ខេត្តប៉ៃលិន ៖ ទោះបីជាគេសង្កេតឃើញថា បញ្ហាព្រំដែនកម្ពុជា ជាមួយនឹងប្រទេសថៃ កំពុងតែមានបញ្ហាតានតឹងដាក់គ្នា រហូតដល់បិទច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរ មិនឱ្យមានការឆ្លងដែនចេញចូលទៅមក តែនាឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ គេសង្កេតឃើញប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ បាននាំគ្នាធ្វើដំណើរដើរមកលេងកម្សាន្តនៅក្នុងខេត្តប៉ៃលិន និងខេត្តនានា តាមធម្មតា ដោយអ្នកខ្លះចេញពីខេត្តប៉ៃលិន ទៅលេងស្រុកកំណើតរបស់ខ្លួន រីឯអ្នកខ្លះទៀត បានធ្វើដំណើរមកពីតាមបណ្តាខេត្តនានាដូចជាខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ឆ្នាំង និងរាជធានីភ្នំពេញ ចូលមកលេងនៅក្នុងខេត្តប៉ៃលិន ។
បើតាមប្រភពព័ត៌មានពីភ្ញៀវទេសចរម្នាក់ ឈ្មោះ សុខ បិន ភេទប្រុស អាយុ៤៥ឆ្នាំ បានរៀបរាប់ឱ្យដឹងថា ចាប់តាំងពីថ្ងៃដំបូង នៃពិធីបុណ្យភ្ជុំបិណ្ឌ លោកបាននាំប្រពន្ធកូន ធ្វើដំណើរឆ្ពោះមកខេត្តប៉ៃលិន ដើម្បីស្នាក់នៅដើរលេងកម្សាន្ត ព្រោះបានទទួលដំណឹងថា នៅក្នុងខេត្តនេះ មានរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដែលមានទេសភាព និងទឹកជ្រោះស្រស់ស្អាត រីឯផ្លូវធ្វើដំណើរទៅកាន់ខេត្តមួយនេះ ក៏ស្រួល និងស្អាតល្អជាងមុន មិនមានការស្ទះចរាចរអ្វីនោះទេ ។
លោកបន្តទៀតថា ការមកស្នាក់នៅដើរលេងក្នុងខេត្តនេះ គឺស្នាក់នៅផ្ទះបងប្អូន លុះបន្ទាប់ពីចប់ថ្ងៃបុណ្យ លោកនឹងត្រឡប់ទៅភ្នំពេញវិញ ដោយបើកបររថយន្តខ្លួន។ បើនិយាយពីកន្លែងលេងសប្បាយនៅក្នុងខេត្តប៉ៃលិន មានរមណីយដ្ឋានជាច្រើនកន្លែង ដែលលោក និងក្រុមគ្រួសារចូលទៅលេងដូចជា រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ហៅអូរតាវ៉ៅ រមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋានម្លប់សាវម៉ាវ រមណីយដ្ឋានស្ទឹងត្រជាក់ចិត្ត រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំយ៉ាត រមណីយដ្ឋានស្ពានតារាប និងកន្លែងលេងកម្សាន្តផ្សេងៗ ទៀតផងដែរ ។
បើតាមប្រភពព័ត៌មានពីលោក លីម វាសនា ប្រធានមន្ទីរទេសចរខេត្តប៉ៃលិន បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ ដែលបានធ្វើដំណើរមកទស្សនាកម្សាន្តទូទាំងខេត្តប៉ៃលិន ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺថ្ងៃទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយភ្ញៀវជាតិចំនួន៤,៧៩៦នាក់។ នៅថ្ងៃទី២ នៃពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវជាតិ មាន៣៦,៨៧៦នាក់ និងភ្ញៀវបរទេសចំនួន១០៧នាក់ ភ្ញៀវទេសចរសរុបចំនួន ៣៦,៩៨៣ នាក់ ។ លោកបន្តទៀតថា នៅថ្ងៃទី៣នៃពិធីបុណ្យភ្ជុំបិណ្ឌ សរុបភ្ញៀវទេសចរជាតិចំនួន៥៤,៩៣២ នាក់ សរុបភ្ញៀវបរទេសចំនួន១២០នាក់ ហើយភ្ញៀវទេសចរសរុបចំនួន៥៥,០៥២ នាក់ ។
លោកបញ្ជាក់ទៀតថា ភ្ញៀវទេសចរសរុបទាំង៣ថ្ងៃគឺ ភ្ញៀវជាតិមានចំនួន៩៦,៦០៥ នាក់ បើប្រៀបធៀបទៅនឹងចំនួនភ្ញៀវទេសចរជាតិសរុបឆ្នាំ២០២៤ ដែលមានចំនួន ៨៧,៩៧៩នាក់ ឃើញថា មានការកើនឡើងចំនួន៩.៨០%។ ចំណែកឯភ្ញៀវអន្តរជាតិ មានចំនួន២២៧ នាក់ បៀបធៀបនឹងចំនួនភ្ញៀវអន្តរជាតិឆ្នាំ២០២៤ដែលមានចំនួន ៦២២៤ នាក់ ឃើញថាមានការថយចុះចំនួន៩៦.៣៥%។ ដូច្នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបចំនួន ៩៦,៨៣១ នាក់ បើបៀបធៀបទៅនិងឆ្នាំ២០២៤ ដែលមានចំនួនសរុប ៩៤,២០៣ នាក់ ឃើញថាមានការកើនឡើងចំនួន ២.៧៨%៕











ចែករំលែកព័តមាននេះ