ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង ធ្វើការឃាត់ខ្លួនបាន ខណៈដែលកំពុងតែចរាចរណ៍គ្រឿងញៀន ហើយកម្លាំងនគរបាលល្បាតប្រទះឃើញក៏ឃាត់ឆែកឆេររកឃើញគ្រឿងញៀនមួយចំនួននិងសម្ភារៈទៀតផង។ ការឃាត់ខ្លួនក្រុមជនសង្ស័យបានធ្វើឡើង កាលពីវេលាម៉ោង០១ និង៥០នាទីរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចក្នុងភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក ឃុត សុផល អធិការនគរបាលស្រុកសំរោងទងបាននិយាយឱ្យដឹងថា ក្រុមជនសង្ស័យទាំង៦នាក់ដែលឃាត់ខ្លួនបាន ទី០១-ឈ្មោះ ឈុន សង្ហា ហៅទូច ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្នុងភូមិក្បាលត្រឡាច ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ។ ដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន៥កញ្ចប់តូច,ម៉ូតូ០១ គ្រឿង,ទូរស័ព្ទដៃ ០១គ្រឿង ។ ទី២-ឈ្មោះ ហ៊ិន សុខហៀង ហៅភ័ក្ត្រ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅក្នុងភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ដកហូតម៉ូតូ០១ គ្រឿង,ទូរស័ព្ទដៃ០១គ្រឿង។
ទី៣-ឈ្មោះ នៅ ផាន់នី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ដកហូត: ទូរស័ព្ទដៃ០១ គ្រឿង ។ ទី៤-ឈ្មោះ ហម សង្ហា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិស្រីសំពោង ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ទី៥-ឈ្មោះ ហៀង សិត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិកាហុន ឃុំខ្ទុំក្រាំង ស្រុកសំរោងទង និងទី៦-ឈ្មោះ ជា ធារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅក្នុងភូមិព្នាយ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
លោកអធិការនគរបាលស្រុកសំរោងទងបានបញ្ជាក់ថា នៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ គឺកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុក បានធ្វើការល្បាតតាមមូលដ្ឋានប្រទះឃើញក្រុមជនសង្ស័យក៏ឃាត់សួរនាំ ឆែកឆេរដកហូតវត្ថុតាង និងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន៥ កញ្ចប់តូច ម៉ូតូចំនួន០២គ្រឿង និងទូរស័ព្ទដៃចំនួន០៣ គ្រឿងផងដែរ ។
បច្ចុប្បន្ន ក្រុមជនសង្ស័យរួមជាមួយវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងសាកសួរនឹងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ