រាជធានីភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាកាច់កម៉ូតូក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានប្រកាសនាថ្ងៃទី១៦ខែកញ្ញានេះ ។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៤និង២០នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ស្ថិតនៅត្រង់ចំណុចផ្លូវប៉ាស្ទ័រ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំងនេះខាងលើនេះ ពាក់ព័ន្ធ និងករណីលួច (កាច់កម៉ូតូ) ម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២២ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចបន្ទប់ជួលលេខ១៥ ផ្លូវលេខ២៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចំពោះជនសង្ស័យទាំង០២នាក់ខាងលើមានឈ្មោះ ៖
១-ឈ្មោះ វុធ ភិរុណ ហៅខ្មៅ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ។
២-ឈ្មោះ សុខ ករុណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើ យកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ