រាជធានីភ្នំពេញ៖ កម្ពុជា ពង្រឹងវិធានការគ្រប់គ្រងធនធានទឹក និងវិធានការឆ្លើយតបគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់ រាំងស្ងួត ខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ជាដើម នៅទូទាំងប្រទេស។
យោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំដើម្បីពង្រឹងវិធានការគ្រប់គ្រងធនធានទឹក និងវិធានការឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិនៅទូទាំងប្រទេស។
បើតាមក្រសួង, ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងពីពិភពលោកបច្ចុប្បន្នដែលកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ ការឡើងកម្ដៅដ៏ខ្ពស់មិនធ្លាប់មាន គ្រោះមហន្តរាយធម្មជាតិ គ្រោះទឹកជំនន់នៅរដូវវស្សា គ្រោះរាំងស្ងួតនៅរដូវប្រាំង ខ្យល់ព្យុះ និងខ្យល់កន្ត្រាក់ជាដើម ហើយដែលការប្រែប្រួលនេះបង្កផលប៉ះពាល់ជាខ្លាំងដល់បណ្តាប្រទេសជាច្រើននៅលើសកលលោក និងក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាក់ស្តែងក្នុងរដូវវស្សាឆ្នាំនេះ ឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាបបានបង្កឱ្យមានខ្យល់ព្យុះនិងទឹកជំនន់ក្នុងតំបន់ ព្រមទាំងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលឥទ្ធិពលនេះបានបណ្តាលឱ្យកើតមានជំនន់ទឹកភ្លៀងនៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក បានផ្ដល់នូវអនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំតាមមុខព្រួញឱ្យបន្តកិច្ចសហការជិតស្និទ្ធជាមួយនាយកដ្ឋានជំនាញដូចជា នាយកដ្ឋានធារាសាស្ត្រកសិកម្ម នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក និងនាយកដ្ឋានឧតុនិយមជាដើម ព្រមទាំងមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ដើម្បីពង្រឹងការគ្រប់គ្រងប្រតិបត្តិការបិទបើកទឹកតាមបច្ចេកទេសនៅតាមសំណង់ស្ទាក់ទឹក និងតាមដានស្ថានភាពទឹកនៅតាមអាងទឹក និងប្រព័ន្ធធារាសាស្ត្រនានា ហើយត្រៀមលក្ខណៈជានិច្ច ដើម្បីឆ្លើយតបចំពោះគ្រោះរាំងស្ងួតនិងគ្រោះទឹកជំនន់ រួមទាំងជំនន់ឆាប់រហ័សផងដែរ។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹកបន្ថែមដល់គ្រប់អង្គភាពជំនាញឱ្យបង្កើនការយកចិត្តទុកដាក់ថែរក្សាទឹកទុកឱ្យបានល្អ និងផ្សព្វផ្សាយពីការប្រើប្រាស់ទឹកសម្រាប់គ្រប់វិស័យ ជាពិសេសទៅដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរមូលដ្ឋាន៕
ចែករំលែកព័តមាននេះ