ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ថៃ ពង្រឹងកិច្ចសហការដើម្បីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងបទល្មើសឆបោកឆ្លងដែន

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​ថៃ បាន​ឯកភាព​គ្នា​បង្កើត​ក្រុមការងារ ដើម្បី​បន្ត​ពិភាក្សា​ក្នុង​ការ​រៀបចំ​ផែនការ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លង​ដែន រួម​ទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​ជួញដូរ​មនុស្ស​។ ការ​ឯកភាព​នេះ បន្ទាប់​ពី​នគរបាល​ជាតិ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​ថៃ បាន​ឯកភាព​គ្នា​បង្កើត​ក្រុមការងារ ដើម្បី​បន្ត​ពិភាក្សា​ក្នុង​ការ​រៀបចំ​ផែនការ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លង​ដែន រួម​ទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​ជួញដូរ​មនុស្ស​។

ការ​ឯកភាព​នេះ បន្ទាប់​ពី​នគរបាល​ជាតិ​កម្ពុជា ដែល​ដឹកនាំ​ដោយ ឯកឧត្តម​ឧត្តមសេនីយ៍ឯក ស៊ា​ង ធា​រិ​ទ្ធ អគ្គស្នងការ​រង​នគរបាល​ជាតិ​កម្ពុជា បាន​ជួប​ប្រជុំ​ជាមួយ​នគរបាល​ភូមិន្ទ​ថៃ​ដែល​ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍ Thatchai Pitaneelaboot អគ្គាធិការ​ជាន់ខ្ពស់​នៃ​នគរបាល​ភូមិន្ទ​ថៃ នៅ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដើម្បី​ពិនិត្យ​លើ​ការ​ពង្រឹង​កិច្ចសហការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លង​ដែន​។ កិច្ចប្រជុំ​បាន ចាប់ផ្តើម​នៅ​ម៉ោង​១០ ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ កិច្ចប្រជុំ​បាន​បញ្ចប់​នៅ​ម៉ោង​៨ យប់​នា​ថ្ងៃ​ដដែល ដោយ​ភាគី​ទាំង​ពីរ​បាន​អនុម័ត​របៀបវារៈ​នៃ​កិច្ចប្រជុំ​ស្តី​ពី​ការ​បង្កើត​ផែនការ​សកម្មភាព​សម្រាប់​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ទប់ស្កាត់ និង​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​រួម​ទាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ជួញដូរ​មនុស្ស កម្ពុជា​-​ថៃ លើក​ទី​១ ។

កិច្ចប្រជុំ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ស្រប​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​១ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) នៅ​ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ដែល​បាន​ជំរុញ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៅ​គ្រប់​កម្រិត​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​បង្ការ​និង​បង្ក្រាប​បទល្មើស​ឆ្លង​ដែន និង​កំណត់​ថា ក្រសួងមហាផ្ទៃ​និង​នគរបាល​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​នឹង​ជួប​គ្នា​ក្នុង​រយៈពេល ១​សបា្ត​ហ៍ ដើម្បី​បង្កើត​ក្រុមការងារ​ចម្រុះ​ដែល​ទទួល​ភារកិច្ច​លើ​ការ​រៀបចំ​ផែនការ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លង​ដែន​។

លទ្ធផល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បង្កើត​ក្រុមការងារ ដើម្បី​បន្ត​ពិភាក្សា​ក្នុង​ការ​រៀបចំ​ផែនការ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆ្លង​ដែន រួម​ទាំង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​ការ​ជួញដូរ​មនុស្ស​។

ជាង​នេះ​ភាគី​ទាំង​ពីរ ត្រៀម​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​នេះ​ដោយ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ឈរ​លើ​ស្មារតី​កិច្ច​សហប្រតិបត្តិការ​ល្អ គោរព​តាម​ច្បាប់ និង​អធិបតេយ្យ នៃ​ប្រទេស​រៀង​ៗ​ខ្លួន ។

សូម​ជម្រាប​ជូន​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​រាល់​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន រួម​ទាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

ជាមួយ​គ្នា​នេះ កម្ពុជា​សង្ឃឹមថា រដ្ឋាភិបាល​ថៃ​នឹង​ធ្វើការ​ប្តេជ្ញា​ចិត្ត​ដូច​កម្ពុជា​ផង​ដែរ ដើម្បី​ធានា​សុខ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​រៀង​ៗ​ខ្លួន ខណៈ​ពេល​ដែល​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បាន​និង​កំពុង​កើនឡើង​គួរ​ឱ្យ​ព្រួយបារម្ភ​នៅ​ក្នុង​តំបន់ ក៏​ដូច​ជា​សកលលោក​ទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ