រាជធានីភ្នំពេញ ៖ ប្រទះឃើញក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ដើរវង្វេងបន្ទប់ជួល និងឈរយំស្រែករកឪពុកម្តាយ ត្រូវបានអ្នករត់ម៉ូតូឌុបដឹកយកប្រគល់អោយនគរបាលរដ្ឋបាលចោមចៅទី៣ រង់ចាំធ្វើការស្រាវជ្រាវរកឪពុកម្តាយ ដើម្បីឱ្យមកមកទទួលយកទៅផ្ទះវិញ ។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ១៥ នាទីយប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខបុរីសែនមនោរម្យ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ក្មេងប្រុសខាងលើឈ្មោះ សុវណ្ណណាគ្រី ធារ៉ា អាយុ១០ឆ្នាំ មានឪពុកឈ្មោះ ម៉ៅ សុវណ្ណណាគ្រី មានមុខរបរដឹកអីវ៉ាន់ ម្តាយឈ្មោះ ចាន់ ដែត មុខរបរកម្មការិនីរោចក្រ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ មានបុរសជាអ្នករត់ម៉ូតូម្នាក់កំពុងតែអង្គុយលើម៉ូតូ១គ្រឿង រង់ចាំម៉ូយនៅចំណុចខាងលើ ស្រាប់តែប្រទះឃើញក្មេងប្រុសរូបនោះនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ។ ខណៈពេលទៅដល់ចំណុចខាងលើ ក៏បានឈរយំស្រែករកឪពុកនិងម្តាយ ភ្លាមៗនោះ បុរសជាអ្នករត់ម៉ូតូឌុបបានសួរនាំ ស្រាប់តែក្មេងប្រុសនោះបានប្រាប់ថាខ្លួនដើរវង្វេងបន្ទប់ជួល។
បុរសជាអ្នករត់ម៉ូតូឌុបរូបនោះបានបន្តទៀតថា បន្ទាប់មកគាត់បានឲ្យលុយចំនួន២ម៉ឺនរៀលទៅក្មេងប្រុសខាងលើរួចបានឌុបយកទៅប្រគល់អោយនគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីរង់ចាំធ្វើការស្រាវជ្រាវរកឪពុកម្តាយឱ្យមកទទួលយកទៅផ្ទះវិញ ៕




ចែករំលែកព័តមាននេះ