រាជធានីភ្នំពេញ៖ ក្មេងប្រុសជំទង់ម្នាក់វ័យទើបតែ១៦ឆ្នាំប៉ុណ្ណោះ បានបានបង្កាត់ភ្លើងស្នេហាជាមួយនារីវ័យ១៩ឆ្នាំម្នាក់ ដែលមានចាក់សាក់នៅលើដៃផងនិងជក់បារីផង ដែលទំនាក់ទំនស្នេហាអូនបងនេះមានរយៈពេល៤ខែមកហើយ ។ លុះចុងក្រោយបានដឹកដៃគ្នាចូលក្រេបទឹកឃ្មុំនៅក្នុងផ្ទះសំណាក់មួយកន្លែង ហើយក៏ត្រូវបាននាងជាសង្សារលេង១ក្បាច់ ដោយខ្ចីម៉ូតូជិះទៅរកទិញបារីជក់ រួចក៏យកទៅបាត់ព្រមទាំងប្លុកហ្វេសប៊ុកចោលទៀត ។ ប៉ុន្តែក្រោយមកក្មេងប្រុសជំទង់រូបនោះលេង១ក្បាច់វិញ ដោយពឹងងឲ្យមិត្តភក្ដិរបស់ខ្លួនម្នាក់ប្រើល្បិចធ្វើជាទាក់ទងស្នេហាជាមួយនារីនោះ និងណាត់ជួបគ្នា ទើបឃាត់ខ្លួនប្រគល់ឲ្យនគរបាល ។
ហេតុការណ៍រំលោភលើទំនុកចិត្តនោះបានកើតឡើង កាលពីវេលាម៉ោង៤និង៤០នាទីជិតភ្លឺថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងផ្ទះសំណាក់យីហោ «ដំណាក់អូន » ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្មេងប្រុសជំទង់រងគ្រោះព្រោះជួបស្រីស្នេហ៍បោកយកម៉ូតូនោះឈ្មោះ លាស់ បញ្ញា អាយុ១៦ឆ្នាំ មានទីលំនៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ បាត់បង់ម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពី ស៊េរីឆ្នាំ២០២៣ ពណ៍ក្រហម ពក់ស្លាកលេខភ្នំពេញ1LR-0363 ។ ដោយឡែកស្រីស្នេហ៍ឈ្មោះផុន ដួងសុភីនី ហៅស្រីកា អាយុ១៩ឆ្នាំ ស្នាក់នៅបន្ទប់ជួលខាងក្រោយផ្សារព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ក្មេងប្រុសជំទង់រងគ្រោះបានប្រាប់ឲ្យនគរបាលដឹងថា ខ្លួនបានស្គាល់នារីជាជនសង្ស័យនៅមុខអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយក៏បានមានទំនាក់ទំនងស្នេហាគ្នា តាមបណ្ដាញសង្គមហ្វេសប៊ុករយៈពេល៤ខែមកហើយ ។ លុះដល់យប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ក៏បានណាត់គ្នាចូលដេកផ្ទះសំណាក់យីហោ «ដំណាក់អូន»ខាងលើ រហូតដល់វេលាម៉ោង៤និង៤០នាទីជិតភ្លឺថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នាងផុន ដួងសុភីនី ហៅស្រីកា បានខ្ចីម៉ូតូខ្លួនជិះ ។
ក្មេងប្រុសជំទង់ខាងលើបាននិយាយប្រាប់នគរបាលទៀតថា ខណៈនោះនាងបានប្រាប់ខ្លួនថាទៅទិញបារីជក់ រួចក៏ជិះយកទៅបាត់រហូតតែម្ដង មិនតែប៉ុណ្ណោះកន្លះម៉ោងក្រោយមកបានប្លុកហ្វេសប៊ុករបស់ខ្លួនចោលថែមទៀតផង ។ បន្ទាប់មកនៅថ្ងៃទី២២ ខែកញ្ញា ខ្លួនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ហើយក្រោយមកទៀតខ្លួនក៏បានពឹងឲ្យមិត្តភក្ដិម្នាក់ជួយប្រើល្បិចធ្វើជាទាក់ទងស្នេហានារីជនសង្ស័យរូបនោះតាមបណ្ដាញសង្គមហ្វេសប៊ុក ។
លាស់ បញ្ញា បាននិយាយបន្ថែមទៀតថា មិត្តភក្ដិរបស់ខ្លួនបានធ្វើឲ្យជនសង្ស័យទុកចិត្ត លុះដល់វេលាម៉ោង៨យប់ថ្ងៃទី២៤ ខែកញ្ញា មិត្តភក្ដិខ្លួនបានឆាតណាត់ជួបជនសង្ស័យដោយកុហកថាហូបអីនៅម្ដុំបុរីពិភពថ្មីឈូកវ៉ា២ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ពេលនោះនារីជាជនសង្ស័យក៏បានទៅតាមការណាត់របស់មិត្ភក្ដិខ្លួនមែន ទើបខ្លួននិងមិត្តភក្ដិធ្វើការឃាត់ខ្លួនបានរួចប្រគល់ឲ្យនគរបាលប៉ស្តិ៍ចោមចៅទី៣ ធ្វើការសាកសួរនិងចាត់ការតាមច្បាប់តែម្ដង ។
ក្រោយពេលឃាត់ខ្លួននារីជាជនសង្ស័យបាននិយាយថា នាងពិតជាបានបោកយកម៉ូតូនោះពីជនរងគ្រោះមែន ប៉ុន្តែក្រោយមកមានមិត្តភក្ដិនាងម្នាក់ទៀតបានខ្ចីម៉ូតូនោះបន្តពីនាងជិះយកទៅបាត់ហើយ ៕











ចែករំលែកព័តមាននេះ