ខេត្តកំពង់ចាម ៖ ដោយមើលឃើញព្រះចៅអធិការវត្តស្រឡាញ់ពិស័យកីឡាទូក.ង ត្រូវបានឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានប្រគេនទូកងខ្នាតវែងមួយគ្រឿង ជូនវត្តកោះជ្រូក ដោយធ្វើឡើង នាព្រឹកថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២៥ ស្ថិតនៅក្នុងបរិវេណវត្តដីដុះក្រុងកំពង់ចាម សម្រាប់យកទៅចូលរួមក្នុងកម្មវិធីបុណ្យទានធំៗ ។

ព្រះបុណ្ណសោភ័ណ ជី សំណាង ព្រះចៅអធិការវត្តកោះជ្រូក មានថេរៈដិការ ហើយដឹងថា សព្វថ្ងៃនៅវត្តរបស់ព្រះអង្គ គឺមានទូកងចំនួន៣គ្រឿង ជាប្រភេទទូកងខ្នាតអន្តរជាតិ ដែលមានទីតាំងស្ថិតនៅឃុំកោះសំរោង ស្រុកកំពង់សៀម ។ ពេលមានរដូវបុណ្យទានម្ដងៗ តែងតែយកទូកងទៅចូលរួមប្រណាំងក្នុងកម្មវិធីបុណ្យផ្សេងៗនៅក្នុងខេត្តកំពង់ចាម មានជាហូរហែ និងទទួលបានចំណាត់ថ្នាក់ល្អទៀតផង ។

ព្រះចៅអធិការវត្តកោះជ្រូក បានបន្តឲ្យដឹងទៀតថា ដោយមើលឃើញពីទឹកចិត្តរបស់ព្រះអង្គ ស្រឡាញ់វិស័យកីឡាទូកង ហើយត្រូវបានឯកឧត្តមអភិបាលខេត្ត និងឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រះចៅអធិការវត្តដីដុះក្រុងកំពង់ចាម ព្រមទាំងគណៈកម្មការអាចារ្យវត្ត បានប្រគេនទូកងខ្នាតវែងមួយគ្រឿង ដែលមានចំណុះរហូតដល់៧៣នាក់ ប្រគេនមកវត្តកោះជ្រូក ។
ជាមួយនោះ វត្តដីដុះ និងធ្វើទូកងថ្មីសន្លាងមួយគ្រឿងទៀតដែលជាងហ្នឹងចាប់ផ្ដើមធ្វើឆាប់ៗ ។ ជាក់ស្ដែង កាលពីវេនដាក់បិណ្ឌទី៧ នៅកោះសំរោង ព្រះអង្គ បានសុំច្បាប់ការអនុញ្ញាតពីប្រធានមន្ទីរធម្មការខេត្ត និងរដ្ឋបាលខេត្ត បានអនុញ្ញាតឱ្យមានកម្មវិធីប្រណាំងទូកងចំនួន៨គូ ស្មើនឹង១៦ទូក គ្រានោះ គឺមានពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយបាននាំគ្នាឆ្លងសាឡាងពីត្រើយកំពង់ចាម និងមួយផ្នែកពីត្បូងឃ្មុំ មកទស្សនាកម្សាន្តសប្បាយលេងក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ មានរហូតដល់រាប់ពាន់នាក់ឯណោះ ។

ព្រះចៅអធិការវត្តកោះជ្រូក បានបញ្ជាក់ថា ចំពោះទូកង ដែលឯកឧត្តមអភិបាលខេត្តប្រគេនដល់វត្តកោះជ្រូក និងត្រូវដាក់ឈ្មោះថ្មីថា«ពេជ្រធិបតីបារមីកោះសំរោង» រួមទាំងទូកនេះមួយគ្រឿងទៀតកើនដល់៤គ្រឿង នៅក្នុងវត្តរបស់ព្រះអង្គ ពេលណាមានបុណ្យទានខាងមុខ ព្រះអង្គនឹងជ្រើសរើសយកទូកណាមួយក្នុងចំណោមទាំងបួនគ្រឿង ដើម្បីយកទៅប្រកួតប្រជែងជាមួយនឹងទូកងផ្សេងទៀត ។
សូមបញ្ជាក់ថា វិធីប្រណាំងទូកង គឺមានប្រវត្តិតាំងពីយូរយារាប់រយឆ្នាំមកហើយ ដូច្នេះព្រះអង្គត្រូវតែរក្សាប្រពៃណីដូនតាឱ្យបានគង់វង្សយូរអង្វែងទៅអនាគត ៕


ចែករំលែកព័តមាននេះ