ខេត្តកំពង់ឆ្នាំង ៖ រថយន្តចំនួន៤គ្រឿងបានបុកបន្តកន្ទុយគ្នានៅលើផ្លូវជាតិលេខ៥ ខណៈដែលចរាចរណ៍កំពុងតែមមារញឹក ដោយសារការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋពីស្រុកកំណើតទៅកន្លែងធ្វើការវិញ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២៥ នៅចន្លោះគីឡូម៉ែត្រលេខ១១១ និងលេខ ១១២ ចំណុចមុខផ្ទះបន់ស័ក្តិសិទ្ធ (ជាអតីតផ្ទះខ្មោចទិញ) ស្ថិតក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ។

តាមការបញ្ជាក់របស់សមត្ថកិច្ចនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នានេះ ពុំមាននរណារងរបួសនោះទេ ។ ប្រភពដដែលបានបញ្ជាក់ថា រថយន្តទី១-ម៉ាកហាយឡិនឌ័រ បានបន្ថយល្បឿនពេលជួបឧបសគ្គ ហើយត្រូវរថយន្តម៉ាកព្រូសពណ៌ទឹកប្រាក់បានទៅបុកពីក្រោយរថយន្ត ។ បន្ទាប់មកទៀត គឺរថយន្តម៉ាកតាកូម៉ាមួយបាំងកន្លះ ពណ៌.ស បុកពីក្រោយនិងចុងក្រោយ គឺរថយន្តម៉ាកស៊ីណា ពណ៌ទឹកមាស ទៅបុកពីក្រោយរថយន្តតាកូម៉ា ។

ចំពោះការខូចខាតគឺមានការខូចខាតកំពិតរថយន្តខាងមុខ និងខាងក្រោយ ដោយម្ចាស់ភាគីទាំង៤រថយន្តសម្រេចសម្របសម្រួលគ្នាបញ្ចប់រឿង ហើយធ្វើដំណើរទៅមុខទៀតដោយឡែក រថយន្តខ្លះមិនអាចទៅបាន ក៏ត្រូវអូសចូលជាងជួសជុលដោយខ្លួនឯង ។

នេះជាសារដាស់តឿនមួយ សម្រាប់បងប្អូនក្នុងការធ្វើដំណើរគ្រាហ៍ដែលមានចរាចរណ៍មមារញឹកក្នុងពេលខែបុណ្យទាន គួរប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ។
ចែករំលែកព័តមាននេះ