រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាកJeepមួយគ្រឿង បើកបោះពួយជ្រុលទៅបុកជាមួយរថយន្តToyota Prius និងបន្តទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត និងធ្វើឱ្យរថយន្តJeepឆេះយ៉ាងសន្ធោសន្ធៅរងការខូចខាតទាំងស្រុង ដែលហេតុការណ៍កើតឡើងនៅវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២៥ ស្ថិតនៅស្តុបណតប្រ៊ីត លើផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានបានអោយដឹងថា គេបានឃើញរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ប្រផេះ ជិះដោយបុរស២នាក់ និងម៉ូតូម៉ូតូហុងដា Click ពណ៌ខ្មៅជិះបុរសម្នាក់ ដោយមធ្យោបាយទាំង២ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រ៊ីត ក្នុងទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុជាផ្លូវបំបែកជាបួន ក៏បានបត់ឆ្វេងឡើងទៅផ្លូវ២០០៤ គាប់ជួនពេលនោះ ក៏ស្រាប់តែបុរស២នាក់ រួមដំណើរជាមួយនិងនារីម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាកJeep ពណ៌ខ្មៅ បើកបោះពួយតាមបណ្ដោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកបញ្ឆិតនិងរថយន្តToyota Priusរួមទាំងម៉ូតូ Click បណ្តាលឲ្យរងការខូចខាត រថយន្តToyota Priusមួយចំហៀងខាងឆ្វេង ចំណែកម៉ូតូរងការខូចខាតបាក់បែកតិចតួច ។

ប្រភពដដែលបន្តទៀតថា លុះនៅពេលបង្កគ្រោះថ្នាក់ហើយ ស្រាប់តែរថយន្តស៊េរីទំនើបម៉ាកjeepនោះបានឆ្លងចរន្ត បណ្តាលឲ្យមានការឆាបឆេះចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង ដែលធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះយកបំពង់ពន្លត់អគ្គិភ័យមកបាញ់អស់៤បំពង់ តែមិនរលត់ ទើបរាយការណ៍ជូនអាជ្ញាធរនិងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យចំនួន១គ្រឿង មកធ្វើការបាញ់អស់ទឹកចំនួន១រថយន្តធ្វើអោយភ្លើងរលត់ទៅវិញទាំងស្រុង ហើយរថយន្តJeep បានរងការខូចខាតអស់ទាំងស្រុងដូចគ្នា ។

ករណីនេះផងដែរ ភាគីខាងរថយន្តញJeepបានធ្វើការដោះស្រាយជាមួយខាងរថយន្តToyota Prius និងម៉ូតូclick ដោយសងសំណងថ្លៃការខូចខាត ដើម្បីបញ្ចប់រឿង ចំណែករថយន្តឆេះសល់តែគ្រោងឆ្អឹង ៕



ចែករំលែកព័តមាននេះ