ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាអំពាវនាវដល់អង្គការយូនីសេហ្វ​បន្តជួយ​កាត់បន្ថយភាពក្រីក្រ នៅតាមមូលដ្ឋាន​ក្នុងខេត្តសៀមរាប

13 ម៉ោង មុន

ខេត្តសៀមរាប៖ អាជ្ញាធរអភិបាលខេត្តសៀមរាប​ បានអំពាវនាវ និងសំណូមពរដល់​អង្គការយូនីសេហ្វ(Unicef) បន្តជួយគាំទ្រដល់រដ្ឋបាលខេត្តសៀមរាប​ ទាំងធនធាន​ និងបច្ចេកទេស​ សំដៅកាត់បន្ថយភាពក្រីក្រ ក៏ដូចជាបំពេញតម្រូវការជាក់ស្តែងនៅថ្នាក់មូលដ្ឋាន។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប…

ខេត្តសៀមរាប៖ អាជ្ញាធរអភិបាលខេត្តសៀមរាប​ បានអំពាវនាវ និងសំណូមពរដល់​អង្គការយូនីសេហ្វ(Unicef) បន្តជួយគាំទ្រដល់រដ្ឋបាលខេត្តសៀមរាប​ ទាំងធនធាន​ និងបច្ចេកទេស​ សំដៅកាត់បន្ថយភាពក្រីក្រ ក៏ដូចជាបំពេញតម្រូវការជាក់ស្តែងនៅថ្នាក់មូលដ្ឋាន។

យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថានារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ ​អភិបាលខេត្ត បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត អានៀបាន ឆាតឺរជី នាយករងអង្គការយូនីសេហ្វ ប្រចាំកម្ពុជា នៅសាលាខេត្តសៀមរាប។

សូមបញ្ជាក់ថា​ អង្គការយូនីសេហ្វ​ បានគាំទ្រដល់រដ្ឋបាលខេត្តសៀមរាប​ ដោយបានអនុវត្តជាលក្ខណៈ គម្រោង សកម្មភាព​ ចាប់តាំងពីឆ្នាំ២០១៨រហូតមកដល់បច្ចុប្បន្ននេះ អង្គការយូនីសេហ្វបានចាប់ផ្តើមធ្វើការដោយផ្ទាល់ ជាមួយរដ្ឋបាលខេត្តសៀមរាប តាមរយៈយន្តការសម្របសម្រួលពីក្រសួងមហាផ្ទៃ ក្នុងការអនុវត្តសៀវភៅណែនាំស្តីពីការអនុវត្តសកម្មភាពសេវាសង្គមឃុំ សង្កាត់។

ជាមួយគ្នានេះចាប់តាំងពីឆ្នាំ២០២២ រហូតមកទល់បច្ចុប្បន្ននេះ អង្គការយូនីសេហ្វ​ ក៏បានគាំទ្រដល់រដ្ឋបាលខេត្ត លើគម្រោងកិច្ចការពារកុមារ រួមជាមួយការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងធនធានថវិកាដល់រដ្ឋបាលខេត្ត​ ក្នុងការអនុវត្តសកម្មភាពសេវាសង្គម និងកិច្ចការពារកុមារនៅថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។

ក្នុងជំនួបនេះ​ ឯកឧត្តម​ អភិបាលខេត្ត​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការយូនីសេហ្វ ដែលជានិច្ចកាលតែងតែគិតគូរ យកចិត្តទុកដាក់ ព្រមទាំងបានសហការយ៉ាងល្អ និងរលូនជាមួយក្រសួងមហាផ្ទៃ ក្នុងការជួយគាំទ្រដល់ការអនុវត្តគោលនយោបាយគាំពារសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខេត្តសៀមរាបតាំងពីដើមរហូតមកទល់បច្ចុប្បន្ននេះ។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប ឯកឧត្តម​ អភិបាលខេត្ត​ បានអំពាវនាវ និងសំណូមពរដល់លោកបណ្ឌិត អានៀរ បាន ឆាតឺរជី ព្រមទាំងក្រុមការងារ អង្គការ Unicef បន្តជួយគាំទ្រដល់រដ្ឋបាលខេត្តសៀមរាប​ ទាំងធនធាន​ និងបច្ចេកទេស​ សំដៅកាត់បន្ថយភាពក្រីក្រ ក៏ដូចជាបំពេញតម្រូវការជាក់ស្តែងនៅថ្នាក់មូលដ្ឋានផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ