រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលឯកឧត្តម Olivier RICHARD ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។
ក្នុងឱកាសនៃជំនួប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
ឯកឧត្តម ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ថា បារាំង និងកម្ពុជា គឺជាដៃគូដ៏យូរអង្វែង ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ និងប្រកបដោយភាពរឹងមាំ។ ជាមួយគ្នានេះ, ឯកឧត្តមបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការ ទ្វេភាគី ឱ្យកាន់តែខ្លាំងក្លា, រីកចម្រើន និង រឹងមាំថែមទៀត ។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះឯកឧត្តម Olivier RICHARD ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចាំកម្ពុជា។ សម្ដេចបវរធិបតី បានបង្ហាញជំនឿជឿជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តម នឹងក្លាយជាកម្លាំងចលករបន្ថែមទៀត ក្នុងការរឹតចំណង និងពង្រឹងទំនាក់ទំនង និងមិត្តភាព ព្រមទាំង កិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងក្នុងក្របខណ្ឌ នៃទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល, ប្រជាជន និងប្រជាជន រួមទាំងវិស័យឯកជន និងវិស័យឯកជន ។
សម្ដេចបវរធិបតីបានបន្ថែមថា វឌ្ឍនភាពនៃទំនាក់ទំនងកម្ពុជា-បារាំង ជាកាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន និងបានបើកឱកាសបន្ថែមជាច្រើនទៀត សម្រាប់ប្រទេសទាំងពីរ ។
សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានពិភាក្សា និងឯកភាពគ្នាបន្តជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗរួមមានជាអាទិ៍៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងវិនិយោគ, អប់រំ, សុខាភិបាល, ថាមពល, វប្បធម៌ និងបរិស្ថាន។
ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់ប្រធានាធិបតីបារាំង ឯកឧត្តម Emmanuel Macron ដែលបានគាំទ្រដល់បទឈប់បាញ់កន្លងមក និងបានជម្រាបជូនឯកឧត្តមអគ្គរដ្ឋទូតអំពីបច្ចុប្បន្នភាពស្តីពីការវិវឌ្ឍនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សទ្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាបជូនសម្ដេចបវរធិបតីថា ឯកឧត្តមបានចុះទៅពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន និងបានបន្តតាមដាន និងរាយការណ៍អំពីស្ថានភាពនេះជូនថ្នាក់ដឹកនាំបារាំង ជាប្រចាំ៕






ចែករំលែកព័តមាននេះ