រាជធានីភ្នំពេញ ៖ មន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ បានចុះទៅរុះលើសំណង់អនាធិបតេយ្យ ដែលជនខិលខូច បានធ្វើការឈូសឆាយ ទន្ទ្រានដី សាងសង់ ដោយខុសច្បាប់ លើទីតាំងដីមួយកន្លែង នៃតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គិរីរម្យ» ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងថា មន្ត្រីឧទ្យានុរក្ស បានចាត់វិធានការច្បាប់ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ធ្វើការរុះរើ ផ្ទះលំហែ ចំនួន១ខ្នង (សាងសង់បានប្រមាណ៨០% ) រោងប្រក់តង់ចំនួនពីរ (រោងស្នាក់នៅ និងរោងបាយ) របងព័ទ្ធបន្លាលួសព័ទ្ធតំបន់ព្រៃមួយផ្នែកប្រហែល១៥០ម៉ែត្រ និងតំបន់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៃតំបន់ឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គិរីរម្យ» បន្ទាប់ពីបានរកឃើញបទល្មើសធនធានធម្មជាតិ បង្កឡើងដោយជនខិលខូច ដែលបានលួចឈូសឆាយ សាងសង់ដោយខុសច្បាប់ កាលពីពេលថ្មីៗកន្លងមកនេះ ។
ក្នុងឱកាសនេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរគុណដល់សាធារណជន ដែលបានចូលរួមសហការផ្តល់ព័ត៌មាន ផ្តល់រូបភាព រាយការណ៍អំពីជនល្មើស សម្រាប់តាមដានស៊ើបអង្កេត លើករណីកាប់គាស់ រុករានដីព្រៃ និងកាប់ឈើ ខុសច្បាប់ នៅតាមតំបន់ការពារធម្មជាតិ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណីបទល្មើសធនធានធម្មជាតិ នៅឧទ្យានជាតិព្រះសុរាម្រិត កុសមៈ«គិរីរម្យ» ក្រុមការងារក្រសួងបរិស្ថាន បានសហការជាមួយក្រុមអ្នកច្បាប់ ក្រសួងយុត្តិធម៌ និងស្ថាប័នពាក់ព័ន្ធ ស្រាវជ្រាវ និងនាំខ្លួនជនល្មើស ដើម្បីបញ្ជូនទៅតុលាការចាត់ការ តាមនីតិវិធីនៃច្បាប់ ៕


ចែករំលែកព័តមាននេះ