ខេត្តបាត់ដំបង ៖ ឧបករណ៍នេសាទខុសច្បាប់ (សាច់អួន ឬណរ៉ាវ) ប្រវែងជិត១០០០ម៉ែត្រ ដែលជនល្មើសដាក់ពង្រាយចំនួន០៣ទីតាំងក្នុងតំបន់ទន្លេសាប ត្រូវបានសមត្ថកិច្ចចម្រុះស្រុកសង្កែកា.ប់បំផ្លា.ញចោល កាលពីថ្ងៃទី១៨ កញ្ញា តែរកមិនឃើញមុខម្ចាស់បទល្មើសទេ ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានរាយការណ៍ថា ទីតាំងប្រព្រឹត្តបទល្មើសនេសាដែលត្រូវកម្លាំងចម្រុះស្រុកសង្កែចុះកាប់បំផ្លាញចោលនោះមាននៅក្មុងភូមិសាស្ត្រ ឃុំកំពង់ព្រះ និងឃុំកំពង់ព្រៀង ក្នុងស្រុកសង្កែ ។ បើតាមសមត្ថកិច្ចបាននិយាយថា កម្លាំងចម្រុះបានស្រាវជ្រាវរកឃើញបទល្មើសនេសាទចំនួន០៣ទីតាំង ។
ជនល្មើសបានប្រើប្រាស់«សាច់អួន»ក្រឡាញឹកដែលច្បាប់ហាមឃាត់ដាក់ពង្រាយនៅតាមតំបន់ទន្លេសាប ហើយត្រូវបានរុះរើ និងកាប់បំផ្លាញចោលតែម្ដង ។ របាយការណ៍បាន្យដឹងថា បទល្មើសនេសាទចំនួន០២ទីតាំង មាននៅក្នុងទឹកដីឃុំកំពង់ព្រះ និង០១ទីតាំងមាននៅទឹកដី ឃុំកំពង់ព្រៀង ។ ឧបករណ៍នេសាទខុសច្បាប់ ដែលត្រូវកម្លាំងចម្រុះកាប់កម្ទេចចោលទាំង០៣ទីតាំង រួមមាន៖ ១-សាច់អួន (ណរ៉ាវ) ប្រវែង៩០០ម៉ែត្រ ២-បង្គោលឈើចំនួន១០ដើម ៣-ឡុកចាប់ត្រីចំនួន០២ ។ ប៉ុន្តែរបាយការណ៍មិនបានបង្ហាញឈ្មោះជនប្រព្រឹត្តបទល្មើសនេសាទទាំងនេះទេ ទំនងរកមុខមិនឃើញ ។

មួយរយៈកន្លងទៅនេះ កម្លាំងយោធភូមិភាគទី៥ សហការជាមួយកម្លាំងយោធាក្នុងមូលដ្ឋានបានចុះបង្ក្រាបបទល្មើសនេសាទនេះ ពាសពេញតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង ។ បទល្មើសនេសាទដែលភាគច្រើនជនល្មើសប្រើប្រាស់«សាច់អួន»ដាក់ពង្រាយស្ទាក់មួយកន្លែងៗប្រវែងរាប់រយរាប់ពាន់ម៉ែត្រ ដើម្បីស្ទាក់ចាប់ត្រីក្នុងរដូវទឹកស្រក។
យុទ្ធនាការបង្ក្រាបបទល្មើសនេសាទរបស់កម្លាំងយោធាមួយរយៈកន្លងទៅនេះ បានកាប់បំផ្លាញឧបករណ៍នេសាទខុសច្បាប់(ណរ៉ាវ)នេះរាប់រយទីតាំងកាប់បំផ្លាញឧបករណ៍នេសាទនេះអស់រាប់ពាន់ម៉ែត្រ ប៉ុន្តែហាក់មិនអាចធ្វើឲ្យពួកជនល្មើសខ្លាចញញើតទេ ។

ផ្ទុយទៅវិញ ពួកជនល្មើសនៅតែមានឱកាសបង្កើតបទល្មើសពាសពេញតំបន់ទន្លេសាបដដែល ។
មតិនានាបានលើកឡើងថា មូលហេតុដែលពួកជនល្មើសមិនខ្លាចញញើតច្បាប់ ទំនងដោយសារតែកិច្ចប្រព្រឹត្តិការបង្ក្រាបបទល្មើសនេសាទនេះ បំផ្លាញបានតែវត្ថុតាង តែជនល្មើសមិនត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ ។ ដូច្នេះហើយ ទើបពួកជនល្មើសមាន
ឱកាសប្រព្រឹត្តបទល្មើសបានយ៉ាងរលូនជាបន្តបន្ទាប់ទៀត ៕
ចែករំលែកព័តមាននេះ