ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គមេបញ្ជាការ​កងទ័ព​ព្រុយ​ណេ ប្តេជ្ញា​បន្ត​ពង្រឹង និង​ពង្រីកកិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ពកម្ពុជា​-​ព្រុយ​ណេ

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ នៅ​វិមាន​សន្តិភាព​ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ Dato Paduka Seri Haji Muhammad Haszaimi Bin Bol Hassan អគ្គមេបញ្ជាការ​កងទ័ព ភូមិន្ទ​ព្រុយ​ណេ (RBAF) ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៥​ ។

នា​ជំនួប​ ឯកឧត្តម​អគ្គមេបញ្ជាការ បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេច​មហា​បវរ​ធិ​បតី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាត​ឱ្យ​រូប​ឯកឧត្តម និង​គណៈប្រតិភូ ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​។ ឯកឧត្តម​ បាន​ពាំនាំ​នូវ​ព្រះរាជ​បណ្តាំ​សួរសុខទុក្ខ​ពី​សំណាក់​ព្រះមហាក្សត្រ​ នៃ​ប្រទេស​ព្រុយ​ណេ ជូន​ចំពោះ​សម្តេច​បវរ​ធិ​បតី​។

ឯកឧត្តម ​អគ្គមេបញ្ជាការ បាន​គូសបញ្ជាក់​អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីក​ចម្រើន​ នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ក្នុង​តំបន់​អាស៊ាន​ ។

ឯកឧត្តម​ អគ្គមេបញ្ជាការ​ ក៏​បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា ​ដែល​បាន​បញ្ជូន​កងកម្លាំង​ទៅ​ទទួល​ការ​បណ្តុះបណ្តាល​នៅ​ប្រទេស​ព្រុយ​ណេ និង​បាន​គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​ជំរុញ​ការ​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព ​នៃ​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ​។

ជា​ការ​ឆ្លើយ​តប សម្តេច​មហា​បវរ​ធិ​បតី បាន​សម្តែង​ក្តី​សោមនស្ស​រីករាយ និង​បាន​វាយតម្លៃ​ខ្ពស់ ​ចំពោះ​ការ​រីក​ចម្រើន​ប្រកបដោយ​ផ្លែផ្កា ​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​។ សម្តេច​បវរ​ធិ​បតី​មាន​ជំនឿ​ជឿជាក់​ថា តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​អគ្គមេបញ្ជាការ​នា​ពេល​នេះ ទំនាក់ទំនង​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​នឹង​កាន់តែ​ត្រូវ​បាន​ជំរុញ​ឱ្យ​រីក​ចម្រើន​ថែម​ទៀត​។ សម្តេច​បវរ​ធិ​បតី​ក៏​បាន​ថ្លែងអំណរគុណ​ព្រុយ​ណេ​ដែល​បន្ត​គាំទ្រ​លើ​ការងារ​បណ្តុះបណ្តាល​ដល់​កងទ័ព​កម្ពុជា​ ។

ទន្ទឹម​នឹង​នេះ​សម្តេច​បវរ​ធិ​បតី​សង្ឃឹមថា កងទ័ព​ទាំង​ពីរ​នឹង​បន្ត​ពង្រឹង និង​ពង្រីក ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ ឱ្យ​កាន់តែ​ប្រសើរ​ឡើង តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្រប់​កម្រិត​, ការ​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​រួម​គ្នា និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ជា​ដើម ​។

ពាក់ព័ន្ធ​នឹង​ស្ថានការណ៍​ព្រំដែន​កម្ពុជា​-​ថៃ សម្តេច​បវរ​ធិ​បតី​បាន​ថ្លែងអំណរគុណ​ព្រុយ​ណេ​ ដែល​បាន​គាំទ្រ និង​បាន​ចូលរួម​ក្នុង​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) និង​បាន​ជម្រាប​ជូន​ឯកឧត្តម​អគ្គមេបញ្ជាការ​អំពី​បច្ចុប្បន្នភាព​ស្តី​ពី​កា​រវិ​វ​ឌ្ឍ​នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ព្រមទាំង​បាន​គូសបញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ ដោយ​សន្តិវិធី ដោយ​ផ្អែក​លើ​កិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា ស​ទ្ធិ​សញ្ញា ដែល​មាន​ស្រាប់ និង​ច្បាប់​អន្តរជាតិ ​។

ឯកឧត្តម​អគ្គមេបញ្ជាការ​បាន​គូសបញ្ជាក់​ពី​ការ​បន្ត​គាំទ្រ​របស់​ព្រុយ​ណេ​លើ​យន្តការ​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) និង​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​ដោយ​សន្តិវិធី ដើម្បី​រក្សា​បាន​នូវ​សន្តិភាព​យូរអង្វែង​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ ក៏​ដូច​ជា សន្តិភាព​នៅ​ក្នុង​តំបន់​ទាំងមូល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ