រាជធានីភ្នំពេញ៖ កម្ពុជា និងសហរដ្ឋអាម៉េរិក បានពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួប និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម Adam Smith សមាជិកសភាសហរដ្ឋអាម៉េរិក និងជាសមាជិកគណៈកម្មាធិការកិច្ចការការពាររបស់សភាជាតិ, ឯកឧត្តម Michael Baumgartner សមាជិកសភាសហរដ្ឋអាម៉េរិក និងជាសមាជិកគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាតិ, និងលោកជំទាវ Chrissy Houlahan សមាជិកសភាសហរដ្ឋអាម៉េរិក និងជាសមាជិកគណៈកម្មាធិការកិច្ចការការពាររបស់សភាជាតិ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា គិតចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងកម្ពុជា និងអាម៉េរិក សម្រេចបាន ៨,៥ ពាន់លានដុល្លារ កើនឡើង ២៣,៦% ក្នុងនោះ កម្ពុជានាំទំនិញចេញទៅអាម៉េរិកមានទំហំទឹកប្រាក់ជាង ៨ ពាន់លានដុល្លារ កើនឡើង ២៣,២% ចំណែកអាម៉េរិកនាំចូលមកវិញ មានទឹកប្រាក់ ២៤៣ លានដុល្លារ កើន ៣៩,៨%។
ទំនិញដែលកម្ពុជានាំចេញទៅអាម៉េរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកអាម៉េរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត៕
ចែករំលែកព័តមាននេះ