រាជធានីភ្នំពេញ ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីវេលាម៉ោង១០និង១៥នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានស្ទាក់ចាប់រថយន្ដចំនួនពីរគ្រឿងដែលលួចនាំចូលសត្វមាន់រស់ជាង ១.៦០០ក្បាល ពីប្រទេសវៀតណាមដោយខុសច្បាប់ និងបានចាប់នៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។

តាមរយៈទំព័រហ្វេសប៊ុកលោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ កញ្ញា ២០២៥ថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញឃាត់ចាប់រថយន្តម៉ាក SANGYONG ISTANA ចំនួនពីរគ្រឿង ដែលដឹកសត្វមាន់រស់សរុបចំនួន ១៦៧ទ្រុង ស្មើនឹង១.៦៧០ក្បាល ។

តាមការបញ្ជាក់ពីអនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រថយន្តទាំង២គ្រឿងខាងលើបានដឹកសត្វមាន់ ចេញពីព្រំដែនវៀតណាម ចូលមកលក់ចែកចាយនៅកម្ពុជា ដោយគ្មានលិខិតអនុញ្ញាត ។

បន្ទាប់ពីត្រួតពិនិត្យ មន្ត្រីជំនាញបាននាំយកវត្ថុតាង និងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី ។

តាមពាក្យលេចឮមកថា បើគ្មានចំណាយតាមច្រកព្រំដែនទេ មាន់រស់បែបនេះមិនអាចនាំចូលដោយរលូនតាមដងផ្លូវឆ្ពោះមកភ្នំពេញបានឡើយ ។ ដូច្នេះ គ្មានអ្វីធំជាង លោកតាប្រាក់ បើកផ្លូវឡើយ…ហេ ! ហេ !

ចែករំលែកព័តមាននេះ