ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​ជន និង​ភ្ញៀវ​ទេសចរ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ ​ច្រើន​ជាង២៤០,០០០​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​មក​ប្រទេស​ទាំង​២ កាលពី​ឆ្នាំ​២០២៤

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ដោយ​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា នា​ល្ងាច​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍…

រាជធានី​ភ្នំពេញ ​៖ ដោយ​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា នា​ល្ងាច​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​អញ្ជើញ​ជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា និង​បាន​ថ្លែង​សុន្ទរកថា​ អបអរសាទរ​ក្នុង​ពិធី​អបអរសាទរ​បុណ្យ​ជាតិ​សាធារណរដ្ឋ​កូរ៉េ និង​ខួប​លើក​ទី​៧៧ ទិវា​បុណ្យ​កងទ័ព ដែល​រៀបចំ​ដោយ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ​ប្រចាំ​កម្ពុជា នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា ​។

កម្មវិធី​ដ៏​ឱឡារិក​នេះ​ ​បាន​រៀបចំ​ដោយ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា មានការ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង្ស ជួនណា​រ៉ុ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​, ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​, ឯកឧត្តម ម៉​ម ប៊ុ​ន​នាង ប្រធាន​គណៈកម្មការ​ទី​១០ និង​ជា​ប្រធាន​ក្រុម​មិត្តភាព​ទ្វេភាគី​ព្រឹទ្ធសភា​កម្ពុជា​-​កូរ៉េ​, ឯកឧត្តម ឈាង វុន ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម ​នៃ​រដ្ឋសភា​, ឯកឧត្តម លោក​ជំទាវ ជា​សមាជិក​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​ស្ថាប័នរដ្ឋ និង​ឯកជន​, លោក Kim Hyunsoo ភារធារី​នៃ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា​, ឯកឧត្តម លោក​ជំទាវ​អង្គទូត​ប្រចាំ​កម្ពុជា និង​ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តរជាតិ​ពី​ផ្នែក​រដ្ឋ និង​ឯកជន​ប្រមាណ​ជាង ២០០​រូប ​។

លោក Kim Hyunsoo ភារធារី​នៃ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ​ប្រចាំ​កម្ពុជា បាន​បញ្ជាក់​ពី​ជំហរ​របស់​រដ្ឋាភិបាល​កូរ៉េ ក្នុង​ការ​បន្ត​ថែរក្សា​ព្រូន​ជុំ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ត្រូវ​បាន​តម្លើង​កម្រិត​ជា​ដៃគូ​យុទ្ធសាស្ត្រ​កាលពី​ឆ្នាំ​២០២៤ កន្លង​មក ដោយ​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​រវាង​គ្នា​ទៅ​វិញ​ទៅ​មក និង​បង្កើត​នូវ​វិបុលភាព និង​សន្តិភាព​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​។ ទន្ទឹម​នឹង​នេះ​ដែរ លោក​ភារធារី ក៏​បាន​ជម្រាប​ជូន​អង្គពិធី​ពី​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ​នៃ​ការ​អនុវត្ត​ការ​ផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ដោយ​មាន​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ច្រើន​ជាង ២៤០.០០០​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​មក​កាលពី​ឆ្នាំ​២០២៤​។

ក្នុង​ឱកាស​ដ៏​មាន​សារៈសំខាន់​នេះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល និង​ប្រជាជន​កូរ៉េ ដែល​តែងតែ​ផ្តល់​កិច្ចសហការ និង​គាំទ្រ​កម្ពុជា​ជា​និច្ច​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស និង​សេដ្ឋកិច្ច​របស់​ខ្លួន​រហូត​មក ជា​ពិសេស​លើ​ការ​ផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន ការ​ជំរុញ​លំហូរ​ទេសចរ និង​អ្នក​ធ្វើ​ដំណើរ​នៃ​ប្រទេស​ទាំង​ពីរ និង​អន្តរជាតិ កា​រត​ភ្ជាប់​ជើងហោះហើរ​ត្រង់ ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍​ពី​សំណាក់​វិនិយោគិន​កូរ៉េ​នៅ​កម្ពុជា​។ ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​អញ្ជើញ​ភ្ញៀវ​ទេសចរ​កូរ៉េ និង​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ដើម្បី​ទទួល​បាន​នូវ​បទ​ពិសោធ​ពី​សក្តានុពល​ទេសចរណ៍​កម្ពុជា បដិសណ្ឋារកិច្ច​ដ៏​កក់ក្តៅ​ពី​ប្រជាជន​កម្ពុជា ជា​ពិសេស​គឺ​កត្តា​សុខ​សន្តិភាព សិ្ថ​រ​ភាព​នយោបាយ សណ្តាប់ធ្នាប់​សង្គម​ល្អ​ប្រសើរ ការ​អភិវឌ្ឍ​គ្រប់​វិស័យ និង​កត្តា​សុខ​សុវត្ថិភាព​ដែល​ផ្តល់​ជូន​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ