ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ណែនាំដល់មន្ត្រីក្រោមឱវាទថែក្សាការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យតឹងរ៉ឹង ក្នុងឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។
យោងតាមការចុះផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដសៀមរាប បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ប្រចាំខែកញ្ញា ឆ្នាំ២០២៥ និងលើកទិសដៅសម្រាប់ខែបន្ត ព្រមទាំងផ្សព្វផ្សាយផែនការ ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទានរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍លើកសរសើរពីការខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ច ក្នុងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នាពេលកន្លងមកបានល្អប្រសើរ។
បន្ថែមលើនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានមានប្រសាសន៍ណែនាំបន្ថែម និងដាក់ចេញនូវផែនការ ការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីធានាដល់ការដឹកនាំបញ្ហាប្រតិបត្តិការដោយផ្អែកលើជំនាញ និងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន ដោយមានភាពម្ចាស់ការ ក្នុងការគ្រប់គ្រងសភាពការណ៍ និងត្រូវយកចិត្តទុកដាក់បង្កើនការក្តាប់សភាពការណ៍ពាក់ព័ន្ធ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសសកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ឧបាយកលសកម្មភាពប៉ុនប៉ងបង្កចលាចលសង្គម និងសកម្មភាពល្មើសផ្សេងៗទៀត សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាប ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា និងត្រូវបន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យកាន់តែសកម្មផុលផុស និងជាពិសេសផងដែលត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានហ្មត់ចត់នូវមុខសញ្ញាប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗទៀត រួមទាំងការប្រើប្រាស់អាវុធ រំសេវ គ្រឿងផ្ទុះ ការជួញដូរ-ប្រើប្រាស់គ្រឿងញៀន សកម្មភាពក្មេងទំនើង អំពើហិង្សា និងការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន ដោយប្រើប្រាស់វិធានការជំនាញស្របតាមច្បាប់ដែលបានកំណត់៕
ចែករំលែកព័តមាននេះ