ទីក្រុងញូយ៉ក៖ ប្រធានាធិបតីបណ្ដោះអាសន្ននៅប្រទេសស៊ីរី លោកអាល់សារ៉ា (al-Sharaa) បានឡើងថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិជាលើកដំបូងចាប់តាំងពីលោកឡើងកាន់អំណាច។ ឆ្លៀតឱកាសនោះ លោកប្រកាសថ្កោលទោសអ៊ីស្រាអែលជាទម្ងន់ចំពោះការវាយប្រហារទៅលើទីតាំងមួយចំនួននៅប្រទេសស៊ីរីជាបន្តបន្ទាប់។ ប៉ុន្តែលោកមិនចង់យកកំហឹងទល់កំហល់ទេ វានាំឱ្យខូចការណ៍ធំ។ លោកគាំទ្រការដោះស្រាយបញ្ហាដោយការសន្ទនាគ្នា។
លោកសារ៉ាក៏សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិលុបចោលទាំងស្រុងនូវការដាក់ទណ្ឌកម្មទៅលើប្រទេសស៊ីរីដែលបន្សល់ទុកតាំងពីមេដឹកនាំជំនាន់មុន។ មេដឹកនាំស៊ីរីរូបនេះបានរំលេចឱ្យឃើញការរងទុក្ខវេទនារបស់ប្រជាជនស៊ីរីអស់រយៈពេលជាច្រើនទសវត្ស។ លោកថ្លែងនៅចុងបញ្ចប់សុន្ទរកថាថាដោយសារប្រជាជនស៊ីរីធ្លាប់ហែលឆ្លងទុក្ខវេទនា ដូច្នេះ ពួកគេតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ លោកសូមអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សាត្រឹមនេះចុះ។
គិតទៅ ចាប់តាំងពីឆ្នាំ១៩៦៧រហូតមកដល់ពេលនេះជិត៦០ឆ្នាំហើយដែលមេដឹកនាំស៊ីរីឡើងថ្លែងសុន្ទរកថានៅអង្គការសហប្រជាជាតិ។ លោកសារ៉ាថ្លែងថាប្រទេសស៊ីរីបានបើកទំព័រសករាជថ្មីនៃប្រវត្តិសាស្ត្ររបស់ខ្លួនបន្ទាប់ពីឆ្លងកាត់ការគ្រប់គ្រងដោយកណ្ដាប់ដៃដែកពីសំណាក់គ្រួសារអាល់អាសាតរយៈពេលជាង៥០ឆ្នាំ។ លោកថ្លែងបន្តទៀតថាអំណឹះតទៅ ប្រទេសស៊ីរីចាប់ផ្ដើមបម្លែងខ្លួនពីប្រទេសដែលធ្លាប់តែមានវិបត្តិទៅប្រទេសដែលខិតខំកសាងសន្តិភាពវិញម្ដង។
ប៉ុន្តែលោកក៏សូមព្រមានអ៊ីស្រាអែលដែលតែងតែវាយឆ្មក់ចូលទឹកដីស៊ីរី។ លោកចាត់ទុកថាទង្វើនោះជាការតាមយាយីអនាគតរបស់ប្រទេសស៊ីរី។ លោកសូមធានាអះអាងថានឹងនាំយកអ្នកដៃដល់នៅក្នុងអំពើកាប់សម្លាប់មនុស្សមកទទួលខុសត្រូវនៅចំពោះមុខច្បាប់។ នៅក្នុងបរិបទនេះ អ៊ីស្រាអែលនៅតែបន្តវាយប្រហារមកលើប្រទេសស៊ីរី។ ដូច្នេះជាការធ្វើផ្ទុយពីអ្វីដែលសហគមន៍អន្តរជាតិកំពុងគាំទ្រស៊ីរី។ ការវាយប្រហារនេះអាចធ្វើឱ្យមានវិបត្តិសាជាថ្មី។
លោកសារ៉ាសូមបញ្ជាក់ជាថ្មីថារដ្ឋាភិបាលរបស់លោកគោរពទៅតាមកិច្ចព្រមព្រៀងឈប់បាញ់ដែលស៊ីរី និងអ៊ីស្រាអែលបានឯកភាពគ្នាកាលពីឆ្នាំ១៩៧៣។ កាលពីពេលរបបអាល់អាសាតដួលរលំភ្លាមៗ អ៊ីស្រាអែលប្រកាសថាខ្លួនឈប់គោរពតាមកិច្ចព្រមព្រៀងនោះទៀតហើយ។ យើងសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិឈរនៅខាងយើងដើម្បីទប់ទល់នឹងការវាយប្រហារទាំងនេះ។
បន្ទាប់ពីប្រធានាធិបតីស៊ីរីថ្លែងសុន្ទរកថាចប់ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានចេញសេចក្ដីថ្លែងការណ៍ថាបើសិនចង់ឱ្យអ៊ីស្រាអែលទទួលយកកិច្ចព្រមព្រៀងណាមួយលុះត្រាតែប្រទេសស៊ីរីធានាការពារផលប្រយោជន៍របស់អ៊ីស្រាអែល។ ក្នុងនោះមានការប្រែក្លាយភាគនិរតីប្រទេសស៊ីរីជាតំបន់គ្មានកងទ័ព និងការពារសិទ្ធិរបស់ជនជាតិភាគតិចឌ្រូស (Druze)។
សព្វថ្ងៃនេះនៅអ៊ីស្រាអែលមានជនជាតិឌ្រូសប្រហែល១,៥សែននាក់កំពុងរស់នៅ។ ចំណែកនៅប្រទេសស៊ីរីក៏មានជនជាតិនេះរស់នៅផងដែរ។ ប៉ុន្តែពួកគេប្រឈមនឹងជនជាតិភាគតិចដទៃទៀត។ កាលពីពេលអ៊ីស្រាអែលវាយប្រហារតាមអាកាសដើមឆ្នាំ២០២៥ទៅលើទីតាំងមួយចំនួននៅស៊ីរី អ៊ីស្រាអែលប្រកាសថាខ្លួនចាំបាច់ត្រូវតែធ្វើដូច្នេះដើម្បីការពារជនជាតិឌ្រូស។ កាលនោះ មានការចោទប្រកាន់ថាកងជីវពលដែលស្មោះស្ម័គ្រនឹងលោកសារ៉ាបានចូលរួមប្រព្រឹត្តអំពើឃោរឃៅទៅលើជនជាតិឌ្រូស។ នេះបើយោងតាមប្រភពពីហ្វ្រង់២៤ (France 24), រ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ