ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ និង​រដ្ឋធានី​វៀងចន្ទន៍ ប្រទេស​ឡាវ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តី​ពី​ការ​បង្កើត​ចំណង​សម្ព័ន្ធមេត្រីភាព ដើម្បី​ជំរុញ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​

1 នាទី មុន

​រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះ លោក ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក…

​រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះ លោក ឃួ​ង ស្រេង អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក អាត់​សា​ផាង​ថុ​ង ស៊ី​ផា​ដុន អភិបាល​រដ្ឋធានី​វៀងចន្ទន៍ បាន​ជួប​សម្តែង​ការ​គួរសម និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការ​បង្កើត​ចំណងសម្ព័ន្ធ មេត្រី​ភាព រវាង​រាជធានី​ភ្នំពេញ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋធានី​វៀងចន្ទន៍​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នៅ​សាលា​រាជធានី​ភ្នំពេញ​ ។

ការ​ចុះហត្ថលេខា​នេះ ​គឺ​ដើម្បី​ជំរុញ​ឲ្យ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​ និង​ឡាវ កាន់តែ​មាន​ភាពរឹងមាំ​ល្អ​ប្រសើរ​មួយ​កម្រិត​ថែម​ទៀត ពិសេស​ជំរុញ​ដល់​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការ​ផ្លាស់​ប្ដូរ​ការ​អប់រំ និង​វប្បធម៌ ព្រមទាំង​វិស័យ​ផ្សេង​ៗ​ទៀត​សម្រាប់​ផលប្រយោជន៍​របស់​ភាគី​ទាំង​ពីរ​ ។

​លោក ឃួ​ង ស្រេង ក្នុង​ឱកាស​នោះ​ ក៏​បាន​លើក​ឡើង​ពី​ភាព​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា ក៏​ដូច​ជា​រាជធានី​ភ្នំពេញ ដោយនៅ​ពេល​ចុង​ក្រោយ​នេះ កម្ពុជា​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​ ។ ក្នុង​នោះ​មាន​ដូច​ជា​ការ​ស្ថាបនា​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ការ​កសាង​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ ការ​ស្តារ​ទន្លេ និង​ការ​កសាង​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​ជាដើម ​។

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ផង​ដែរ​ថា រាជធានី​ភ្នំពេញ​ បាន​ទទួលភ្ញៀវ​ទេសចរ​ប្រមាណ​១០​លាន​នាក់​ ក្នុង​ឆ្នាំ​២០២៤ ដែល​នេះ​ពិតជា​បាន​បង្ហាញ​ពី​ការ​កើនឡើង​ភ្ញៀវ​ទេសចរ​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២៣​។ ដើម្បី​ជំរុញ​ឲ្យ​វិស័យ​ទេសចរណ៍​កាន់តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បង្កើត​ឲ្យ​មាន​ផ្លូវ​ថ្មើរជើង​ចតុមុខ​។ ផ្លូវ​ថ្មើរជើង​ថ្មី​នេះ ​បាន​ទទួលភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​ ក្នុង​មួយ​ថ្ងៃ​ប្រមាណ​៨​ទៅ​១០​ម៉ឺន​នាក់ សម្រាប់​ថ្ងៃ​សៅរ៍​ និង​ថ្ងៃអាទិត្យ រហូត​ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​ ជាប់​ចំណាត់ថ្នាក់​លេខ​២ ​លើ​ពិភពលោក ក្នុង​នាម​ជាទី​ក្រុង​ប្រជុំ​ដោយ​ភាព​រីករាយ​នៅ​ពេល​រាត្រី ​។

​លោក អាត់​សា​ផាង​ថុ​ង ស៊ី​ផា​ដុន អភិបាល​រដ្ឋធានី​វៀងចន្ទន៍ ក្នុង​ឱកាស​នោះ​បាន​សម្តែង​ការ​សាទរ​ចំពោះ​ការ​អភិវឌ្ឍ​រីក​ចម្រើន​របស់​រាជធានី​ភ្នំពេញ​ ។

លោក​បាន​លើក​ឡើង​ថា រាជធានី​ភ្នំពេញ ​មានការ​អភិវឌ្ឍ​រីក​ចម្រើន​ល្អ​ណាស់ ហើយ​នៅ​តាម​បណ្ដា​ខេត្ត​ក៏​មានការ​រីក​ចម្រើន​ព្រម​ៗ​គ្នា​ផង​ដែរ ​។

លោក​បន្ត​ថា ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​ឡាវ ​គឺ​កាន់តែ​មាន​ភាពល្អ​ប្រសើរ ដោយ​ថ្មី​ៗ​នេះ​ថ្នាក់ដឹកនាំ​កំពូល​ នៃ​ប្រទេស​កម្ពុជា​ បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ ហើយ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​ប្រទេស​ឡាវ ​ក៏​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​។ នេះ​ជា​ការ​ពូន​ជ្រុំ​ទំនាក់ទំនង ​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ ​និង​កាន់តែ​មាន​ភាពរឹងមាំ​បន្ថែម​ទៀត​។ ​

​ក្នុង​ឱកាស​នោះ​ដែរ លោក អាត់​សា​ផាង​ថុ​ង ស៊ី​ផា​ដុន ក៏​បាន​អញ្ជើញលោក ឃួ​ង ស្រេង ដើម្បី​ដឹកនាំ​ប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​វៀងចន្ទន៍​ផង​ដែរ​ ។

ជា​ការ​ឆ្លើយ​តប លោក ឃួ​ង ស្រេង បាន​បញ្ជាក់​ថា​ នឹង​ពិនិត្យ​លទ្ធភាព​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​វៀងចន្ទន៍​ នៅ​ពេលវេលា​ណាមួយ​សម​ស្រប​ខាង​មុខ​នេះ​ ។ ​

​សូម​ជម្រាប​ថា រាជធានី​ភ្នំពេញ​ និង​ទីក្រុង​វៀងចន្ទន៍ ​ធ្លាប់​បាន​ចុះហត្ថលេខា​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​គ្នា​ម្តង​រួច​ហើយ កាលពី​ថ្ងៃ​ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៤ កន្លង​មក​។ ការ​ចុះ​កិច្ចព្រមព្រៀង​ចងសម្ព័ន្ធ​មេត្រីភាព​ឡើង​វិញ​ នៅ​ថ្ងៃនេះ ធ្វើ​ឡើង​ក្រោយ​ទទួល​បាន​គោលការណ៍​ឯកភាព​ពី​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី និង​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នា​ពេល​ថ្មី​ៗ​នេះ តាម​រយៈ​ការ​ស្នើ​សុំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយ​តប​នឹង​ភាព​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​គ្រប់​វិស័យ​របស់​រាជធានី​ភ្នំពេញ​ និង​ទីក្រុង​វៀងចន្ទន៍​ នា​ពេល​បច្ចុប្បន្ន​នេះ​ ។

​អ្វី​ដែល​ត្រូវ​កត់សម្គាល់​រួម​មាន​ ៖

១. កិច្ចព្រមព្រៀង​កន្លង​មក​គឺ​ដើម្បី​ផ្លាស់​ប្ដូរ​គណៈប្រតិភូ​ជាន់ខ្ពស់​របស់​ភាគី​ទាំង​ពីរ តែ​ពេល​នេះ​ការ​ផ្លាស់​ប្ដូរ​គណៈប្រតិភូ​នឹង​ធ្វើ​ឡើង​គ្រប់​កម្រិត ទាំង​គណៈប្រតិភូ​ជាន់ខ្ពស់ មន្ត្រី​ជំនាញ និង​ប្រតិភូ​គ្រប់​វិស័យ​។

២. ភាគី​ទាំង​ពីរ​នឹង​សហការ​រួម​គ្នា​លើ​ផ្នែក​ការ​ផ្លាស់​ប្ដូរ​ប្រជាជន​និង​ប្រជាជន ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​ដូច​ជា ​៖ ទីក្រុង​វៃឆ្លាត ចំណេះដឹង​ឌី​ជី​ថ​ល និង​កិច្ចប្រជុំ​បណ្តាញ​នានា​ ។

៣. ភាគី​ទាំង​ពីរ​នឹង​ផ្តល់​ការ​គាំទ្រ និង​សម្របសម្រួល​ដល់​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​នៃ​រដ្ឋធានី​វៀងចន្ទន៍ និង​រាជធានី​ភ្នំពេញ ព្រមទាំង​ជំរុញ​ដល់​វិស័យ​ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការ​ផ្លាស់​ប្ដូរ​ការ​អប់រំ និង​វប្បធម៌ ព្រមទាំង​វិស័យ​ផ្សេង​ៗ​ទៀត​សម្រាប់​ផលប្រយោជន៍​របស់​ភាគី​ទាំង​ពីរ​។​

៤. ប្រសិនបើ​មាន​ភាព​ខុស​គ្នា​កើតឡើង​ក្នុង​ការ​បកស្រាយ ឬ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ ត្រូវ​ដោះស្រាយ​ដោយ​មិត្តភាព តាម​រយៈ​ការពិគ្រោះ​យោបល់​រវាង​ភាគី​ទាំង​ពីរ​។

៥. រាល់​អត្ថបទ​ទាំងឡាយ​ណា​ដែល​មាន​ខ្លឹមសារ​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​នេះ ត្រូវ​ទុកជា​និរាករណ៍ ដោយ​ស្ថិត​ក្រោម​ច្បាប់​គ្រប់គ្រង និង​បទបញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ