ខេត្តកំពង់ស្ពឺ ៖ នគរបាលស្រុកសំរោងទងបានហៅម្ចាស់គោមកធ្វើការអប់រំ បន្ទាប់ពីព្រលែងសត្វគោឱ្យដើរពាសវាលពាសកាលលើផ្លូវសាធារណៈ ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរលើដងផ្លូវបាន ។

ការហៅម្ចាស់សត្វគោធ្វើការអប់រំ ធ្វើឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៤ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវល្លិសរ បានចុះធ្វើការអប់រំ ណែនាំដល់ម្ចាស់គោដែលតែងតែព្រលែងសត្វចិញ្ចឹមរបស់ខ្លួនឱ្យដើរពាសវាលពាសកាល ជាពិសេស លើផ្លូវសា ធារណៈ ។
នគរបាលឃុំវល្លិ៍សរបាននិយាយឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺរួចមក មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំវល្លិ៍សរក៏បានហៅម្ចាស់គោមកធ្វើការអប់រំណែនាំ ដែលម្ចាស់សត្វគោតែងតែយកមកឱ្យស៊ីស្មៅ និងព្រលែងនៅជាប់និងផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១ -លេខ៤២ ស្ថិតនៅក្នុងភូមិវល្លិ៍សរ ឃុំវល្លិ៍សរ ស្រុកសំរោងទង ។

ដោយសូមឱ្យមានអ្នកមើលនិងឃ្វាលឱ្យត្រឹមត្រូវ មិនឱ្យយកសត្វគោចិញ្ចឹមរបស់ខ្លួនមកចង ឬព្រលែងចោល នៅជាប់ផ្លូវសាធារណៈ ដែលមានការធ្វើចរាចរណ៍មមារញឹកនោះទេ ។ ជាពិសេសនោះ គឺនៅតាមបណ្តាផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១ជាដើម ដែលជាហេតុអាចបង្ករគ្រោះថ្នាក់ដល់អ្នកបើកបរ ធ្វើដំណើរតាមដងផ្លូវជាយថាហេតុផងដែរ ។
នគរបាលឃុំវល្លិ៍សរបានបញ្ជាក់ថា ក្រោយពីធ្វើការអប់រំណែនាំរួច ម្ចាស់សត្វគោក៏បានទទួលកំហុស ក៏សម្រេចដឹកសត្វចិញ្ចឹមរបស់ខ្លួនយកទៅចងនៅកន្លែងផ្សេង និងតាមវាលស្រែ និងចំការក្នុងភូមិវិញទៅ៕
ចែករំលែកព័តមាននេះ