មហាគ្រួសារកោះសន្តិភាពរៀបចំពិធីបុណ្យកាន់បិណ្ឌទី៦នៅវត្តមុនីប្រសិទ្ធីវង្ស ដើម្បីឧទ្ទិសកុសលជូនដល់អ្នកមានគុណ និងវិរៈកងទ័ព
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មហាគ្រួសារកោះសន្តិភាព ដឹកនាំដោយលោកឧកញ៉ា ថុង អ៊ុយប៉ាង ស្ថាបនិក កោះសន្តិភាព និងលោកជំទាវឧកញ៉ា យិន ផាន្នី ព្រមទាំងលោកជំទាវ ថុង សុវណ្ណរង្សី អភិបាលសារព័ត៌មានកោះសន្តិភាព បានរៀបចំពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តមុនីប្រសិទ្ធីវង្ស ដែលស្ថិតនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសកុសលជូនដល់មាតាបិតាជីដូនជីតា និងមាតិកាទាំង៧សន្ដាន ដែលបានចែកឋានទៅកាន់លោកខាងមុខ និងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលី ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ។

ពិធីវេនបិណ្ឌទី៦នេះ បានធ្វើឡើងនៅថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២៥ វេលាម៉ោង២ និង៣០រសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើបទនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ ចំរើនព្រះបរិត្ត និងសំដែងធម៌ទេស
នា ។

លុះព្រឹកឡើងថ្ងៃសៅរ៍ ៦រោច ត្រូវនឹងថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០២៥ រៀបចំរាប់បាត វេរភត្តវេនបិណ្ឌ ព្រមទាំង ទេយ្យវត្ថុ ប្រគេនចំពោះព្រះសង្ឃ និងជារឆ្លងជាកិច្ច សម្រេចបុណ្យ ។ នៅក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវឧកញ៉ា យិន ផាន្នី និងលោកជំទាវថុង សុវណ្ណរង្សី អភិបាលសារព័ត៌មានកោះសន្តិភាព និងថ្នាក់ដឹកនាំ សហការីសារព័ត៌មានកោះសន្តិភាពយ៉ាងច្រើនកុះករ ។ វេនកាន់បិណ្ឌនេះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវអស់លោកលោកស្រី និងពុទ្ធបរិស័ទជិតឆ្ងាយផងដែរ ។

លោកជំទាវឧកញ៉ា យិន ផាន្នី និងលោកជំទាវថុង សុវណ្ណរង្សី ក៏បាននាំទេយ្យទាន និងបច្ច័យចំនួន៤៨១០ដុល្លារ ទៅប្រគេនដល់សម្ដេចព្រះវនរ័ត កិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីប្រសិទ្ធិវង្សសម្រាប់
កសាងសមិទ្ធផលនានាកប់ទុកក្នុងព្រះពុទ្ធសាសនានិងបង្សុកូល ដើម្បីឧទ្ទិសកុសលជូនមាតាបិតា និងញាតិការ ទាំងប្រាំពីរសន្តាន និងវីរៈកងទ័ពដែលបានពលីដើម្បីបុព្វហេតុការពារជាតិនិងមាតុភូមិ។

គួរបញ្ជាក់ថា នៅក្នុងឱកាសបុណ្យកាន់បិណ្ឌដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរ មហាគ្រួសារកោះសន្តិភាព ដឹកដោយលោកឧកញ៉ា ថុង អ៊ុយប៉ាង ស្ថាបនិកកោះសន្តិភាព និងលោកជំទាវឧកញ៉ា
យិន ផាន្នី ព្រមទាំងលោកជំទាវថុង សុវណ្ណរង្សី អភិបាលសារព័ត៌មានកោះសន្តិភាពតែងតែផ្តួច ផ្ដើមមូលមតិគ្នាជាឯកច្ឆ័ន្ធរៀបចំពិធីបុណ្យ វេនកាន់បិណ្ឌជារៀងរាល់ឆ្នាំ ស្របតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ៕








ចែករំលែកព័តមាននេះ