រាជធានីភ្នំពេញ៖ រូបចម្លាក់បុរាណខ្មែរ នឹងត្រូវយកទៅដាក់តាំងបង្ហាញពិព័រណ៍ចល័តនៅប្រទេសចិន នាដើមឆ្នាំ២០២៦ បន្ទាប់ពីមានការស្នើសុំខ្ចីពីក្រសួងវប្បធម៌ ដោយក្រុមហ៊ុនចិនមួយ។
យោងតាមការចុះផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានទទួលជួបតំណាងក្រុមហ៊ុន Art Exhibition China និងក្រុមការងារ ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងការស្នើសុំខ្ចីរូបចម្លាក់បុរាណខ្មែរទៅដាក់តាំងបង្ហាញនៅប្រទេសចិន។
ក្នុងកំលុងកិច្ចប្រជុំនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានបង្ហាញពីឆន្ទៈរីករាយក្នុងការសហការជាមួយភាគីចិនដើម្បីរៀបចំពិព័រណ៍ចល័តនៅប្រទេសចិននាដើមឆ្នាំ២០២៦ខាងមុខនេះ និងបានស្នើសុំភាគីចិនក្នុងការជួយគាំទ្រដល់សកម្មភាពនៃការអភិរក្សវត្ថុបុរាណ។
ក្រៅពីកិច្ចពិភាក្សានេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធ ក្នុងការទាមទារនិងគ្រប់គ្រងវត្ថុដែលទទួលបានមកពីបរទេសវិញ ដ្បិតនាពេលកន្លងមកប្រទេសទាំងពីរធ្លាប់រងគ្រោះដោយសារការលួចជីកយកវត្ថុបុរាណចេញទៅលក់នៅបរទេស៕
ចែករំលែកព័តមាននេះ