ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់បិណ្ឌ​ទី​១ដល់៧​ គ្រោះ.ថ្នា.ក់​ចរាចរណ៍​ផ្តា.ច់​ជីវិ.ត​មនុស្ស​៣៣នាក់​

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៧​ថ្ងៃគិត​ចាប់តាំងពី​ថ្ងៃ​បុណ្យកាន់បិណ្ឌ​ទី​១ ដល់​បិណ្ឌទី​៧ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ទូ​ទាំង​ប្រទេស​មាន​គ្រោះថ្នាក់​​ចរាចរណ៍​កើតឡើង​សរុប​ចំនួន ៤៥​ករណីបណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៧​ថ្ងៃគិត​ចាប់តាំងពី​ថ្ងៃ​បុណ្យកាន់បិណ្ឌ​ទី​១ ដល់​បិណ្ឌទី​៧ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ នៅ​ទូ​ទាំង​ប្រទេស​មាន​គ្រោះថ្នាក់​​ចរាចរណ៍​កើតឡើង​សរុប​ចំនួន ៤៥​ករណីបណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់ ៣៣​នាក់ និង​រងរបួសធ្ងន់​-​ស្រាល​ចំនួន​៥៤​នាក់ ។ នេះ​បើ​តាមលោក ទូច សុ​ឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ។ ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​ដែល​បាន​កើតឡើង រួម​មាន ៖-​នៅ​ថ្ងៃ​បិណ្ឌ​១ មាន​៨​ករណី ស្លាប់​៦​នាក់ របួស​១១​នាក់ ។-​ថ្ងៃ​បិណ្ឌ​២ មាន​៧​ករណី ស្លាប់​៨​នាក់ របួស​៩​នាក់ ។

-​ថ្ងៃ​បិណ្ឌ​៣ មាន​៦​ករណី ស្លាប់​២​នាក់ របួស១០​នាក់ ។

-​ថ្ងៃ​បិណ្ឌ​៤ មាន​៧​ករណី ស្លាប់​៦​នាក់ របួស​៩​នាក់ ។

-​ថ្ងៃ​បិណ្ឌ​៥ មាន​៧​ករណី ស្លាប់​២​នាក់ របួស​១០​នាក់ ។

-​ថ្ងៃ​បិណ្ឌ​៦ មាន​៥​ករណី ស្លាប់​៥​នាក់ របួស៤​នាក់ ។

-​ថ្ងៃ​កាន់បិណ្ឌ​៧ មាន​៥​ករណី ស្លាប់​៤​នាក់ និង​របួស​១​នាក់ ។

ក្នុង​ចំណោម​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស នា​រយៈពេល​៧​ថ្ងៃ​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​ឆ្នាំ​២០២៥​នេះ លោក ទូច សុ​ឃៈ បានលម្អិត​បន្ថែម​ថា រាជធានី​-​ខេត្ត​ដែល​មាន​ករណីគ្រោះថ្នាក់​ច្រើន​រួម​មាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្ត​ព្រះ​សីហ​នុ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិ​ន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹង​ត្រែង ខេត្តស្វាយរៀង និង​ខេត្តព្រៃវែង ។លោក​បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ថា ចំនួន​គ្រោះថ្នា​ក់ឹង​បន្ត​ហក់​ឡើង​ទៀត ។

គួរ​កត់​សម្គាល់ថា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​ដាក់​បទបញ្ជា​ដល់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ណែនាំ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្អាក​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចាប់តាំងពី​អំឡុង​ពេល​នៃ​ការ​ប្រយុទ្ធ​ទល់​នឹង​អំពើ​ឈ្លានពាន​របស់​កងទ័ព​ថៃ​មក ។ ក្នុង​ស្ថានភាព​នេះ ក្រសួងមហាផ្ទៃ​បាន​កត់សម្គាល់​ពី​កំណើន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ករណី​ស្លាប់ និង​របួស ធៀប​នឹង​អំឡុង​ពេល​អនុវត្ត​ច្បាប់​ជា​ធម្មតា ។

ផ្អែក​លើ​ស្ថានភាព និង​បទពិសោធ​ជាក់ស្ដែង​នេះ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បាន​បង្ហាញ​ការ​កត់​សម្គាល់ថា   ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ដែល​មួយ​ចំនួន​មាន​ទម្លាប់​មិន​គោរព​ច្បាប់​ស្រាប់​មក​ហើយ​នោះ កាន់តែ​បង្ហាញ​ឥរិយាបថ​នៃ​ការ​បើកបរ​មិន​គោរព​ច្បាប់ និង​គ្មាន​របៀបរៀប​រយ ដែល​ធ្វើ​ឱ្យស្ថានភាព​ចរាចរណ៍​មាន​ភាព​ស្មុគស្មាញ គ្រោះថ្នាក់​កើតឡើង​កាន់តែ​ច្រើន ឬ​និយាយ​មួយ​បែប​ទៀត គឺ​ពួក​គាត់​កាន់តែ​បានដៃ ដោយសារ​មន្ត្រី​នគរបាល​ចរាចរណ៍​មិន​អនុវត្ត​ច្បាប់ ។ លោក ទូច សុ​ឃៈ បាន​អះអាង​ថា ប្រជាពលរដ្ឋ​កាន់តែ​ច្រើន បាន​បញ្ចេញ​មតិយោបល់ និង​ទស្សនៈ ទទូច​សុំ​ឱ្យ​សមត្ថកិច្ច​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ឡើង​វិញ ជា​ពិសេស​អនុវត្ត​ឱ្យ​បាន​សកម្ម​និង​ប្រកបដោយ​វិជ្ជាជីវៈ ទាំង​យប់​ទាំង​ថ្ងៃ ដើម្បី​ប្រែក្លាយ​ស្ថានភាព​ចរាចរណ៍​ឱ្យ​វិល​ទៅ​រក​ភាព​ធូរស្រាល និង​កាន់តែ​ប្រសើរ​ដូច​អំឡុង​ពេល​នៃ​ការ​អនុវត្ត​ច្បាប់​កន្លង​មក ។

ប្រមុខ​ក្រសួងមហាផ្ទៃ បាន​ដាក់​ចេញ​គោលការណ៍​ណែនាំ​មួយ​ចំនួន រួច​ជា​ស្រេច ។ បើ​តាម​លោក ទូច សុ​ឃៈ ក្នុងអំឡុងពេល​នេះ មន្ត្រី​នគរបាល​ចរាចរណ៍ នៅ​រាជធានី​ភ្នំពេញ និង​តាមបណ្ដា​ខេត្ត កំពុង​យកចិត្តទុកដាក់​លើ​កិច្ចការ​សំខាន់​២ បន្ថែម​លើ​ការងារ​សម្រួល​ចរាចរណ៍​តាមដងផ្លូវ ។ ការងារ​ទាំង​ពីរ​នោះ គឺ​ការ​ធ្វើ​កំណត់សម្គាល់​ចំពោះ​ឥរិយាបថ​នៃ​ការ​បើកបរ​របស់ពលរដ្ឋ ផ្ដោត​លើ​ការ​គោរព​ភ្លើង​សញ្ញា​ចរាចរណ៍និង​ផ្លា​ក​សញ្ញា​ចរាចរណ៍ និង​ការងារ​មួយទៀត​នៅ​តាម​បណ្ដា​ខេត្ត គឺ​ផ្ដោត​លើ​ការ​ធ្វើ​កំណត់សម្គាល់​អំពី​ការ​គោរព​ល្បឿន និង​សិទ្ធិ​អាទិភាព​របស់​អ្នកបើកបរ ។

ការងារ​នេះ​គឺ​ដើម្បី​ដឹង​ថា នៅ​ពេល​សមត្ថកិច្ច​មិន​អនុវត្ត​ច្បាប់ តើ​អ្នកបើកបរ​គោរព​ច្បាប់​បាន​កម្រិត​ណា ។ អ្នកនាំពាក្យ​បាន​អះអាង​ទៀត​ថា ការ​អនុវត្ត​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក ត្រូវធ្វើ​ឡើង​នា​ពេល​ខាង​មុខ ហើយ​ក្នុង​កាលៈទេសៈ​នេះ ជា​ពិសេស​ក្នុង​អំឡុង​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ​នេះ ។សូម​បងប្អូន​ប្រជាពលរដ្ឋ​អ្នកបើកបរ​ទាំងអស់ បង្កើន​ការ​គោរព​ច្បាប់ ប្រុង​ប្រយ័ត្ន និង​មានការ​យល់​អធ្យាស្រ័យ​គ្នា​ទៅ​វិញ​ទៅ​មក ។

ជាមួយ​គ្នា​នេះ ម្ចាស់​រោង​ចក្រសហគ្រាស​អាជីវកម្ម និង​ក្រុមហ៊ុន​ទាំងឡាយ ត្រូវ​បង្កើន​ការ​អប់រំ​ណែនាំ​ដល់​អ្នកបើកបរ​របស់​ខ្លួន ជា​ពិសេស​រថយន្ត​ធុន​ធ្ងន់ ត្រូវ​ប្រុង​ប្រយ័ត្ន និង​គោរព​ច្បាប់ឱ្យ​បាន​ខ្ជាប់ខ្ជួន ព្រមទាំង​សម្របសម្រួល​ដឹក​ជញ្ជូន​ទំនិញ​របស់​ខ្លួន​ឱ្យ​បាន​មុន និង​ក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ចរាចរណ៍​តាម​ដងផ្លូវ​មាន​ភាព​មមាញឹក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ