ខេត្តកំពង់ស្ពឺ ៖ ក្រុមជនសង្ស័យចំនួន៥នាក់ ក្នុងចំណោមបក្សពួក៦នាក់ត្រូវបាននគរបាលស្រុកបសេដ្ឋធ្វើការស្រាវជ្រាវក្រសោបបាន ខណៈដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពវាយលោកតាវ័យ៧១ឆ្នាំយកទូរស័ព្ទដៃមួយគ្រឿង នៅក្នុងផ្ទះម្នាក់ឯងបានសម្រេចហើយរត់គេចខ្លួនបានរយះពេល៤ថ្ងៃ។

ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់ វាយយកទូរស័ព្ទដៃពីលោកតាវ័យ៧១ឆ្នាំ បានកាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា ក្រុមជនសង្ស័យចំនួន៥នាក់ដែលឃាត់នគរបាលខ្លួនបានទី១-ឈ្មោះ យ៉ុង ថាវី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះម៉ៅ ថេត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទី៣-ឈ្មោះ ហៀង ឆៃ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ ទី៤-ឈ្មោះ គួន សីហា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី៥- ឈ្មោះ នួន ណារិន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង៥នាក់ខាងលើ មិនទាន់ស្គាល់អាសយដ្ឋាននៅឡើយនោះទេ។
ចំណែកជនសង្ស័យដែលជាបក្សពួកម្នាក់ទៀតកំពុងរត់គេចខ្លួននោះ មានឈ្មោះ ស.ដ.វ. ។ ទូរស័ព្ទដៃដែលក្រុមជនសង្ស័យវាយកំហែងយកទៅបាត់មួយគ្រឿងនោះម៉ាក( VIVO Y33S ) ជនរងគ្រោះឈ្មោះ ហ៊ុន សារុន ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅចំណុចតូបលក់អីវ៉ាន់ស្ថិតក្នុងភូមិរការធំ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា ការស្រាវជ្រាវបង្រ្កាបករណីកំហែងយកនិងលួចទូរស័ព្ទដៃឃាត់ខ្លួនបក្ខពួក៥នាក់ខាងលើ ដោយមានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការចង្អុលណែនាំពីជំនាញព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានដឹកនាំកំលាំងផ្នែកព្រហ្មទណ្ឌ ចុះពិនិត្យនិងស្រាវជ្រាវលេីករណីជនសង្ស័យមួយក្រុមជិះម៉ូតូ០២គ្រឿង ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅដែលបានកំហែងយកដោយហិង្សាលេីជនរងគ្រោះព្រោះតែទូរស័ព្ទដៃមួយគ្រឿង ម៉ាក VIVO Y33S ពណ៌ខ្មៅ ពីជនរងគ្រោះឈ្មោះ ហ៊ុន សារុន ភេទប្រុស អាយុ៧១ឆ្នាំ នៅចំណុចតូបលក់អីវ៉ាន់ស្ថិតក្នុងភូមិរការធំ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបក្ខពួកជនសង្ស័យបានធ្វេីការប្រតាយប្រតប់វាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស ត្រង់ចំភ្នែកខាងឆ្វេងស្មារខាងឆ្វេង និងជើងខាងឆ្វេងដាច់រលាត់រងរបួសធ្វើឲ្យឈឺចុកចាប់ពេញខ្លួនប្រាណ កាលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ដោយជនរងគ្រោះនៅម្នាក់ឯង ក្រោយធ្វេីសកម្មភាពបានសម្រេចក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។
នគរបាលស្រុកបសេដ្ឋបានបន្ថែមទៀតថា ដោយមានព័ត៌មាន និងតម្រុយជាក់លាក់អំពីទម្រង់នៃសកម្មភាពខាងលេី កំលាំងជំនាញបានឈានទៅធ្វេីការកំណត់មុខសញ្ញាបក្សពួកនិងឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៥នាក់ ហើយកំពុងរត់គេចខ្លួនម្នាក់ នគរបាលកំពុងតែធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

នគរបាលស្រុកបសេដ្ឋបានបន្ថែមទៀតថា ក្រោយប្រតិបត្ដិការស្រាវជ្រាវបង្រ្កាបមុខសញ្ញាសង្ស័យទាំង៥នាក់ខាងលើ សមត្ថកិច្ចនគរបាលជំនាញបានរកឃេីញថា ចំណោមមុខសញ្ញាទាំង៦នាក់នេះគឺធ្លាប់បានប្រព្រឹត្ដករណីលួចទូរស័ព្ទដៃ ម៉ាក oppo ពណ៌ផ្ទៃមេឃ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅ នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ សៀង រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ស្ថិតនៅក្នុងភូមិចំបក់ ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
ក្រោយធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើសមត្ថកិច្ចនគរបាលដកហូតបានវត្ថុតាងរួមមានម៉ូតូចំនួន០១គ្រឿង និងទូរស័ព្ទដៃ០២គ្រឿង ជារបស់ជនរងគ្រោះទាំងពីរគ្រឿង។ បើផ្អែកតាមភស្ដុតាងនិងចម្លេីយរបស់ក្រុមជនសង្ស័យ សមត្ថកិច្ចនគរបាលបានបញ្ជូនខ្លួនមុខសញ្ញាទាំង៥នាក់ទៅកាន់អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្ដកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ