ទីក្រុងញូយ៉ក៖ តាមមើលទៅការដាក់ទណ្ឌកម្មអ៊ីរ៉ង់ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរអាចនឹងចាប់ផ្ដើមអនុវត្តឆាប់ៗនេះបន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិច្រានចោលសំណើរបស់ប្រទេសចិន និងរុស្ស៊ីដែលស្នើសុំពន្យារពេលជាបន្តទៀតសិនមុននឹងដាក់ទណ្ឌកម្មអ៊ីរ៉ង់។ នៅសល់ត្រឹមតែមួយថ្ងៃទៀតប៉ុណ្ណោះនឹងដល់ឱសានវាទដែលក្រុមបស្ចិមប្រទេសត្រូវដាក់ទណ្ឌកម្មហើយ។ ពួកគេអះអាងថាការចរចាគ្នាជាមួយអ៊ីរ៉ង់ជាច្រើនខែកន្លងមកនេះគ្មានបានលទ្ធផលជាដុំកំភួន។
ជាគោលការណ៍ សំណើដែលសូមពន្យារពេលដាក់ទណ្ឌកម្មអ៊ីរ៉ង់នោះអាចនឹងទៅរួចលុះត្រាំតែទទួលបានសំឡេងគាំទ្រយ៉ាងតិច៩ប្រទេសពីសមាជិកក្រុមប្រឹក្សាទាំង១៥ប្រទេសដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។ ឯកអគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិថ្លែងថាយើងសង្ឃឹមថាអឺរ៉ុប និងអាមេរិកនឹងពិចារណាឱ្យបានល្អិតល្អន់ និងសង្ឃឹមថាពួកគេចង់ដោះស្រាយបញ្ហាតាមមធ្យោបាយការទូត និងការសន្ទនាគ្នាជាជាងការប្រើប្រាស់វិធីគំរាមកំហែង។
តាមរយៈការស្នើសុំដាក់ទណ្ឌកម្មឡើងវិញដែលបញ្ជូនសំណើទៅក្រុមប្រឹក្សាសន្តិសុខដោយអង់គ្លេស, បារាំង និងអាល្លឺម៉ង់ ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់នៅក្រៅប្រទេសនឹងត្រូវបង្កកទុក, អ៊ីរ៉ង់មិនអាចចុះកិច្ចព្រមព្រៀងទិញ-លក់អាវុធជាមួយប្រទេសដទៃបានឡើយ, អ៊ីរ៉ង់ក៏ត្រូវរងទណ្ឌកម្មមួយទៀតពាក់ព័ន្ធនឹងកម្មវិធីផលិតមីស៊ីលផ្លោង។ បើដូច្នេះមែន ស្ថានភាពសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ដែលកំពុងតែធ្លាក់ចុះស្រាប់ទៅហើយនោះនឹងរឹតតែដុនដាបបន្ថែមទៀត។
នៅក្នុងបទសម្ភាសថ្មីៗនេះ ប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាស៊ុត ប៉េហ្សេស្គាន (Masoud Pezeshkian) ចាត់ទុកថាគម្រោងដាក់ទណ្ឌកម្មជាថ្មីនេះជារឿងមិនស្មើភាព, មិនយុត្តិធម៌ និងមិនស្របច្បាប់។ ទៅថ្ងៃមុខ ភាពតានតឹងរវាងអ៊ីរ៉ង់ និងបស្ចិមប្រទេសនឹងកើតមានសាជាថ្មីក្រោយការដាក់ទណ្ឌកម្ម។ កាលពីមុននេះ អ៊ីរ៉ង់គំរាមដកខ្លួនចេញពី «សន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែ»។ ប៉ុន្តែនៅក្នុងបទសម្ភាសលើកនេះ ប្រធានាធិបតីអ៊ីរ៉ង់បន្ទន់ឥរិយាបថបន្តិចវិញ។ លោកថារដ្ឋាភិបាលរបស់លោកគ្មានបំណងធ្វើបែបនេះទេ។ នេះបើយោងតាមការផ្សាយរបស់អេភី និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ