សហរដ្ឋអាមេរិក ៖ ក្នុងសុន្ទរកថាដែលប្រើវោហាសាស្ត្រនយោបាយខ្លាំងដ៏កម្រមួយ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បានអំពាវនាវកាលពីថ្ងៃទី៣០កញ្ញា ដល់បណ្ដាឧត្ដមសេនីយនិងឧត្ដមនាវីអាមេរិក ឲ្យរួមដៃគ្នាប្រឆាំងសត្រូវផ្ទៃក្នុង ដោយវាយប្រហារចំពោះពួកអន្តោប្រវេសន៍ខុសច្បាប់ បណ្ដាសារព័ត៌មាននិងពួកប្រឆាំងលោក។
ការផ្ដួចផ្ដើមគំនិតរបស់រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក លោកPETE HEGSETH ក្នុងការប្រមូលបណ្ដានាយទាហានជាន់ខ្ពស់អាមេរិក មកជួបជុំគ្នានៅមូលដ្ឋានយោធាQUANTICO រដ្ឋវៀជីនៀ ពិតជារឿងខុសប្រក្រតីមួយ។ នាឱកាសជួបជុំនោះប្រធានាធិបតីអាមេរិកបានថ្លែងសុន្ទរកថាដ៏វែងមួយ។
ពិតណាស់ នៅមុខកងទ័ពប្រធានាធិបតីអាមេរិកគឺជាអគ្គមេបញ្ជាការកងទ័ព។ ក្នុងសុន្ទរកថារបស់លោក ប្រធានាធិបតីអាមេរិកថ្លែងថា បណ្ដាទីក្រុងគ្រប់គ្រងដោយពួកអ្នកប្រជាធិបតេយ្យធ្វេងនិយមរ៉ាឌីកាល់ដូចជា ក្រុងសាន់ហ្រ្វាន់សីុស្កូ សីុកាហ្គោ ញូវយ៉ក ឡូសអេនចឺឡេស សុទ្ធតែជាកន្លែងគ្រោះថ្នាក់។ យើងនឹងធ្វើឲ្យទីទាំងអស់នោះមានសណ្ដាប់ធ្នាប់ឡើងវិញជាជំហានៗ ហើយនោះជាបញ្ហាសំខាន់សម្រាប់បណ្ដាអ្នកដែលបានមកជួបជុំគ្នានៅពេលនេះ។ វាក៏ជាសង្គ្រាមមួយដែរគឺសង្គ្រាមផៃ្ទក្នុង។ យើងត្រូវប្រើប្រាស់ទីក្រុងគ្រោះថ្នាក់ទាំងនោះ ជាទីលានហ្វឹកហ្វឺនសម្រាប់កងយោធារបស់យើង។
ពេលលោកថ្លែងនោះក្នុងសាលប្រជុំហាក់ដូចជាស្ងាត់ជ្រៀប។ លោកត្រាំលើកឡើងថា ខ្ញុំមិនដែលចូលក្នុងបន្ទប់មួយដែលស្ងាត់បែបនេះឡើយ។ បើលោកអ្នកចង់ទះដៃក៏ទះទៅហើយប្រសិនបើលោកអ្នកមិនចូលចិត្តអ្វីដែលខ្ញុំនិយាយ លោកអ្នកអាចដើរចេញពីបន្ទប់បាន ហើយនិយាយថាលាហើយបុណ្យសក្តិរបស់អ្នកនិងអនាគតរបស់អ្នក។
សេចក្ដីសម្រេចចិត្តរបស់លោកត្រាំដាក់ពង្រាយកងទ័ពក្នុងទីក្រុងជាច្រើន ដែលលោកថា ដើម្បីតស៊ូប្រឆាំងឧក្រិដ្ឋកម្មនិងអន្តោប្រវេសន៍ខុសច្បាប់ រងការរិះគន់យ៉ាងយ៉ាងខ្លាំងពីសំណាក់ពួកប្រឆាំងនៃគណបក្សប្រជាធិបតេយ្យនិងដោយបណ្ដាសមាគមសេរីភាពសាធារណៈ។ ប្រធានាធិបតីអាមេរិកក៏រំឭកផងដែរថា លោកបានចុះហត្ថលេខាលើក្រិត្យមួយ បង្កើតកងកម្លាំងប្រតិកម្មរហ័ស មួយដែលអាចបង្ក្រាបរាល់ការបង្កចលាចល ព្រោះតែមានសត្រូវផ្ទៃក្នុង ដែលកងកម្លាំងនោះចូលរួមដោយយោធា។ កងកម្លាំងនោះអាចគ្រប់គ្រងសភាពការណ៍មុនក្លាយទៅជាមិនអាចត្រួតត្រាបាន៕
Chairman of the Joint Chiefs of Staff Army General Mark A. Milley (2nd L) and others listen as US President Donald Trump speaks during a meeting with senior military leaders in the Cabinet Room of the White House October 7, 2019, in Washington, DC. (Photo by Brendan Smialowski / AFP)
ចែករំលែកព័តមាននេះ