ខេត្តសៀមរាប ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានជូនដំណឹងស្ដីពីការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវខេត្តលេខ ៦២-៣ (បេងមាលា-ខ្វាវ) ។

ដោយយោងតាមស្ថានភាពជំនន់ទឹកភ្លៀង ក្នុងភូមិសាស្ត្រស្រុកស្វាយលើ បាននិងកំពុងជន់ឡើងខ្លាំង ធ្វើឱ្យលិចលង់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មួយចំនួនក្នុងភូមិសាស្ត្រស្រុកស្វាយលើ ។ ក្នុងន័យនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សូមផ្អាកការធ្វើចរាចរណ៍ចំពោះរថយន្តគ្រប់ប្រភេទលើកំណាត់ផ្លូវខេត្តលេខ ៦២-៣ (បេងមាលា-ខ្វាវ) ជាបណ្តោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ គិតត្រឹមម៉ោង១និង២០នាទីរសៀល ជំនន់ទឹកភ្លៀងបានស្រកចុះ និងហូរដាច់ បណ្តាលឱ្យខូចខាតផ្លូវក្រួសក្រហមមូលនិធិឃុំឆ្នាំ២០២៤ នៅភូមិទ័ពជ័យ ជាច្រើនកន្លែង ប្រវែងប្រហែល៣០០ម៉ែត្រ និងហូរច្រោះដាច់ផ្លូវក្រួសក្រហម ពីចំណុចភូមិចាន់ហៀរ ទៅភូមិទ័ពជ័យ ជាច្រើនកន្លែង ប្រវែងប្រហែល៥០០ម៉ែត្រ និងហូរច្រោះផ្លូវក្រួសក្រហមគម្រោងបឹងទន្លេសាប ជាច្រើនកន្លែង ពីចំណុចភូមិចាន់ហៀរ ទៅភូមិរំចេក ឃុំស្វាយលើ ប្រវែងប្រហែល ២៥០ម៉ែត្រ ៕




ចែករំលែកព័តមាននេះ