ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ជុំ៣ថ្ងៃ! ភ្ញៀវ​ទេសចរណ៍​ជិត​៨​ម៉ឺន​នាក់ ​មក​កម្សាន្ត​​​តាមរមណីយដ្ឋាននានាក្នុង​ខេត្ត​ត្បូងឃ្មុំ

3 នាទី មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​៖ ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥ ខេត្ត​ត្បូងឃ្មុំ បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ​ច្រើន​កុះករ​មក​លេង​តាម​តំបន់​រមណីយដ្ឋាន​នានា​សរុប​ចំនួន…

ខេត្ត​ត្បូងឃ្មុំ​៖ ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៥ ខេត្ត​ត្បូងឃ្មុំ បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ​ច្រើន​កុះករ​មក​លេង​តាម​តំបន់​រមណីយដ្ឋាន​នានា​សរុប​ចំនួន ៧៩,១៩៥ នាក់​។ តួលេខ​នេះ​បាន​បង្ហាញ​ពី​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ៧,៦២% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២៤ ដែល​មាន​ចំនួន​សរុប ៧៣,៥៨៧ នាក់​។ ទោះជា​យ៉ាងណា​ក៏​ដោយ ភ្ញៀវ​ទេសចរ​បរទេស​មិន​មាន​វត្តមាន​ក្នុងអំឡុងពេល​នេះ​ទេ
ហើយ​អាជ្ញាធរ​ក៏​ដូច​ជា​ជំនាញ​ទេសចរណ៍​ខេត្ត​ជំរុញ​ឲ្យ​ម្ចាស់​តំបន់​ទេសចរណ៍​នីមួយ​ៗ យកចិត្តទុកដាក់​ពិសេស​គឺ​បរិស្ថាន​ស្អាត​។

កំណើន​ភ្ញៀវ​ទេសចរណ៍​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ទាក់ទាញ នៃ​តំបន់​រមណីយដ្ឋាន​នានា ក្នុង​ខេត្ត​ត្បូងឃ្មុំ ព្រមទាំង​ការ​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ការ​រៀបចំ និង​គ្រប់គ្រង​វិស័យ​ទេសចរណ៍​។

ដើម្បី​ធានា​បាន​នូវ​គុណភាព​សេវាកម្ម និង​បទ​ពិសោធន៍​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរណ៍ មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​អនុវត្ត​សកម្មភាព​សំខាន់​ៗ​មួយ​ចំនួន រួម​មាន​៖

-​ការងារ​ផ្សព្វផ្សាយ​សេចក្តីណែនាំ : មន្ត្រី​ជំនាញ​បាន​ចុះ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​លេខ ០០៨ ស​.​ណ​.​ន ចុះ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៥ របស់​ក្រសួងទេសចរណ៍ ស្តី​ពី​ការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដល់​គ្រប់​ម្ចាស់​អាជីវកម្ម​ទេសចរណ៍​ក្នុង​មូលដ្ឋាន​។

ការងារ​គ្រប់គ្រង​តម្លៃ និង​គុណភាព​សេវា : មន្ទីរ​បាន​ណែនាំ​យ៉ាង​ម៉ឺងម៉ាត់ ដល់​ម្ចាស់​អាជីវកម្ម​ទាំងអស់ ឲ្យ​រក្សា​តម្លៃ​ផលិតផល និង​សេវា​ឲ្យ​បាន​សមរម្យ ព្រមទាំង​តម្រូវ​ឲ្យ​សរសេរ​តម្លៃ​ឲ្យ​បាន​ច្បាស់លាស់ ក្នុង​បញ្ជី​មុខម្ហូប ដើម្បី​ជៀសវាង​ការ​ឡើងថ្លៃ​ហួសហេតុ និង​ផ្តល់​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរណ៍ ក្នុង​ការ​សម្រេចចិត្ត​។

ការងារ​អនាម័យ បរិស្ថាន និង​សណ្តាប់ធ្នាប់ : ក្រៅពី​ការ​យកចិត្តទុកដាក់​លើ​តម្លៃ និង​សេវាកម្ម មន្ត្រី​ក៏​បាន​ជួយ​ណែនាំ​ដល់​ភ្ញៀវ​ទេសចរ ឲ្យ​ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន ដោយ​វេច​ខ្ចប់ និង​ទុកដាក់​សម្រាម​ឲ្យ​បាន​ត្រឹមត្រូវ ទៅ​តាម​ធុងសម្រាម ដែល​បាន​រៀបចំ​ទុក ដើម្បី​រួមចំណែក​ដល់​ភាព​ស្អាតស្អំ និង​ទាក់ទាញ នៅ​តាម​តំបន់​រមណីយដ្ឋាន​ទេសចរណ៍ នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ទាំងមូល​។

សូម​ជម្រាប​ជូន​ថា : ការ​កើនឡើង នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ គឺជា​សញ្ញាណ​វិជ្ជមាន​មួយ សម្រាប់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដែល​បង្ហាញ​ពី​សក្តានុពល​នៃ​ការ​អភិវឌ្ឍន៍​បន្ថែម​ទៀត ជាមួយ​នោះ​កម្លាំង​សមត្ថកិច្ច​ត្រូវ​បាន​ដាក់​ពង្រាយ​តាម​គោលដៅ​តំបន់​ទេសចរណ៍​សំខាន់​ៗ​ក្នុង​ការ​ពង្រឹង​សន្តិសុខ​ក្នុង​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ