ខេត្តក្រចេះ៖ ខេត្តក្រចេះ ទទួលបានស្ថានីយចម្រោះទឹកស្អាតចំនួន២កន្លែង នៅមណ្ឌលសុខភាព២ធ្នូ និងមន្ទីរពេទ្យបង្អែកស្នួល ដើម្បីជាប្រយោជន៍រួម និងលើកកម្ពស់គុណភាពទឹកស្អាត ប្រកបដោយអនាម័យ និងមានសុវត្ថិភាពក្នុងការប្រើប្រាស់។
យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តក្រចេះ បានឱ្យដឹងថា នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ចាង ជុងវ៉ុន នាយកប្រចាំប្រទេសនៃអង្គការហ្គូដណេប៊ឺសកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវស្ថានីយចម្រោះទឹកស្អាត ចំនួន២កន្លែង នៅមណ្ឌលសុខភាព២ធ្នូ និងមន្ទីរពេទ្យបង្អែកស្នួល ដែលជាជំនួយរបស់អង្គការ Good Neighbors Cambodia។
ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងបញ្ចកោណទី២ នៃមុំទី២ ស្ដីពីការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិក វិស័យថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល ក្នុងនោះ វិស័យទឹកស្អាត រាជរដ្ឋាភិបាលបានដាក់ចេញរៀបចំ និងដាក់ចេញនូវផែនការមេស្ដីពីការផ្គត់ផ្គង់ទឹកស្អាត ដើម្បីសម្រេចបានគោលដៅផ្គត់ផ្គង់ទឹកស្អាត ១០០% នៅឆ្នាំ២០៣០។ បច្ចុប្បន្ននេះ អត្រាទឹកស្អាតក្នុងខេត្តសម្រេចក្រចេះបានចំនួន ៨៦,៦% និងអត្រាអនាម័យចំនួន ៨៦,៧៦%។ ជាពិសេសក្នុងឆ្នាំ២០២៥ ខេត្តសម្រេចបានការប្រកាសជ័យលាភីបញ្ចប់ការបន្ទោរបង់ពាលវាលពាសកាល (ODF)។
ឯកឧត្តម គង់ គឹមនី បន្តថា តាមរយៈសមិទ្ធផលស្ថានីយចម្រោះទឹកស្អាតនេះ នឹងចូលរួមចំណែកនៅក្នុងការលើកកម្ពស់គុណភាពទឹកស្អាត ប្រកបដោយអនាម័យ និងមានសុវត្ថិភាពក្នុងការប្រើប្រាស់ ជាពិសេសជួយបម្រើដល់ប្រជាជនក្នុងស្រុកស្នួលឱ្យកាន់ល្អប្រសើរឡើងថែមទៀត។ ទន្ទឹមនឹងនេះ លោកក៏បានសំណូមពរដល់ថ្នាក់ដឹកនាំស្រុក ឃុំ និងប្រជាពលរដ្ឋ ចូលរួមថែរក្សាសមិទ្ធផលថ្មីនេះ ឱ្យបានគង់វង្សដើម្បីជាប្រយោជនសម្រាប់យើងទាំងអស់គ្នា និងសូមឱ្យអង្គការបន្តជួយឧបត្ថម្ភគាំទ្រ ដើម្បីជួយលើកកម្ពស់ការរស់នៅរបស់ប្រជាជនប្រកបដោយភាពសុខដមរមនា និងមានអនាម័យបរិស្ថានល្អ៕
ចែករំលែកព័តមាននេះ