ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ប៉ៃលិន ស្វាគមន៍​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ និង​ជំរុញ​ឲ្យ​ស្វែងរក​ការងារ​ក្នុងស្រុក

1 ម៉ោង មុន

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​បងប្អូន​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ និង​ងាក​មក​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ប្រទេស​យើង ប្រើប្រាស់​ផលិតផល​របស់​យើង រួម​គ្នា​ពង្រឹង​ខឿន​ការពារ​ជាតិ…

ខេត្ត​ប៉ៃលិន ៖ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អញ្ជើញ​ជួប​សំណេះសំណាល សួរសុខទុក្ខ​ជាមួយ​បងប្អូន​ពលករ​ខ្មែរ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ និង​ងាក​មក​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ប្រទេស​យើង ប្រើប្រាស់​ផលិតផល​របស់​យើង រួម​គ្នា​ពង្រឹង​ខឿន​ការពារ​ជាតិ និង​ខឿនសេដ្ឋកិច្ច​ជាតិ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​នា​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ ។

នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន និង​ក្រុមការងារ ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ ដោយ​ផ្ទាល់​ជាមួយ​បងប្អូន​ពលករ ខ្មែរ​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ចំនួន​១៦០​នាក់ នៅ​សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ក្រោម​ការ​យកចិត្តទុកដាក់​យ៉ាង​កក់ក្ដៅ ពី​សំណាក់​អាជ្ញាធរ ខេត្ត និង​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​ជំទាវ​បណ្ឌិត បាន ស្រី​មុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​នាំ​មក​នូវ​ក្ដី​នឹករលឹក និង​សេចក្ដី​ស្រលាញ់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ចំពោះ​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ក្នុង​គ្រា​ដែល​មានការ​ឈ្លានពាន​ពី​សំណាក់​កងទ័ព​ថៃ មក​លើ​ទឹកដី​កម្ពុជា​របស់​យើង ហើយ​សម្តេច​ទាំង​ពីរ តែងតែ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ គ្រប់​កាលទេសៈ​ដោយ​មិន​ទុក​ពលរដ្ឋ​ណា​ម្នាក់​ចោល​ដោយ​មិន​បានដឹង និង​មិន​បាន​ដោះស្រាយ​នោះ​ឡើយ​។

លោក​ជំទាវ បាន​មាន​ប្រសាសន៍​អំពាវនាវ​ដល់​បងប្អូន​ពលករ ដែល​ទើប​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ សូម​បន្ដ​ស្នាក់​នៅ​នឹង​ធ្វើការ​នៅ​ក្នុង​ប្រទេស​របស់​យើង ព្រោះ​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​យើង ក៏​មាន​តម្រូវការ បុគ្គលិក ធ្វើការ​ជា​ច្រើន​ផ្នែក​ផង​ដែរ ក្នុង​ពេល​ដែល​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ថៃ មិន​ទាន់​ដោះស្រាយ​រួចរាល់ ការ​ដែល​បងប្អូន​ចំណាកស្រុក​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ​នោះ វា​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ និង​អាច​ជួប​បញ្ហា​ប្រឈម​ជាមួយ​ពួក​ជ្រុលនិយម​ថៃ​មួយ​ក្ដាប់​តូច ដូច្នេះ​ហើយ​ត្រូវ​រួបរួមសាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជាតិខ្មែរ​តែ​មួយ ដោយ​ងាក​មក​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ប្រទេស​យើង ប្រើប្រាស់​ផលិតផល​របស់​យើង រួម​គ្នា​ពង្រឹង​ខឿន​ការពារ​ជាតិ និង​ខឿនសេដ្ឋកិច្ច​ជាតិ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​របស់​យើង​។

លោក​ជំទាវ បាន​មាន​ប្រសាសន៍​រំលឹក​ថា​៖ កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រៀម​ជួយ​ស្វែងរក​ការងារ​ក្នុង​ប្រទេស​ជូន​បងប្អូន​ដែល​ត្រលប់​មក​វិញ ដោយ​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​យើង​នៅ​ខ្វះ​កម្លាំង​ពលកម្ម​ជា​មធ្យម​ជាង ៧​ម៉ឺន​នាក់ ហើយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រៀមលក្ខណៈ​ក្នុង​ការ​ជួយ​អន្តរាគមន៍ ដល់​បងប្អូន​ពលករ​ខ្មែរ ដែល​ត្រូវ​ត្រឡប់​មក​វិញ​ក្នុង​ការ សម្រួល​ជីវភាព​ប្រចាំ​ថ្ងៃ ។

តាម​រយៈ​កញ្ចប់​អន្តរាគមន៍​សេដ្ឋកិច្ច និង​សង្គមកិច្ច​មួយ​ចំនួន ជាមួយ​គ្នា​នេះ សមាគម​ធនាគារ​នៅ​កម្ពុជា និង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​សម្រាប់​បងប្អូន​ប្រជា​ពលករ​ដែល​ត្រលប់​មក​ពី​ថៃ​វិញ ចំពោះ​អ្នក​ដែល​មាន​ជាប់ជំពាក់​បំណុល​ជាមួយ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ទៅ​តាម​លទ្ធភាព ឬ​ក្នុង​មួយ​រយៈពេល​កំណត់​ណាមួយ​ដែល​អាច​ធ្វើ​ទៅ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ