ឥទ្ធិពលព្យុះចំនួន៣ ធ្វើឱ្យកម្ពុជាមានភ្លៀងធ្លាក់ខ្លាំងលាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃនេះរហូតដល់ចុងខែ
រាជធានីភ្នំពេញ៖ ព្យុះទាំង ៣ រួមមាន ព្យុះទី១៧ «មីតាក» ព្យុះទី១៨ «រ៉ាហ្គាសា» និងព្យុះទី១៩ «នេហ្គោរី»…
រាជធានីភ្នំពេញ៖ ព្យុះទាំង ៣ រួមមាន ព្យុះទី១៧ «មីតាក» ព្យុះទី១៨ «រ៉ាហ្គាសា» និងព្យុះទី១៩ «នេហ្គោរី»…
រាជធានីភ្នំពេញ៖ ព្យុះទាំង ៣ រួមមាន ព្យុះទី១៧ «មីតាក» ព្យុះទី១៨ «រ៉ាហ្គាសា» និងព្យុះទី១៩ «នេហ្គោរី» ដែលអាចបណ្ដាលឱ្យប្រទេសកម្ពុជា មានខ្យល់បោកបក់ ផ្គររន្ទះ ខ្យល់កន្ត្រាក់ និងបរិមាណទឹកភ្លៀងកើនឡើង ចាប់ពីថ្ងៃនេះរហូតដល់ចុងខែកញ្ញា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងសេចក្ដីជូនដំណឹងនោះ បានបញ្ជាក់ថា យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែល កើតនៅសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី១៧ឈ្មោះ មីតាក (T2517) ព្យុះទី១៨ឈ្មោះ រ៉ាហ្គាសា (T2518) និង ព្យុះទី១៩ឈ្មោះ នេហ្គោវី (T2519) មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះទាំងនេះ ពុំមានឥទ្ធិពលខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជានោះទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅ តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។
ចំណែកនៅតំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០%។
រីឯនៅតំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០%។ ខណៈរលកសមុទ្រខ្លាំងៗ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។
ជាមួយគ្នានេះក្រសួងធនធានទឹក អំពាវនាវដល់សាធារណជនប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូន ដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក៕
ចែករំលែកព័តមាននេះ