ទីក្រុងបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកអនុទីន ចាន់វីរ៉ាគុល សន្យាថាលោកនឹងរំលាយសភានៅចុងខែមករា ឆ្នាំ២០២៦។ បន្ទាប់មក នឹងរៀបចំការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រនៅខែមីនា ឬដើមខែមេសា។ លោកអនុទីនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីអ្នកតំណាងរាស្ត្រដើម្បីក្លាយជានាយករដ្ឋមន្ត្រី។ ប៉ុន្តែរដ្ឋាភិបាលរបស់លោកសព្វថ្ងៃនេះជារដ្ឋាភិបាលសំឡេងភាគតិចដោយសារគណបក្សប្រជាជនបានត្រឹមតែជួយជ្រោមជ្រែងលោកឱ្យកាន់តំណែងនាយករដ្ឋមន្ត្រី រួចហើយគណបក្សនេះនៅធ្វើជាគណបក្សក្រៅរដ្ឋាភិបាលដដែល។
ស្ថានភាពអាប់អួនៅក្នុងនយោបាយថៃធ្វើឱ្យប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី២នៅអាស៊ីអាគ្នេយ៍មួយនេះរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ទីភ្នាក់ងារវិភាគហិរញ្ញវត្ថុរបស់អាមេរិកាំងហ្វ៊ីតរេតធីង (Fitch Ratings) បានវាយតម្លៃឡើងវិញទៅលើយថាទស្សន៍នៃស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ថៃ។ ពោលគឺប្រែប្រួលពីមានស្ថិរភាព ឬមានលំនឹងទៅជាអវិជ្ជមានព្រោះប្រទេសនេះមានហានិភ័យផ្នែកហិរញ្ញវត្ថុសាធារណៈនៅពេលស្ថានភាពនយោបាយនៅតែមិនប្រាកដប្រជា។
លោកអនុទីនឡើងមកកាន់អំណាចលើកនេះមិនស្រួលប៉ុន្មានទេព្រោះត្រូវប្រឈមនឹងការដំឡើងពន្ធគយពីសំណាក់ប្រទេសអាមេរិកទៅលើទំនិញថៃ គួបផ្សំនឹងបញ្ហាដទៃទៀតដូចជាបំណុលសរុបក្នុងស្រុកហក់ឡើងខ្ពស់ និងអត្រាទិញទំនិញក្នុងស្រុកនៅអន់ថយ។ នៅក្នុងចំណោមផែនការដែលរដ្ឋាភិបាលត្រៀមអនុវត្តមានដូចជាការសម្រាលបន្ទុកលើថ្លៃចំណាយប្រចាំថ្ងៃរបស់ប្រជាជន និងការដោះស្រាយបញ្ហាតម្លៃកសិផលធ្លាក់ចុះ។ រដ្ឋនឹងជួយរកទីផ្សារឱ្យកសិករ។
លោកអនុទីនថ្លែងប្រាប់អ្នកសារព័ត៌មានថារដ្ឋាភិបាលរបស់លោកប្រកាន់នយោបាយច្បាស់លាស់មួយគឺមិនគាំទ្រល្បែងស៊ីសងទេ។ ដូច្នេះ លោកសូមបដិសេធគម្រោងសាងសង់មជ្ឈមណ្ឌលកម្សាន្តដែលមានកាស៊ីណូនៅក្នុងនោះ និងមិនអនុញ្ញាតឱ្យបើកល្បែងស៊ីសងតាមអនឡាញដោយស្របច្បាប់ទេ។ សម្រាប់ឆ្នាំនេះ ប្រទេសថៃព្យាករថាខ្លួនអាចនឹងមានកំណើនសេដ្ឋកិច្ច២%។ ខាងលើនេះជាការដកស្រង់ប្រភពពីរ៉យទ័រ និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ