ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរជាតិអប្សរាគ្រោងបញ្ចប់ការដ្ឋានជួសជុលប្រាសាទជមនៅចុងឆ្នាំនេះ

1 នាទី មុន

អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ ប្រាសាទ​ជម ស្ថិត​នៅ​ក្នុង​ក្រុម​ប្រាសាទព្រះពិធូរ នៃ​អតីត​ក្រុង​អង្គរធំ​។ ប្រាសាទ​នេះ ត្រូវ​បាន​ជួសជុល​នៅ​ក្នុង​ឆ្នាំ​២០១៩…

អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នា​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥​នេះ​ថា ៖ ប្រាសាទ​ជម ស្ថិត​នៅ​ក្នុង​ក្រុម​ប្រាសាទព្រះពិធូរ នៃ​អតីត​ក្រុង​អង្គរធំ​។ ប្រាសាទ​នេះ ត្រូវ​បាន​ជួសជុល​នៅ​ក្នុង​ឆ្នាំ​២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២៥​។

លោក Eo Jinkyu ស្ថាបត្យករ និង​ជា​ប្រធាន​គម្រោង​ទី​២ នៃ​ការ​ជួសជុល​និង​អភិរក្ស​ព្រះ​លានជល់ដំរី និង​ក្រុម​ប្រាសាទព្រះពិធូ បានឱ្យ​ដឹង​ថា ប្រាសាទ​ជម មាន​ភាព​ទ្រុឌទ្រោម​ខ្លាំង​មុន​ពេល​ជួសជុល ដូច្នេះ​អ្នកជំនាញ​បាន​សម្រេច​រើ​តួ​ប្រាសាទ​នេះ​ទាំងមូល ដើម្បី​រៀបចំ​គ្រឹះ និង​ពង្រឹង​តួ​ប្រាសាទ​ឡើង​វិញ​ជា​ដំណាក់​ៗ​។

លោក​បន្ត​ថា គម្រោង​នេះ​មានការ​ចូលរួម​ពី​អ្នកជំនាញ​កូរ៉េ និង​ខ្មែរ​ជា​ច្រើន​នាក់ មាន​ទាំង​ស្ថាបត្យករ បុរាណវិទ្យា និង​ខាង​ជួសជុល ដែល​គ្រោង​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០២៥​។
លោក Park SungChul អ្នក​ស្រាវជ្រាវ និង​បុគ្គលិក​នៃ​ទីភ្នាក់ងារ​បេតិកភណ្ឌ និង​វប្បធម៌​កូរ៉េ បាន​ពន្យល់​ថា បន្ទាប់​ពី​រើ​តួ​ប្រាសាទ គេ​បាន​រក​ឃើញ​ថា គ្រឹះ​របស់​ប្រាសាទ​នេះ​មាន​បញ្ហា​ខូចខាត​ខ្លាំង ថ្ម​មួយ​ចំនួន​មាន​ភាព​ពុក​ផុយ ។ ដូច្នេះ​ការ​ជួសជុល ត្រូវ​ជំនួស​ថ្ម​ថ្មី​ខ្លះ​ដែល​គោរព​ទៅ​តាម​ធម្មនុញ្ញ​អង្ករ ដើម្បី​ធានា​នៃ​ភាពរឹងមាំ​ទៅ​អនាគត ។ ក្រៅពី​នេះ អ្នកជំនាញ​ក៏​បាន​ពង្រឹង និង​បន្ថែម​ថ្ម​នៅ​តាម​ស្រទាប់ ខ្លះ​ដែល​បាត់​ថ្ម ឬ​ពុក​ផុយ​ដោយសារ​អាយុកាល​ផង​ដែរ ។

អ្នកជំនាញ​កូរ៉េ​រូប​នេះ ក៏​មិន​ភ្លេច​អរគុណ​ដល់​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា រួម និង​អ្នកជំនាញ​ខ្មែរ និង​កម្មករ​ជួសជុល​ទាំងអស់ ដែល​ចូលរួម​ជួយ​ឱ្យ​គម្រោង​នេះ សម្រេច​លទ្ធផល​គួរ​ជាទី​មោ​ទ​ន និង​ធ្វើ​ឱ្យ​ប្រាសាទ​ជម ឈរ​រឹង​មាំ និង​ស្រស់​ស្អាត​ឡើង​វិញ ។

ចំណែក​លោក ថៃ យ៉ា​ម៉​ង់ ស្ថាបត្យករ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា ក្នុង​គម្រោង​ការងារ​នេះ អ្នកជំនាញ​ខ្មែរ​បាន​ចូលរួម​បំពេញការងារ​មួយ​ចំនួន ដូច​ជា​ធ្វើ​សម្រង់​ប្លង់​មុន និង​ក្រោយ​ជួសជុល ស្វែងរក​ថ្ម​ដែល​បាត់ ឬ​ជ្រុះ​រាយ​ប៉ាយ​មក​ផ្គុំ​ឡើង​វិញ​។​ល​។ បើ​តាម​លោក យ៉ា​ម៉​ង់ អ្នកជំនាញ​ខ្មែរ​បាន​ផ្គុំ​ថ្ម​ជាង​២០០​ដុំ​រួច​ហើយ និង​ព្យាយាម​រក​ថ្ម និង​ផ្គុំ​នៅ​កន្លែង​ដែល​បាត់​នោះ​ឡើង​វិញ​។

ក្នុង​នាម​ពលរដ្ឋ​ខ្មែរ និង​អ្នក​ជួសជុល​មួយ​រូប លោក យ៉ា​ម៉​ង់ ពិតជា​មាន​មោទនភាព​ណាស់ ដែល​បាន​រួមចំណែក​ជួយ​ឱ្យ​ប្រាសាទ​ជម ដែល​ជា​ប្រាសាទ​មាន​សំណង់​ស្ថាបត្យកម្ម​ដ៏​លេចធ្លោ​មួយ បាន​ឈរ​រឹង​មាំ​ឡើង​វិញ​។ លោក​ក៏​រំពឹង​ថា ពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ នឹង​ចូល​ទស្សនា ស្វែង​យល់​ពី​ប្រាសាទ​ជម បន្ទាប់​ពី​ដាក់​សម្ពោធ​ជា​ផ្លូវការ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ