រាជធានីភ្នំពេញ ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃទី២៤ ខែកញ្ញានេះថា ៖ ថ្ងៃទី២៣ ខែកញ្ញា យន្តហោះចំនួន១៣គ្រឿង បានផ្លាស់គោលដៅ ចុះចតបណ្ដោះអាសន្ន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ព្រោះដោយសារការទទួលរងឥទ្ធិពលពីព្យុះរ៉ាហ្គាសា

ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការទទួលយកស្នើសុំចុះចត ដោយជោគជ័យនាលើកនេះ បានបង្ហាញពីសមត្ថភាពជាក់ស្ដែងចម្រុះរបស់អាកាសយានដ្ឋានមួយនេះ ។
សូមបញ្ជាក់ថា ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ អាកាសយានដ្ឋានអន្តរជាតិតេជោ បានទទួលស្វាគមន៍ចំពោះការមកចុះចតរបស់យន្តហោះក្រុមហ៊ុន Cathay Pacific ចំនួន១៣គ្រឿង ដែលការចុះចតនេះ មានរយៈពេលចំនួន៣ថ្ងៃ ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ។ ទូរទស្សន៍ជាតិកម្ពុជា បានផ្សាយនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ។

ដោយកត្តាអាកាសធាតុមិនអំណោយផល គឺទីក្រុងហុងកុងទទួលរងឥទ្ធិពលពីព្យុះរ៉ាហ្គាសា (Ragasa) ក្រុមហ៊ុន Cathay Pacific បានសម្រេចចិត្តផ្ទេរយន្តហោះរបស់ខ្លួនចំនួន១៣គ្រឿង មកចុះចតជាបណ្តោះអាសន្ននៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ 4F និងជាប្រភេទអាកាសយានដ្ឋានអន្តរជាតិ ដែលមានស្តង់ដារខ្ពស់បំផុត គាំទ្រដល់ការចុះចតរបស់យន្តហោះគ្រប់ប្រភេទប្រកបដោយទំនុកចិត្ត ៕


ចែករំលែកព័តមាននេះ