ទីក្រុងញូយ៉ក៖ ប្រធានកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោកស្រីខាចា ខាឡាស់ (Kaja Kallas) ថ្លែងថាអឺរ៉ុបម្នាក់ឯងមិនអាចរ៉ាប់រងជួយអ៊ុយក្រែនដើម្បីបញ្ចប់សង្គ្រាមបានទេ។ លោកស្រីថ្លែងបន្តទៀតថារឿងនេះកាន់តែបង្ហាញច្បាស់នៅពេលគិតទៅដល់អ្វីដែលលោកត្រាំសន្យាថានឹងបញ្ចប់សង្គ្រាមឱ្យបាន។ លោកស្រីថ្លែងថាលោកត្រាំជាអ្នកសន្យាបញ្ចប់អំពើកាប់សម្លាប់។ ដូច្នេះគេមិនអាចផ្ទុកផ្ដាក់កិច្ចការនេះមកលើយើង (អឺរ៉ុប) បានឡើយ។
សហភាពអឺរ៉ុបប្រញាប់បញ្ចេញសារនយោបាយដូចខាងលើនេះចំពេលដែលអ៊ុយក្រែន និងក្រុមសម្ព័ន្ធមិត្តកំពុងតែងឿងឆ្ងល់នៅពេលលោកត្រាំផ្លាស់ប្ដូរសម្ដីនៅក្នុងបញ្ហាអ៊ុយក្រែន។ នៅលើបណ្ដាញសង្គមទ្រូសសូសល (Truth Social) កាលពីប៉ុន្មានថ្ងៃមុននេះ លោកត្រាំមានជំនឿថាអ៊ុយក្រែនអាចវាយយកទឹកដីរបស់ខ្លួនត្រឡប់មកវិញទាំងអស់។ លោកសរសេររៀបរាប់បន្តទៀតថាអ្នកដែលរ៉ាប់រងជួយអ៊ុយក្រែនដើម្បីយកដីត្រឡប់មកវិញគឺសហភាពអឺរ៉ុប និងអង្គការណាតូ។ ពួកគេអាចប្រើអាវុធរបស់អាមេរិកចាត់វិធានការបែបណាទៅតាមចិត្តរបស់ពួកគេទៅចុះ។
ឥឡូវនេះ មានមតិបកស្រាយផ្សេងគ្នាពាក់ព័ន្ធនឹងសារនយោបាយរបស់លោកត្រាំនៅត្រង់ចំណុចនេះ។ មន្ត្រីរដ្ឋាភិបាលនៅអឺរ៉ុបខ្លះស្វាគមន៍ការផ្លាស់ប្ដូរជំហររបស់លោកត្រាំដែលងាកមកគាំទ្រអ៊ុយក្រែន។ ប៉ុន្តែមន្ត្រីអឺរ៉ុបខ្លះទៀតគិតថាសភាពការណ៍ហាក់ដូចជាមិនស្រួល។ ពួកគេបារម្ភថាលោកត្រាំនិយាយបែបនេះអាចមានន័យថាគាត់នឹងដកខ្លួនថយពីបញ្ហាអ៊ុយក្រែនដើម្បីដោះដៃយករួចខ្លួន និងលែងជំពាក់វាក់វិនគ្នាតទៅទៀត។
លោកស្រីខាឡាស់ទទួលស្គាល់ថាអង្គការណាតូបើគ្មានអាមេរិកទេមិនអាចហៅថាអង្គការណាតូបានឡើយ។ អាមេរិកជាប្រទេសជំហរធំជាងគេនៅក្នុងអង្គការនេះ។ ហេតុដូច្នេះ នៅពេលនិយាយថាណាតូគួរធ្វើអ្វីខ្លះ វាមានន័យស្មើនឹងអាមេរិកគួរធ្វើអ្វីខ្លះ។ ថ្មីៗនេះ លោកត្រាំបានដាក់សម្ពាធទៅលើរដ្ឋជាសមាជិកអង្គការណាតូដើម្បីឱ្យពួកគេបញ្ឈប់ទាំងស្រុងនូវការទិញប្រេងឆៅ និងឧស្ម័នពីរុស្ស៊ី។ លោកថ្លែងថាបើចង់ឱ្យអាមេរិកដាក់ទណ្ឌកម្មរុស្ស៊ីលុះត្រាតែពួកគេឈប់ទិញប្រេងរុស្ស៊ីជាមុនសិន។
លោកស្រីខាឡាស់ថ្លែងថាលោកត្រាំនិយាយត្រូវ។ យើងកាត់បន្ថយការទិញប្រេង និងឧស្ម័នពីរុស្ស៊ី៨០%។ មានន័យថាបើប្រទេសនីមួយៗស្រុះដៃគ្នាធ្វើដូចយើងប្រហែលជាមានឥទ្ធិពលខ្លាំងជាងនេះ។ យើងបានដាក់ទណ្ឌកម្មរុស្ស៊ី១៩ដងកន្លងមកហើយ។ លោកស្រីយល់ថាទីក្រុងវ៉ាស៊ីនតោនអាចនិយាយបញ្ចុះបញ្ចូលប្រទេសហុងគ្រី និងស្លូវ៉ាគីឱ្យឈប់ទិញថាមពលពីរុស្ស៊ី។
លោកស្រីទទួលស្គាល់ថាបើប្រើធម៌ក្ដៅដាក់រុស្ស៊ីខ្លាំងពេកអាចនឹងធ្វើឱ្យរុស្ស៊ីបិទផ្លូវចរចាគ្នា។ ម៉្យាងទៀតមានតែអាមេរិកប៉ុណ្ណោះដែលអាចនិយាយជាមួយរុស្ស៊ីបាន។ ប៉ុន្តែលោកស្រីក៏សូមនិយាយរំលឹកផងដែរថាឥរិយាបថបែបវិជ្ជមានរបស់អាមេរិកចំពោះរុស្ស៊ីមិនទទួលបានលទ្ធផលដូចការរំពឹងទុកនោះទេ។ ខាងលើនេះជាការដកស្រង់ប្រភពពីប៉ូលីទីកូ (Politico) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ