រាជធានីភ្នំពេញ ៖ សាច់ជ្រូកដែលសង្ស័យខូចគុណភាពជិត១តោន បានត្រូវជនមិនស្គាល់មុខ
យកទៅបោះចោលនៅទីលានចាក់សំរាម ផ្អើលដល់អ្នកស្រុកបម្រុងនាំគ្នាទៅរើសយកទៅធ្វើម្ហូប តែត្រូវបានអាជ្ញាធរហាមឃាត់ ។ ករណីនេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ នៅទីលានចាក់សំរាមស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ប្រភពព័ត៌មានបានឲ្យដឹងថា សាច់ជ្រូកនេះមិនដឹងថា ជាសាច់ខូចគុណភាព ឬមានបញ្ហា។

អ្វីនោះទេ ត្រូវជនមិនស្គាល់មុខច្រកបាវយកទៅបោះចោលនៅទីលានចាក់សំរាមខាងលើ និងមិនដឹងថាតាំងពីពេលណានោះទេ ។ នៅពេលឃើញបែបនេះ ក៏មានបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅម្ដុំនោះ មានអ្នកខ្លះបម្រុងរើសយកសាច់ជ្រូកនេះទៅទទួលទាន ដោយមិនបានគិតថាសាច់ទាំងនោះមានបញ្ហាអ្វីឬខូចគុណភាពនោះទេ ។ តោងគិតថា វាទាល់តែខូចគុណភាពមិនអាចប្រើការបាន ទើបគេយកទៅបោះចោល ។ ប្រសិនបើមិនខូចទេ ឬអាចកែច្នៃបាន គេច្បាស់ជាមិនបោះចោលបែបនេះឡើយ ។

ដោយឃើញបែបនេះ ទើបពលរដ្ឋមួយចំនួនរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានទៅពិនិត្យ និងបានណែនាំហាមឃាត់មិនឲ្យពលរដ្ឋមួយចំនួនដែលបម្រុងយកសាច់ជ្រូកនេះទៅទទួលទាន ឬធ្វើអ្វីមួយ ឲ្យមានការប្រុងប្រយ័ត្ន ព្រោះថាសាច់ជ្រូកនេះគ្មានប្រភពច្បាស់លាស់ឡើយ ។

ពាកព័ន្ធនឹងករណីនេះ អាជ្ញាធរមូលដ្ឋានបានរាយការណ៍បន្តទៅមន្ត្រីជំនាញពាក់ព័ន្ធ តែមិនទាន់ឃើញមានចំណាត់ការអ្វីនោះទេ រហូតដល់ម៉ោង៦ល្ងាចថ្ងៃដដែល ដោយអាជ្ញាធរបានដាក់កម្លាំងចាំឃ្លាំមើល និងស្រាវជ្រាវស្វែងរកអ្នកយកសាច់ជ្រូកនេះមកបោះចោល ដើម្បីនាំយកទៅសួរនាំតាមជំនាញ ។ ព្រោះគេចង់ដឹងណាស់ តើមូលហេតុអ្វី ទើបគេដឹកយកមកបោះចោលបែបនេះ ?





ចែករំលែកព័តមាននេះ