាន​ន​រដ្ឋសភា ស្នើ​ដល់​មន្ត្រីរាជការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​បន្ត​ចូលរួម​អនុវត្ត​កម្មវិធី​កំំ​ណែ​ទម្រង់​នេះ​ទាំងអស់​គ្នា​និង​ត្រូវ​ខិតខំ​បំពេញភារកិច្ច ដោយ​យកចិត្តទុកដាក់ លើកកម្ពស់​សេវាកម្ម​ជូន​តំណាងរាស្ត្រ​ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ​និង​ប្រទេស​ជាតិ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ឡើង ដោយ​សម្តេច​បាន​សង្កត់ធ្ងន់​ថា ការ​ធ្វើ​កំណែទម្រង់​គឺ​ដើម្បី ពង្រឹង​ប្រសិទ្ធភាព សុខដុម​នី​យ​កម្ម និង​សាមគ្គីភាព​ដើម្បី​រួមចំណែក​ដល់​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ