រាជធានីភ្នំពេញ៖ ក្នុងសប្តាហ៍នេះ ភ្លៀងនឹងបន្តធ្លាក់ដោយមានបរិមាណ កើនឡើងពីបង្ហូរទៅច្រើនដែលលាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេស ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកញ្ញា។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នៅតំបន់វាលទំនាប៖ ខេត្តកំពង់ធំ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល សៀមរាប និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥៥%។
ចំណែកនៅតំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាច មានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។
រីឯនៅតំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%៕

ចែករំលែកព័តមាននេះ